ក្រុង​បាងកក​: ក្រុម​ហង្ស​ក្រហម Liverpool និង​ក្រុម​បិសាច​ក្រហម Manchester United នឹង​ជួប​គ្នា​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​កម្រិត​ខ្ពស់ នៅ​ទី​ក្រុង​បាងកក ក្នុង​ខែ​កក្កដា ខណៈ​ដែល​ក្រុម​ទៅ​ពី​ក្រប​ខ័ណ្ឌ Premier League ចាប់ផ្ដើម​ដំណើរ​ទេស​ចរណ៍ នៅមុន​រដូវ​កាល ដែលអាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរសម និង​ដែល​បានផ្អាក ដោយ​សារ​​​ការ​រាត​ត្បាត​ពី​ជំងឺកូវីដ ១៩។

បន្ទាប់​ពី​ការ​ប៉ះ​គ្នា នៅ​ថ្ងៃ​ទី ១២ ខែ​កក្កដា នៅ​ក្នុង​រាជ​ធានី​ប្រទេស​ថៃ កីឡាករ Cristiano Ronaldo និង​ក្រុម Man United របស់​គេ នឹង​ហោះ​ហើរទៅ​កាន់​ប្រទេស​អូស្ត្រាលី សម្រាប់​ការ​ប្រកួត​មិត្ត​ភាព ២ ​បន្ថែម​ទៀត ក្នុង​នោះ​រួម​ទាំង​ការ​ជួប​ជាមួយ​ក្រុម​រួម​លីគ Crystal Palace ក្នុង​កីឡដ្ឋាន Melbourne Cricket Ground ដែលអាច​ផ្ទុក​អ្នក​ទស្សនា​ចំនួន ១០ ​ម៉ឺន​។

មុន​ពេល​ជំងឺ​រាត​ត្បាត​នេះ បាន​បិទ​ដំណើរ​ទេសចរណ៍​ក្រៅ​ប្រទេស ជា​ធម្មតា​ទៅ​កាន់​ទ្វីប​អាស៊ី និង​សហរដ្ឋ​អាមេរិក ដំណើរ​កម្សាន្ត​នេះ​ ​គឺ​ផ្នែក​រក​លុយ​ជា​ប្រក្រតី សម្រាប់ក្លិប នៅ Premier League ទោះ​បី​អ្នក​ចាត់​ការ​ក្រុម មិន​ចូល​ចិត្ត​នឹងដំណើរ​ទេសចរណ៍ ដូច​ជា​អាកាសធាតុ​ក្តៅ និង​ពេល​ខ្លះ បញ្ហា​ទីលាន​ក៏ដោយ។

ការតទល់​គ្នា​រវាង​ក្រុម Man United និង​ក្រុម Liverpool របស់​លោក Jurgen Klopp ដែល​បច្ចុប្បន្ន ស្ទើរ​តែ​តាម​ទាន់​ក្រុមមេឃខៀវ Manchester City ​នៅ​ទី​កំពូល​តារាង Premier League នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ Rajamangala ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​គាំទ្រ​របស់​ថៃដាក់​ឈ្មោះ​ថា «Red War» (សង្រ្គាម​ពណ៌​ក្រហម)។

ក្លិប​ទាំង ២ មាន​អ្នក​តាម​គាំទ្រច្រើន​ដូចគ្នា ក្នុង​ប្រទេស​ថៃ ដោយ​អាវ​ និង​ឡូហ្គោ​របស់​ក្រុមហង្សក្រហម Liverpool ត្រូវបាន​រំលេចឡើងជា​​ពិសេស ខណៈ​ដែល​ទំព័រ​ហ្វេស​ប៊ុក​ភាសាថៃ​ផ្លូវ​ការ​របស់​

ក្លិ​បនៅ​ទឹកដី Anfield នេះ មាន​អ្នក​តាមគាំទ្រដល់​ទៅជាង ៣៨​ លាន​នាក់។

អតីត​ខ្សែការពារ Phil Babb របស់ក្រុម Liverpool បាន​ប្រាប់​ថា លោក​រំពឹង​ថា លោក Klopp នឹង​នាំ​យក​កីឡាករ​ពេញ​កម្លាំង​គ្រប់​តែ​ម្ដង ក្នុង​ជំនួប​នេះ​។

តែ​ដោយ​តម្លៃ​សំបុត្រ​ចាប់​ពី ៥ ០០០ ទៅ ២៥ ០០០ បាត ($ ១៥០ ទៅ $ ៧៥០) នោះ​បាន​ធ្វើ​ឱ្យ​ អ្នក​គាំ​ទ្រ​ជនជាតិ​ថៃ​ជា​ច្រើន ត្អូញ​ត្អែរ​ពី​តម្លៃ ដែល​នាំ​​​ឱ្យ​ពួក​គេ​​អាចគ្មាន​លទ្ធ​ភាព​​ទិញ​​មើល​ការ​ប្រកួតដ៏​ស្វិត​ស្វាញ​រវាង​កីឡាករ​សំណព្វចិត្ត​​របស់​ពួកគេ​៕ AFP/VN