​ក្រុង​ម៉ៃ​អា​មី​: កីឡាការិនី​វាយ​កូន​បាល់ (​តិ​ន្នី​ស​) អាជីព Naomi Osaka នឹងត្រូវ​ឡើងទៅ​ប៉ះ​កីឡាការិនី​អាមេរិក Danielle Collins ដើម្បី​ដណ្ដើម​កៅអី​ ១ ក្នុង​វគ្គ​ពាក់កណ្តាល​​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី Miami Open ក្រោយ​តារា​ឆ្នើម​សញ្ជាតិ​ជប៉ុន​រូបនេះ បាន​យកឈ្នះ​កីឡាការិនី Alison Riske ក្នុង​លទ្ធផល ៦-៣ និង ៦-៤ កាល​​ពីថ្ងៃ​ចន្ទ​។​

​កីឡាការិនី Osaka បាន​ឆ្លើយតប​ដោយ​ភាពរឹងមាំ​ខ្លាំង​ក្លានៅ​រដ្ឋ​ហ្វ្ល​រី​ដា​នេះ ដោយ​ការ​បាន​ឡើងទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ចាកចេញ​ពី​កម្មវិធី Indian Wells ដោយ​ទឹកភ្នែកនៅ​ដើមខែ​នេះ ដោយសារ​ត្រូវ​អ្នកគាំទ្រ​ប្រើពាក្យ​ប្រមាថ​។​

​ម្ចាស់​ជើងឯក​ពាន​លំដាប់ Grand Slam ៤ ​សម័យកាល Osaka ដែល​បាន​ជ័យជម្នះ​ស្រួលៗ (​គូប្រកួត​ដកខ្លួន​) នៅ​ជុំ​មុន មិនទាន់​ភា្ល​ត់​ចាញ់​សូម្បី ១ ​សិត​នៅឡើយ​ទេ ហើយ​នៅតែ​ជា​ម្នាក់ ក្នុងចំណោម​អ្នក ដែលមាន​សិទ្ធិ​ខ្ពស់ ក្នុងការ​ឈ្នះ​ពាននៃ​កម្មវិធី​នេះ​។​

«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​។ កាលពី​ឆ្នាំមុន ខ្ញុំ​ឡើងដល់​វគ្គ ៨ ​នាក់ នៅ​ម៉ៃ​អា​មីនេះ បន្ទាប់ពី​ឈ្នះនៅ​អូស្ត្រាលី ហើយ​ខ្ញុំ​ឈ្នះ​ការប្រកួតនៅទីនេះ​ទៀត ឆ្នាំនេះ តែ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​កាន់​​តែ​ខ្លាំង​ឡើង ដោយសារ​នេះ គឺជា​ពេល ​១ ​ក្នុងចំណោម​ពេលវេលា​ដ៏​រីករាយ​បំផុត​នៃ​ជីវិត​របស់ខ្ញុំ​»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Osaka ក្រោយ​ចប់​ការប្រកួត​។​

«​មានរឿង​ជាច្រើន​រត់​កាត់​គំនិត​របស់ខ្ញុំ កាលពី​ឆ្នាំមុន​។ ប្រហែលវា​ជា​រឿងដែល​កំពុង​ប្រឹងប្រែង​វិលត្រឡប់​ទៅ​លេខ ១ វិញ ឬ​រឿង​ផ្សេងៗ​ទៀត ដែល​មិន​សំខាន់ តែ​នៅពេលនោះ វា​គឺ​ធ្ងន់ធ្ងរ​ណាស់​ក្នុង​ក្បាល​ខ្ញុំ​។ ខ្ញុំ​គ្រាន់តែ​សប្បាយចិត្ត ដែលមាន​សុខភាព​ល្អ​ឡើងវិញ​»​។ នេះ​ជាការ​បន្ថែម​របស់​កីឡាការិនី​វ័យ ២៤​ ឆ្នាំ ដែល​ថ្មីៗ​នេះ បាន​បង្ហាញថា នាង​ទទួលបាន​ផល​ល្អ​ច្រើន​ពី​ការព្យាបាល​ចំពោះ​បញ្ហា​សុខភាព​ផ្លូវចិត្ត​។​

​កីឡាការិនី Collins ដែល​ឡើងដល់​វគ្គ ៤​ នាក់​ចុងក្រោយ នៅ Miami Open នេះ ក្នុង​ឆ្នាំ​ ២០១៨ បាន​ទម្លាក់​កីឡាការិនី​ទុយ​នី​ស៊ី Ons Jabeur ដោយ​លទ្ធផល ៦-២ និង ៦-៤​។​

​កីឡាការិនី Iga Swiatek ដែល​ទើបបាន​ចំណាត់ថ្នាក់​លេខ​ ១ ពិភពលោក​ថ្មីថ្មោង ក៏បាន​ធ្វើដំណើរ​ទៅ​វគ្គ​បន្ទាប់​យ៉ាង​ស្រួលៗ​ដែរ កាលពី​ថ្ងៃ​ចន្ទ ដោយ​ការយក​ឈ្នះ​កីឡាការិនី Coco Gauff របស់​អាមេរិក ក្នុង​លទ្ធផល ២ ​សិត ​០ គឺ ៦-៣ និង ៦-១ ដោយ​ប្រើពេល ១​ ម៉ោង និង ១៦ ​នាទី​។​

​កីឡាការិនី​ចំណាត់ថ្នាក់​លេខ ២ ក្នុង​កម្មវិធី​នេះ Swiatek ដែល​បាន​កាន់កាប់​ចំណាត់ថ្នាក់​កំពូល​របស់​ពិភពលោក កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​មានការ​ចូល​​និវត្តន៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​កីឡាការិនី​សញ្ជាតិ​អូស្ត្រាលី Ashleigh Barty ឥឡូវនេះ កំពុងស្ថិត​នៅលើ​ដំណើរ​ផ្លូវ​មិន​ស្គាល់​ពាក្យ​ចាញ់​សោះ​រហូតដល់ ១៤​ ហ្គេម​។​

​កីឡាការិនី​សញ្ជាតិ​ប៉ូឡូញ​វ័យ ២០ ​ឆ្នាំ បាន​លើក​ពាន ក្នុង​ព្រឹត្តិការណ៍ WTA 1000 នៅ​ក្រុង​ដូ​ហា ប្រទេស​កាតា ហើយ​បន្ទាប់មក​ឈ្នះ​កម្មវិធី Indian Wells នៅ​សហរដ្ឋអាមេរិក​នេះ កាលពី​ដើមខែ​៕ AFP/VN