ក្រុងវីយែន: លោក Franco Foda នឹងលាលែងពីតំណែងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអូទ្រីស បន្ទាប់ពីមិនអាចជួយដឹកនាំក្រុមឱ្យដណ្ដើមបានសិទ្ធិទៅចូលរួមព្រឹត្តិការណ៍ World Cup។ នេះបើតាមការឱ្យដឹងពីសាមីខ្លួនផ្ទាល់តែម្ដង កាលពីថ្ងៃចន្ទ។
ក្រុមអូទ្រីស មិនអាចទៅបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងបាល់ទាត់ដ៏ធំរបស់ពិភពលោកនៅចុងឆ្នាំនេះ ក្នុងប្រទេសកាតា បានឡើយ បន្ទាប់ពីរងបរាជ័យ ក្រោមថ្វីជើងរបស់ក្រុមវេលស៍ ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅសប្តាហ៍មុន។
លោក Foda វ័យ ៥៥ ឆ្នាំ ដែលបានចូលមកដឹកនាំក្រុមអូទ្រីស ក្នុងឆ្នាំ ២០១៨ និងបានដឹកនាំក្រុមឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយ នៃកម្មវិធីប្រកួតប្រជែងជើងឯកទ្វីបអឺរ៉ុប កាលពីឆ្នាំមុន បានឈរនៅក្រៅទីលានបញ្ជាកូនក្រុម ក្នុងការប្រកួតចុងក្រោយរបស់គាត់ ក្នុងនាមជាគ្រូបង្វឹក ក្នុងជំនួបមិត្តភាពជាមួយក្រុមស្កុតឡេន។
«ខ្ញុំកើតមាននូវគំនិតជាច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយខ្ញុំត្រូវទទួលខុសត្រូវទាំងស្រុងដែលថា យើងមិនដណ្ដើមបានសិទ្ធិទៅ World Cup។ ដូច្នេះការងាររបស់ខ្ញុំក្នុងនាមជាអ្នកចាត់ការក្រុមត្រូវបញ្ចប់ បន្ទាប់ហ្គេមទល់នឹងក្រុមស្កុតឡេននេះ»។ នេះជាការឱ្យដឹងរបស់លោក Foda។
លោក Foda បានបន្ថែមថា៖ «អ្នកស្នងតំណែងរបស់ខ្ញុំ អាចរំពឹងទុកនូវការមានក្រុម ជាមួយនឹងលក្ខណៈល្អឥតខ្ចោះ ដែលមានសក្តានុពលច្រើនសម្រាប់ការអភិវឌ្ឍ»។
ក្រុមអូទ្រីស បានសិទ្ធិលើកចុងក្រោយទៅ World Cup ក្នុងឆ្នាំ ១៩៩៨ ដែលពេលនោះ ពួកគេបានធ្លាក់ត្រឹមវគ្គចែកពូល បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ពីក្រោយក្រុមអ៊ីតាលី និងស៊ីលី៕ AFP/VN