ក្រុង​មី​ឡាន​: លោក Roberto Mancini បាន​ព្រលយ​ពាក្យ​យ៉ាងច្បាស់ៗ កាលពី​ថ្ងៃ​ចន្ទ​ថា គាត់​នឹង​បន្ត​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី បើទោះបី​​ជា​ក្រុម​រហស្សនាម «Azzurri» (​ពណ៌​ខៀវ​) ខកខាន​ទៅ​ចូល​​រួម ក្នុង​ព្រឹត្តិការណ៍ World Cup ២ ​លើក​បន្តបន្ទាប់​គ្នា​ក៏ដោយ​។​

​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប ត្រូវបាន​ក្រុម​ម៉ា​សេ​ដ្វា​នខា​ង​ជើង (​ម៉ា​សេ​ដ្វា​ន​) ធ្វើឱ្យ​ស្រឡាំងកាំង ក្នុងការ​ប្រកួត​ជម្រុះ​វគ្គ​ពាក់កណ្តាល​ផ្តាច់​​ព្រ័ត្រ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​ព្រឹត្តិការណ៍ នៅ​ឆ្នាំនេះ ក្នុងប្រទេស​កាតា ដោយ​បង្កឱ្យមាន​ការលើកឡើង​ថា គាត់​អាច​លាលែង​ពី​តំណែង បន្ទាប់ពី​មាននូវ​លទ្ធផល ដែល​ប្រហែល​អាចជា​បរាជ័យ​ដ៏​អាក្រក់​បំផុត​របស់​អ៊ី​តា​លី​មិន​ធ្លាប់មាន​។​

​តែ​ទោះបីជា​គាត់ នឹងមិន​បានបញ្ជាក់​ដោយ​បើកចំហ​ថា គាត់​នឹង​បន្ត​កាន់តំណែង​ក៏ដោយ ក៏​កាលពី​ថ្ងៃ​ចន្ទ លោក Mancini បាន​និយាយ​ពាក់ព័ន្ធ​នឹង​ក្រុម និង​អនាគត ដោយ​ប្រើពាក្យ​ពហុវចនៈ​បុរស​ទី​១ «Noi» ឬ «We» (​យើង​)​។​

«​ខ្ញុំ​បាន​និយាយ​ជាមួយនឹង​ប្រធាន (​សហព័ន្ធ​កីឡា​បាល់​​ទាត់​អ៊ី​តា​លី​) (​លោក Gabriele Gravina) នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ខ្ញុំ​គិតថា យើង​ស្ថិតនៅលើ​ទំព័រ​ដូចគ្នា សឹងតែ​លើ​អ្វីៗ​គ្រប់យ៉ាង​»​។ នេះ​ជា​ប្រសាសន៍​របស់លោក Mancini ដែល​និយាយ​ទៅកាន់​អ្នក​​សារព័ត៌មាន កាលពី​ថ្ងៃ​ចន្ទ​។​

​អ្នកចាត់ការ​រូបនេះ បាន​បន្ថែមថា​៖ «​យើង​នឹង​និយាយ​ពី​បញ្ហា​នេះ​ម្តងទៀត នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​​មុខ​។ យើង​នឹង​ជួបគ្នា​ម្តងទៀត បន្ទាប់ពី​ការប្រកួត​មិត្តភាព​។ បន្ទាប់មក យើង​នឹង​ចំណាយពេល​របស់​យើង ដើម្បី​និយាយ​អំពី​អ្វី ដែល​អាច​កែលម្អ​ឱ្យ​ប្រសើរ​ជាង​នេះ សម្រាប់​ពេល​​អនាគត​។ នោះ​ហើយ​ជា​អ្វី ដែល​ត្រូវ​និយាយ​»​។​

​ឈ្មោះ​ជាច្រើន ក្នុងនោះ​រួម​​ទាំង​អតីត​ប្រធាន​ក្រុម Fabio Cannavaro ដែល​ឈ្នះ​ជយ​​លា​ភី​ពានរង្វាន់ World Cup 2006 និង​គ្រូបង្វឹក​របស់​ក្រុម​អធិរាជ​ស Real Madrid លោក Carlo Ancelotti ត្រូវបាន​គេ​លើកឡើង បន្ទាប់ពី​បរាជ័យ ១-០ របស់​ក្រុម​អ៊ី​តា​លី នៅ​ក្រុង​ប៉ា​លើ​ម៉ូ កាលពី​សប្តាហ៍​មុន​។​

​លោក Mancini ដែល​បាន​ចូលមក​កាន់តំណែង កាលពី​ខែឧសភា ឆ្នាំ​ ២០១៨ ក្រោយ​ពេលដែល​ក្រុម​អ៊ី​តា​លី មិនអាច​ឡើងទៅ​លេង​នៅ World Cup នា​ឆ្នាំ​នោះ មាន​កិច្ចសន្យា​រហូតដល់​ព្រឹត្តិការណ៍ ក្នុង​ឆ្នាំ ​២០២៦ ដែល​ពេលនោះ ត្រូវ​រៀបចំ​ដោយ​សហ​ម្ចាស់ផ្ទះ គឺ​កាណាដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក​។​

​បន្ទាប់ពី​បរាជ័យ កាលពី​ថ្ងៃ​ព្រហស្បតិ៍ កីឡាករ​ប្រធាន​ក្រុម Giorgio Chiellini និង​លោក Gravina បាន​និយាយ​ដូចគ្នា​ថា ពួកគេ​ចង់ឱ្យ​លោក Mancini បន្ត​តួនាទី​របស់ខ្លួន ហើយ​បុរស​វ័យ ៥៧​ ឆ្នាំ​រូបនេះ ក៏​ស្ទើរតែ​បានប្រកាស​ជា​សាធារណៈ​ទៅហើយ ក្នុង​ការបន្ត​តួនាទី​ជា​អ្នក​​ចាត់ការ​របស់​ក្រុម​។

​នៅពេល​ត្រូវបាន​សួរថា តើ​អ្វី​នឹង​ជំរុញ​ឱ្យ​គាត់​នៅ​ធ្វើ​តួនាទី​របស់គាត់ លោក Mancini បាន​ញញឹម និង​បានបង្ហាញ​យ៉ាងច្បាស់​លាស់​ពី​ភាព​អ​ន្ទះ​សា​របស់គាត់ ក្នុងការ​ដឹកនាំ​ក្រុម ដែល​គាត់​ជឿជាក់ថា នឹង​ក្លាយជា​គូប្រជែង​មួយនៅ​ប្រទេស​កាតា ប្រសិនបើ​ពួកគេ​ដណ្ដើមបាន​សិទ្ធិ​នោះ​។​

«​ខ្ញុំ​នៅ​ក្មេង​នៅឡើយ គោល​​បំណង​របស់ខ្ញុំ គឺ​ឈ្នះ​ជើងឯក​​អឺរ៉ុប និង World Cup ហើយ​សម្រាប់​ពាន World Cup យើង​នឹងត្រូវ​រង់ចាំ​បន្តិច​។ ខ្ញុំ​ពេញចិត្ត​ការងារ​របស់ខ្ញុំ ខ្ញុំ​គិតថា ខ្ញុំ​នៅ​អាចមាន​ភាព​រីករាយ និង​ធ្វើ​អ្វី​ពិសេសៗ​ជាមួយ​ពួក​​ក្មេងៗ (​កីឡាករ​)»​។ លោក Mancini បាន​បន្ថែម​។

​គាត់​ត្រូវបាន​គាំទ្រ ដោយ​ខ្សែការពារ Leonardo Bonucci ដែល​អវត្តមាន សម្រាប់​ការប្រកួត​ជាមួយ​មា​៉​សេ​ដ្វា​ន តែ​បាន​ក្លាយជា​កីឡាករ​ស្នូល​របស់​ក្រុម ដែល​បាន​ឡើងដល់​វគ្គ​​ផ្តាច់ព្រ័ត្រ នៅ​ព្រឹត្តិការណ៍ Euro 2020 និង​បំបែក​កំណត់ត្រា​ឈ្នះ​ជា​បន្តបន្ទាប់ និង​មិន​ចាញ់​សោះ​៕ AFP/VN