ក្រុង​ដូ​ហា​: ប្រធាន​ក្លិប​បាល់ទាត់​កម្រិត​កំពូល​មួយ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បាន​អំពាវ​​នាវ​ឱ្យមាន​ការដក​សមាជិក​​ភាព​របស់​សហព័ន្ធ​បាល់ទាត់​រុស្ស៊ី​ពី​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) និង​សហព័ន្ធ​បាល់ទាត់​របស់​ទ្វីបអឺរ៉ុប (UEFA)​។​

​លោក Serhiy Palkin នាយក​ក្លិប​បាល់ទាត់ Shakhtar Donetsk ដែល​ឈ្នះ​ជើងឯក​ដល់​ទៅ​ ៤ ​ដង ក្នុងចំណោម ៥ រដូវ​កាល​ចុង​​ក្រោយ​របស់​លី​គ​កំពូល​អ៊ុយ​​ក្រែ​ន បាន​ប្រាប់​ទៅ​បណ្ដាញសារព័ត៌មាន​ថា រុស្ស៊ីគួរតែ​ត្រូវបាន​ដក​ចេញពី​ស្ថាប័ន​របស់​កីឡា​នេះ ក្នុង​របៀប​ដូចគ្នា​នឹង​សម័យកាល ដែលមាន​ការ​​បែងចែក​ពណ៌​សម្បុរ (​រើស​​អើ​ង​ពណ៌​សម្បុរ​) នៅ​អាហ្វ្រិ​ក​ខាងត្បូង​។​

​ក្លិប​អាជីព និង​ក្រុម​ជម្រើស​​ជាតិ​របស់​រុស្ស៊ី បច្ចុប្បន្នត្រូវបាន​ដក​ហាមឃាត់​មិនឱ្យ​ចូល​​រួម ក្នុង​ការប្រកួត​អន្តរជាតិ​នានា តែ​សហព័ន្ធ​បាល់ទាត់​រុស្ស៊ី (RFS) នៅ​ជា​សមាជិក​ពេញសិទ្ធិ​របស់ FIFA និង UEFA​។​

FIFA ត្រូវ​ប្រារព្ធ​កម្មវិធី​សមាជ​ប្រចាំឆ្នាំ​របស់ខ្លួននៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ សហព័ន្ធ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន មិន​ត្រូវបាន​រំពឹងថា នឹង​អាច​ចូលរួមក្នុង​កិច្ចប្រជុំ​ដ៏​ធំ​នេះ​នោះទេ តែ RFS ទំនងជា​អាច​នឹងមាន​វត្តមាន​។​

«​ខ្ញុំ​ចង់​ជំរុញ​ឱ្យ FIFA និង UEFA ចាត់វិធានការ​បន្ថែម​ទៀត ដោយ​ការ​លុប ឬក៏​ព្យួរ​នូវ​សមាជិកភាព​របស់​រុស្ស៊ី​។ ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ អាហ្វ្រិ​ក​ខាងត្បូងត្រូវបាន​ដកចេញ​ពី FIFA ដោយសារ​នយោបាយ នៃ​ការបែងចែក​ពណ៌​សម្បុរ ហើយ​រុស្ស៊ី គួរតែ​ត្រូវបាន​ដកចេញ​ដូចគ្នា ពីបទ​នយោបាយ​ប្រល័យ​ពួជ​សាសន៍​លើ​ប្រជា​​ជន​អ៊ុយ​ក្រែ​ន និង​សង្គ្រាម​បង្ហូរឈាម ដែល​ពួកគេបានធ្វើ​ឡើង​ដោយ​សេរី នៅលើ​ទឹកដី​របស់​យើង​»​។ នេះ​ជាការ​រៀបរាប់​របស់លោក Palkin ក្នុង​សារដែល​ផ្ញើ​ទៅកាន់​បណ្ដាញសារព័ត៌មាន​។​

​គិត​តាំងពី​ការផ្ទុះ​ជម្លោះ នៅ​តំបន់​ដុន​បាស​ (Donbas) ក្នុង​ឆ្នាំ ​២០១៤ ក្រុម Donetsk ត្រូវ​បង្ខំ​លេង​ការប្រកួតក្នុង​ទឹក​​ដីនៅ​ក្រុង Lviv, Kharkiv និង Kyiv ហើយ​ពេលនេះ ការ​​ប្រកួត​បាល់ទាត់​លី​គ​អាជីពនៅ​អ៊ុយ​ក្រែ​ន ត្រូវបាន​ផ្អាកដោយសារ​សង្គ្រាម​។​

​តែ​យ៉ាងណាក្ដី ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​នេះ ខាង FIFA និង UEFA មិនទាន់​មានការ​​បកស្រាយ​អ្វី​ភ្លាមៗ​នៅឡើយ​ទេ​៕ AFP/VN