ក្រុងប៉ារីស​: ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​យកឈ្នះ​ម៉ា​សេ​ដ្វា​ន​ខាងជើង (​ម៉ា​សេ​ដ្វា​ន​) ២-០ ហើយ​ក្រុម​ប៉ូឡូញ ក៏បាន​ជូន​ដំណើរ​ក្រុម​ស៊ុយអែត ដោយ​ឈ្នះក្នុង​លទ្ធផល​ដូចគ្នា​ដែរ សម្រាប់​ការប្រកួតក្នុង​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់ (Play-off) ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​អង្គារ ដែល​ជ័យជម្នះ​នេះ នាំឱ្យ​ក្រុម​ទាំង ​២ កក់​សំបុត្រ​យន្តហោះ​ទៅលេង​ជុំ​ចុងក្រោយ ក្នុង​ព្រឹត្តិការណ៍ World Cup 2022 នៅ​កាតា​។​

​ខ្សែបម្រើ Bruno Fernandes បាន​ស៊ុត​បញ្ចូល​ទី​ទាំង ២ ​គ្រាប់ ដើម្បីឱ្យ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ដណ្ដើមបាន​ជ័យ​​ជម្នះ​លើ​ក្រុម​ប្រជាជាតិ​បាល់​កង់ ដែល​ឡើងមក​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ដោយសារ​ទម្លាក់​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប​អ៊ី​តា​លី​ដ៏​គួរឱ្យភ្ញាក់ផ្អើល កាលពី​សប្តាហ៍​មុន ដោយ​ឈ្នះ ១-០​។​

​ការដែល​អាច​រុញ​ក្រុមអ៊ីតា​លី​ឱ្យ​ខ្ទាត​ចេញពី​ការប្រកួតប្រជែង​នេះ ដោយ​នឹកស្មាន​មិន​ដល់​នោះ ធ្វើឱ្យ​ក្រុម​ម៉ា​សេ​ដ្វា​ន សុបិន​ពី​ការ​បាន​ទៅ​បង្ហាញខ្លួន​ជា​លើកដំបូង ដែល​មិន​ធ្លាប់មាននៅ​ជុំ​ចុងក្រោយ​របស់ World Cup តែ​ក្រុម​ព័រ​ទុយ​ហ្គា​ល់បានបង្ហាញ​ឱ្យឃើញ​នូវ​ការឈាន​ជំហាន​បាន​វែង​ធំ​ជាង ក្នុង​ហ្គេម​នៅ​ទីក្រុង​ព័រ​តូ​នេះ​។​

​កីឡាករ Fernandes បាន​ជួយ​ឱ្យ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ធ្វើដំណើរ​នៅ​ផ្លូវ​របស់ខ្លួន នៅឯ​កីឡដ្ឋាន Estadio do Dragao ដោយ​ការបញ្ចប់​ទី​យ៉ាង​ល្អ​ពី​ការបញ្ជូន​បាល់​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo នៅ​វគ្គ​ទី​១ ហើយ​បន្ទាប់មកបាន​ធានា​នូវ​ជ័យជម្នះ​សម្រាប់​ក្រុម​ដោយ​មិនមាន​អ្វី​គួរឱ្យ​សង្ស័យនៅ​វគ្គ​ទី​២ ក្រោយ​រត់​ទាត់​បាល់​ទៅ​ទម្លុះ​សំណាញ់​ទី​យ៉ាង​ល្អ ពេល​ខ្សែប្រយុទ្ធ Diogo Jota ឆ្កឹះ​បំ​ផ្លោង​ចូលមក​តំបន់​គ្រោះថ្នាក់​។​

កីឡាករ និងសមាជិករបស់ប៉ូឡូញ នាំគ្នាអបអរ ក្រោយ​បាន​សិទ្ធិទៅ World Cup។ AFP

​ជ័យជម្នះ​នេះ មានន័យថា ក្រុម​ព័រ​ទុយ​ហ្គា​ល់បន្លាយ​ដំណើរ​ផ្លូវ​នៃ​ការ​​បាន​សិទ្ធិ​ទៅ World Cup ៦ ​លើក ចាប់​តាំង​ដើម​សតវត្សរ៍​នេះ ខណៈដែល​ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Ronaldo ស្ថិតនៅ​លើផ្លូវក្នុងការ​ទៅ​បង្ហាញខ្លួនក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ពិភពលោក​នេះ​ជា​លើក​ទី​៥ ក្នុង​វ័យ ៣៧ ​ឆ្នាំ​។​

​លទ្ធផល​ដ៏​ល្អ​បំផុត​របស់​ស៊ុប​ភើ​ស្តារ Ronaldo គឺ​ការ​បាន​ឡើងដល់​វគ្គ​ពាក់​​កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​ឆ្នាំ ​២០០៦ ដែល​ពេលនោះ​ក្រុម​ព័រ​ទុយ​ហ្គា​ល់ ធ្លាក់​ដោយសារ​ក្រុម​អាល្លឺម៉ង់​។​

​គ្រូបង្វឹក​លោក Fernando Santos បាន​ពោលថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​ដល់​កីឡាករ​ទាំងអស់ សម្រាប់​អាកប្ប​​កិរិយា និង​គុណភាព​របស់​ពួកគេ​។ យើង​បាន​គ្រប់គ្រង​ហ្គេម ជាមួយនឹង​វិធីសាស្ត្រ​ច្បាស់លាស់​ពិតប្រាកដ​។ ឥឡូវនេះ ដោយបាន​ឈ្នះ​រួចហើយ​ពាន Euro និង Nations League យើង​មាន​ក្ដី​ស្រមៃក្នុង​ការនាំ​ភាព​រីករាយ​យ៉ាង​ធំ​សម្បើម​មកកាន់​ប្រជាជាតិ​ព័រ​ទុយ​ហ្គា​ល់ ដោយ​ការ​ឈ្នះ​ជើងឯក World Cup»​។​

​ចំណែក​ការប្រកួត ១ ​គូ​ទៀត ក្នុង​វគ្គ Play-off ផ្ដាច់ព្រ័ត្រ​នេះដែរ ខ្សែប្រយុទ្ធ Robert Lewandowski ស៊ុត​បាល់​ពិន័យ ១១​ ម៉ែត្រ បានសម្រេចនៅ​ដើម​​វគ្គ​ទី​២ ដើម្បីឱ្យ​ក្រុម​ប៉ូឡូញ​បើក​ការ​​នាំមុខ​លើ​ក្រុម​ភ្ញៀវ​ស៊ុយអែត មុនពេល​បន្ទាប់មក​ខ្សែបម្រើ Piotr Zielinski បន្ថែម​ការនាំ​មុខ ដែល ២ ​គ្រាប់​នេះ បាន​ជួយ​បញ្ជូន​ក្រុម​ម្ចាស់ផ្ទះ​ឱ្យទៅ​មានមុខក្នុង​ព្រឹត្តិការណ៍ នា​ចុង​ឆ្នាំនេះ រួមជាមួយ​នឹង ៣១ ​ក្រុម​ផ្សេងទៀត ដែល​នឹង​ចាប់ឆ្នោត សម្រាប់​វគ្គ​ចែក​ពូ​ល នៅ​ថ្ងៃ​សុក្រ​នេះ​៕ AFP/VN