ក្រុង​ឌី​យ៉ា​ម៍នី​យ៉ា​ឌី​យ៉ូ​: តារា​​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Sadio Mane ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់ក្ដី​បានសម្រេច​ជាថ្មី​ម្ដងទៀត កាលពី​ថ្ងៃ​អង្គារ ដើម្បី​នាំ​ក្រុម​ជើងឯក​របស់​អាហ្វ្រិ​ក សេ​ណេ​ហ្គា​ល់ ធ្វើដំណើរ​ទៅកាន់​ព្រឹត្តិការណ៍ World Cup 2022 នៅ​កាតា ដោយ​ការទម្លាក់​ក្រុម​អេ​ហ្ស៊ី​ប​។​

​ជាមួយគ្នានេះ ក្រុម​កា​មេ​រូ​ន ហ្គា​ណា ម៉ា​រុក និង​ទុយ​នី​ស៊ី ក៏បាន​កក់​កៅអី​ដូចគ្នា​ដែរ សម្រាប់​ជុំ​ចុងក្រោយ បន្ទាប់ពី​បញ្ចប់​នូវ​រាត្រី​ដ៏​តានតឹងនៃ​សកម្មភាព​ប្រកួតក្នុង​វគ្គ​ចាញ់​ធ្លាក់ (Play-off) ចុងក្រោយ​ប្រចាំ​ទ្វីប​នេះ​។​

​ក្រុម​សេ​ណេ​ហ្គា​ល់ អាចយ​កមាន​ជ័យជម្នះ ១-០ សម្រាប់​ការប្រកួត Play-off ជើង​ទី​២ ក្នុង​ក្រុង​ឌី​យ៉ា​ម៍នី​យ៉ា​ឌី​យ៉ូ (Diamniadio) នេះ ដោយសារ​គ្រាប់​បាល់ នៅ​នាទី​ទី​៤ ដែល​សម្រេច​ដោយ​ខ្សែប្រយុទ្ធ Boulaye Dia ហើយ​ក្រុម​ទាំង ​២ ត្រូវ​បញ្ចប់ក្នុង​លទ្ធផល​ស្មើគ្នា ១-១ បន្ទាប់ពី​ត​ម៉ោង​បន្ថែម​ពិសេស ១៥​ នាទី ២ ​ដង​។​

​មិន​ខុសពី​ការប្រកួត ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations កាលពី​ខែ​មុន​ដែរ កីឡាករ Mane ត្រូវ​បានផ្ដល់​ទំនុកចិត្ត​ឱ្យ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​គ្រាប់​ទី​៥ សម្រាប់​ក្រុម​សេ​ណេ​ហ្គា​ល់ ហើយ​ជាថ្មី​ម្តងទៀត រូបគេ​មិនបាន​ធ្វើឱ្យមាន​កំហុស​ឡើយ ដោយ​ការ​ទាត់​សម្រេច​ចុងក្រោយ ដើម្បីឱ្យ​ក្រុម​ឈ្នះ ៣-១​។​

​ក្នុងចំណោម​កីឡាករ​របស់​ក្រុម​អេ​ហ្ស៊ី​ប​ទាំង ៣ ​នាក់ ដែល​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីនេះ​អត់​ចូល គឺមាន​មិត្ត​រួម​ក្រុម Liverpool របស់​កីឡាករ Sane ម្នាក់ គឺ​ខ្សែប្រយុទ្ធ​ឆ្នើម Mohamed Salah ដែល​ការ​ទាត់​របស់គេ គឺ​ហោះ​រំលង​របារ​ទី​។​

​ខណៈ​ក្រុម​សេ​ណេ​ហ្គា​ល់បានធ្វើ​ការអបអរ​នូវ​ការ​បាន​សិទ្ធិ​ទៅ​ចូលរួម​នៅ World Cup ជា​លើក​ទី​២ បន្តបន្ទាប់​គ្នា ក្រុម​អេ​ហ្ស៊ី​ប​ឯនេះ​វិញ ត្រូវ​ទឹក​​ភ្នែក​ជាមួយនឹង​បរាជ័យ ក្រោម​ថ្វី​ជើង​របស់​គូបដិបក្ខ​ដដែល ក្នុងឆ្នាំនេះ​។​

​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ឡើយ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ Africa Cup of Nations ដែល​ត្រូវ​ត​ម៉ោង​បន្ថែម​ពិសេស ក្នុង​ហ្គេម នៅ​ក្រុង​យុន​ដេ កាលពី​ខែ​​មុន ហើយ​ចុងក្រោយ​ត្រូវ​កាត់ក្ដី ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី ដែល​កីឡាករ Mane នេះហើយ ជា​អ្នក​ទាត់​គ្រាប់​ទី​៥ ដើម្បីឱ្យ​ក្រុម​មានជ័យ​ជម្នះ ៤-២​។​

«​វា​ជា​រឿង​សំខាន់ ក្នុងការ​​ចាប់ផ្ដើម​យ៉ាង​ល្អ ពោលគឺ​អ្វីដែល​យើង​សម្រេច​មិនបាន កាល​នៅ​ក្រុង​គែរ​។ ក្រុម​នេះ ត្រៀមខ្លួន​បាន​ប្រសើរ​ជាង​មុន (​ជាង​ក្រុមដែល​បាន​សិទ្ធិ កាល​​ពី​ឆ្នាំ ​២០១៨)​។ យើង​គួរតែ​អាច​បាន​សិទ្ធិ ក្នុង​ពេលវេលាប្រក្រតី​ធម្មតា ដោយ​មិន​គិតពី​ឱកាស ដែល​យើង​បាត់បង់​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូ​​បង្វឹក​ក្រុម​សេ​ណេ​ហ្គា​ល់ លោក Aliou Cisse​។​

Partey​​ (ស្ដាំ) របស់ហ្គាណា លោតទាត់បាល់ ក្នុងហ្គេមទល់នឹងនីហ្សេរីយ៉ា។ AFP

​រឿងរ៉ាវ​សោកសៅក្នុងការ​​ប្រកួតនៅ​ក្រុង​ឌី​យ៉ា​ម៍នី​យ៉ា​ឌី​យ៉ូ កើតមាន​ភ្លាម បន្ទាប់ពី​ខ្សែបម្រើ Thomas Partey របស់​ក្រុម​កាំភ្លើង​ធំ Arsenal ស៊ុត​បញ្ចូល​ទី ១​ គ្រាប់​ដ៏​សំខាន់បំផុត​ ព្រោះ​ជា​គ្រាប់​បាល់​កាត់ថ្លៃ​មិនបាន ដែល​ជួយ​ប​ញ្ចូ​ន​ក្រុម​ហ្គា​ណា​ទៅ World Cup ដោយសារ​គ្រាប់​បាល់​ក្រៅ​ដី ក្រោយ​បញ្ចប់​ហ្គេម​ទី​២ នេះ ស្មើ​ជាមួយ​នី​ហ្សេ​រី​យ៉ា ១-១​។​

​កីឡាករ Partey បំប៉ោង​សំណាញ់​ទី​បានសម្រេច ក្រោយ​ការប្រកួត នៅ​ក្រុង​អា​ប៊ូ​ចា (Abuja) ដំណើរការបាន ១០​ នាទី ហើយ​បើទោះបីជា William Troost-Ekong ដែលជា​តារា​ឆ្នើម​ប្រកប​អាជីពនៅ​ក្របខ័ណ្ឌ Premier League ១ រូប​ផ្សេងទៀត ទាត់​បាល់​ពិន័យ ១១ ​ម៉ែត្របានសម្រេច ដើម្បី​ឱ្យមាន​ពិន្ទុ​ស្មើគ្នា ១-១ ក៏ដោយ ក៏​ចុងក្រោយ ក្រុម​ម្ចាស់​​ផ្ទះ​នី​ហ្សេ​រី​យ៉ា នៅតែ​ធ្លាក់​ដដែល ដោយសារ​មិនអាច​រក​គ្រាប់​បន្ថែមទៀត​បាន​។ កាលពី​ជើង​ទី​១ ក្រុម​ទាំង​ ២ ស្មើគ្នា​ដោយ​គ្មាន​គ្រាប់​បាល់​៕ AFP/VN