ក្រុង​ជេ​ដ​ដា​ហ៍​: ម្ចាស់​ជើងឯក​ពិភពលោក Max Verstappen បាន​សារភាពថា រូបគេ​មាន​អារម្មណ៍​ធូរទ្រូង​បន្តិច ដែល​ទទួលបាន​ជ័យជម្នះ​ជា​លើក​ទី១ ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី​វ៉ា​ឈ្នះ​គូប្រជែង​ចាស់ Charles Leclerc ក្នុង​កម្មវិធី Saudi Arabian Grnad Prix នៅអារ៉ាប៊ី សាអ៊ូឌីត នា​ថ្ងៃអាទិត្យ​។​

«​វា​ជាការ​លំបាក​មួយ តែ​ជាការ​ប្រណាំង​ដ៏​ល្អ ហើយ​វា​បាន​បង្ហាញថា ការ​ប្រជែង​ដណ្តើម​ជើងឯក ក្នុង​រដូវ​កាល​នេះ នឹង​មានការ​ប្រដេញ​គ្នា​យ៉ាង​កៀក​​កិត​បំផុត​រវាង​យើង​ទាំង ២​ នាក់​។ វា​ជាការ​ប្រណាំង​ដ៏​លំបាក​មួយ​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ​សញ្ជាតិ​ហូ​ឡង់ Verstappen វ័យ​ ២៤​ ឆ្នាំ​របស់​ក្រុម Red Bull បន្ទាប់ពី​បើក​ឈ្នះ​ត្រឹមតែ​កន្លះ​វិនាទី លើ​អ្នក​​ប្រណាំង​របស់​ក្រុម Ferrari​។​

​កីឡាករ Verstappen បន្តថា​៖ «​យើង​បាន​ប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា នៅ​ជួរមុខ ហើយ​យើង​គ្រាន់តែ​ប្រជែង​គ្នា​យ៉ាងយូរ​។ ពួកគេ​ពិតជា​លឿន នៅ​ផ្លូវ​​បត់ តែ​យើង​លឿន នៅលើ​ផ្លូវ​​ត្រង់​។ សម្បក​កង់​បាន​សឹក​លឿន​បន្តិច ដូច្នេះ​អ្នក​អាច​ឃើញ​ហើយ នៅ​ចុងបញ្ចប់ ខ្ញុំ​គិតថា យើង​ត្រឹម​តែមាន​គម្លាត​នាំមុខ​បន្ថែម ហើយ​គ្រាន់តែ​ព្យាយាម​គ្រប់គ្រង​ស្ថានភាព​»​។​

Verstappen បន្ថែមថា រូប​​គេ​ត្រូវតែ​រៀន​អត់ធ្មត់ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​បំផុតនៃ​ប្រ​ត្តិ​ប​ត្តិ​ការ​យុគសម័យ​ថ្មី​របស់​រថ​យន្ដ​គេ​។​

​សម្រាប់​កម្មវិធី Saudi Arabian Grand Prix ដែលមាន​ទាំងអស់ ៥០​ ជុំ​នេះ ឃើញថា Verstappen ទៅ​ដល់ទី​ព្រ័ត្រក្នុង​ថិរវេលា ១:២៤:១៩,២៩៣​ ម៉ោង ដោយ​នាំមុខ​អ្នក​ទី​២ Leclerc ចំនួន ០,៥៤៩ វិនាទី និង​អ្នក​មកដល់​ទី​៣ Carlos Sainz ដែលជា​អ្នកបើកបរ​របស់​ក្រុម Ferrari ម្នាក់​ផ្សេងទៀត ចំនួន ៨,០៩៧​ វិនាទី​។​

​ចំណែកឯ​ម្ចាស់​ជើងឯក ៧​ សម័យកាល Lewis Hamilton បញ្ចប់​នៅ​លេខ​ ១០ ដោយ​តាម​ពីក្រោយ ១:១៣,៩៤៨ នាទី តែ​ស្ដារ​មោទនភាព​វិញ​បាន​ខ្លះ បន្ទាប់ពី​មានការ​ចាប់​​ផ្តើមចេញ​ដំណើរ នៅ​លេខ​រៀង​ទី​១៥ នា​ចុង​សប្តាហ៍​ដ៏​លំបាក ជាមួយនឹង​ក្រុម Mercedes​។​

​ក្រោយ​បញ្ចប់​បាន ២​ ដំណាក់​​កាល នៃ​ការប្រណាំង​រថយន្ត Formula 1 ឆ្នាំ ​២០២២ អ្នក​បើកបរ​ឈរ​ទី​១ និង​ទី​២ ក្នុង​តារាង​ពិន្ទុសរុប គឺ​កីឡាករ​របស់​ក្រុម Ferrari ដោយ​កីឡាករ Leclerc ដែល​នៅលើ​គេមាន ៤៥ ​ពិន្ទុ ហើយ​កីឡា​ករលេខ ​២ Sainz មាន ៣៣​ ពិន្ទុ ខណៈ​កីឡាករ Verstappen ដែលមាន ២៥​ ពិន្ទុ ស្ថិតនៅ​ចំណាត់​​ថ្នាក់​លេខ​ ៣៕ AFP/VN