​ក្រុង​ឡុង​ដ៍​: ការប្រកួត​ឡើងជា​ថ្មី​ម្ដងទៀត​របស់​ម្ចាស់​ខ្សែ​​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Oleksandr Usyk ជាមួយ​អ្នក​​ប្រដាល់​សញ្ជាតិ​អង់គ្លេស Anthony Joshua ទំនងជា​នឹងធ្វើ​ឡើងនៅ​ចុងខែ​មិថុនា ដោយ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ស្ថិត​ក្នុងចំណោម​ទីកន្លែង ដែល​ត្រូវបាន​យកមក​ពិចារណា​។ នេះ​បើតាម​អ្នក​ផ្គូផ្គង​របស់​កីឡាករ​សញ្ជាតិ​អ៊ុយ​ក្រែ​ន ដែល​និយាយប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Sky Sports​។​

​អ្នក​ប្រដាល់ Usyk បាន​ផ្តួល Joshua នៅ​ចំពោះមុខ​អ្នក​​ទស្សនា​យ៉ាងច្រើន​កុះករ នៅឯ​កីឡដ្ឋាន Tottenham Hotspur ដែល​លក់​សំបុត្រ​អស់​គ្មាន​សល់ កាលពី​ខែកញ្ញា ដើម្បី​កា្ល​យ​ជា​ម្ចាស់​ខ្សែក្រវាត់​របស់​ស្ថាប័ន WBA, WBO, IBF និង IBO​។​

​បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន កីឡាករ Usyk បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់ខ្លួន​វិញ នៅ​អ៊ុយ​​ក្រែ​ន ដើម្បី​ចូលរួម​ជួយ​ជាមួយ​អ្នក​ផ្សេងទៀត​ការពារ​ទឹកដី ដោយ​បង្កើត​នូវ​ការសង្ស័យ ដល់​ការប្រកួត​ឡើងវិញ​ម្ដងទៀត​ជាមួយ​កីឡាករ Joshua។​

​តែ​ទូរទស្សន៍ ESPN រាយ​​ការណ៍នៅ​សប្តាហ៍​មុន​ថា ការ​​ប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​ ២ នឹងធ្វើ​ឡើង នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​កីឡា​អ៊ុយ​ក្រែ​នបានអនុញ្ញាត​ឱ្យ​កីឡាករ Usyk ចាក​ចេញពី​ប្រទេស​។​

«​អា​រ៉ា​ប៊ី ​សា​អូ​៊​ឌី​ត កំពុង​ស្ថិតក្រោម​ការពិភាក្សា​។​ ចុងខែ​មិថុនា ក៏​ជា​ពេលវេលា ដែល​កំពុង​ធ្វើ​​ការពិចារណា​ផងដែរ ឥឡូវនេះ​។ រឿងរ៉ាវ​ជាច្រើន នឹងត្រូវ​អាស្រ័យ​លើ​ថា តើ​ល្បឿន ដែល​យើង​រៀបចំ​ដោះស្រាយ​ឱ្យមាន​ការ​​ចុះហត្ថលេខា​លើ​ក្រដាស​នោះ​លឿន​កម្រិតណា​?»​។ នេះ​ជាស​ម្ដី​ពី​អ្នក​ផ្គូ​ផ្គូ​ង លោក Alexander Krassyuk​។​

​អ្នកឈ្នះ អាច​ត្រូវ​យកទៅ​ត្រៀមសម្រាប់​ការប្រកួត ដើម្បី​គ្រង​ខ្សែក្រវាត់​រួមទល់នឹង Tyson Fury របស់​អង់គ្លេស ដែលជា​ម្ចាស់​ខ្សែក្រវាត់​របស់​ស្ថាប័ន WBC៕ AFP/VN