ក្រុង​ដូហា​: ការ​រាប់​ថយ​ក្រោយ​ឆ្ពោះ​ទៅ​រក​ព្រឹត្តិការណ៍ World Cup ដ៏​ចម្រូង​ចម្រាស​បំផុតក្នុង​ប្រវត្តិសាស្ត្រ ពិត​ជា​បាន​ចាប់​ផ្តើម​មែន នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​ដែល​ការ​ចាប់​ឆ្នោតសម្រាប់​ការ​ប្រកួត​ប្រជែងក្នុង​ប្រទេស​កាតា ឆ្នាំ ​២០២២ ត្រូវ​ធ្វើ​ឡើងនៅ​ទី​ក្រុង​ដូហា ដោយ​មាន​រយៈ​ពេលមិន​ដល់​ ៨ ខែ​ មុនពេលការ​ប្រកួត​បាល់​ទាត់​ដ៏​ធំ​របស់​ពិភពលោក​នេះ លេច​រូប​រាង​ជា​ផ្លូវ​ការ​។

ខណៈ​ដែល​ការ​រឹត​បន្តឹង​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​កាន់​តែ​មាន​ភាព​ធូរ​ស្រាល​ជាង​មុន ឈ្មោះ​អ្នក​ល្បី​ៗ​របស់​វិស័យ​កីឡា​បាល់ទាត់​មួយ​ចំនួន នឹង​មាន​វត្តមាន​នៅ​ទី​នោះ សម្រាប់​ការ​ចាប់​ឆ្នោត នៅឯ​មជ្ឈ​មណ្ឌល​សន្និបាត​របស់​ក្រុង​ដូហា ខណៈ​ដែល​ក្រុម​ជើង​ឯក​ចាស់បារាំង និង​គូ​ប្រជែង​របស់ខ្លួន នឹងត្រូវ​ដឹង​ថា តើ​ពួកគេ​នឹង​ជួបក្រុម​គូបដិបក្ខ​ណា​ខ្លះ នៅ​ក្នុង​វគ្គ​ចែក​ពូល (Group Stage) នៃ​ព្រឹត្តិការណ៍ World Cup ទី១ ដែល​ត្រូវ​រៀប​ចំ​ឡើងក្នុង​ខែ​វិច្ឆិកា និង​ធ្នូ​នេះ។

កិច្ចការ​នៅ​តែ​មិន​ទាន់ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ សម្រាប់​ការ​ប្រកួត នៅ​វគ្គ​ជម្រុះ ដោយ​ការ​ប្រកួត​ចុង​ក្រោយនៅ​តំបន់ CONCACAF (អាមេរិក​ខាងជើង និង​កណ្តាល ព្រម​ទាំង​តំបន់​ការ៉ាប៊ីន) ទើប​តែ​បញ្ចប់ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ហើយ​ការ​ប្រកួត ដើម្បី​ដណ្ដើម​សិទ្ធិ ៣ ​កៅអី​ចុង​ក្រោយ នឹង​ត្រូវ​សម្រេច ក្នុង​វគ្គ​ចាញ់​ធ្លាក់ (Play-off) នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​។

Infantino​ ថ្លែង​នៅក្នុង​សមាជលើកទី៧២ របស់ FIFA​ នៅកាតា។ AFP

ចំណាត់​ថ្នាក់ សម្រាប់​ការ​ចាប់​ឆ្នោត​នេះ គឺ​ផ្អែក​លើ​ចំណាត់​ថ្នាក់​ពិភព​លោក​ចុងក្រោយ​បង្អស់​របស់​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ (FIFA) ដែល​ត្រូវ​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ការ​ប្រកួត​ជម្រុះ ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​ទាំង ៧ រួម​ទាំង​ប្រទេស​បារាំង ស្ថិត​នៅ​ក្នុងគ្រុប​ទី១ (Pot 1) រួមជាមួយ​ក្រុម​ប្រទេស​ម្ចាស់​ផ្ទះ បើ​ទោះ​បី​ជា​កាតា គឺ​ក្រុម​ ១ ក្នុង​ចំណោម​ក្រុម​ចូល​រួម ដែល​មាន​ចំណាត់​ថ្នាក់​ទាប​បំផុត​ក៏ដោយ​។

រដ្ឋ​ឈូង​សមុទ្រ​ដ៏​តូច ដែល​មាន​ប្រជាជន​តិច​ជាង ៣ ​លាន​នាក់ បាន​ធ្វើ​ឱ្យ​ពិភព​លោក​ស្រឡាំង​កាំង នៅ​ពេល​ដែល​ខ្លួន​បាន​ឈ្នះ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដើម្បី​រៀប​ចំ World Cup នៅ​ឯ​ការ​បោះ​ឆ្នោតក្នុង​ឆ្នាំ ​២០១០ ដោយ​​នាំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ថា មាន​ការ​​ទិញ​សំឡេង​​ឆ្នោត ដែល​ត្រូវ​​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ និង​នាំ​ឱ្យ​កើត​មាន​​សំណួរ​នានា​អំពី​ភាព​ស័ក្ដិ​សម​របស់​ប្រទេស សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។

បញ្ហា​ដោយ​ជាក់​ស្ដែង គឺ​ការ​ឡើង​កម្ដៅ​ខ្លាំង​ ក្នុង​ខែមិថុនា និង​កក្កដា ជា​ពេល​វេលា ដែល​ World Cup ត្រូវ​បាន​រៀប​ចំតាម​ទម្លាប់ ដូច្នេះ​ហើយ ទើប​មាន​ការ​សម្រេចលើក​យកទៅ​រៀប​ចំនៅ​រដូវរងា​វិញ ហើយ​ជាមួយ​គ្នា​នេះ ក៏​មាន​ការ​ចោទ​ប្រកាន់​ចំពោះ​លក្ខខណ្ឌ​ការងារ​របស់​ពលករ​ចំណាក​ស្រុក​រាប់​សែន​នាក់ ក្នុង​នោះរួម​ទាំង​ពលករ​ ដែល​ធ្វើ​ការ​សាងសង់​កីឡដ្ឋាន​ផងដែរ​។

«​វា​ជា​រឿង​ដ៏​គួរ​អស់​​សំណើច ​ដែល​​យើង​ទៅ​​លេង​​នៅ​​ប្រទេស​​មួយ ដែល FIFA យល់​​យ៉ាងម៉េច​? ដើម្បី​អភិវឌ្ឍ​បាល់​ទាត់​​ឬ? វា​ពាក់​ព័ន្ធនឹង​ប្រាក់ ផល​ប្រយោជន៍​ពាណិជ្ជកម្ម នោះ​គឺ​ហេតុ​ផល​ចម្បង​របស់ FIFA​»​។ នេះ​ជាការលើក​ឡើង​របស់​គ្រូ​បង្វឹក​ហូឡង់ លោក Louis van Gaal នាពេល​ថ្មី​ៗ​នេះ​។

នាយក​ប្រតិបត្តិនៃ​គណៈ​កម្មការ​​កំពូល​ទទួល​ខុស​ត្រូវ​រៀប​ចំ World Cup របស់​​កាតា លោក Hassan al-Thawadi បាន​ហៅ​ការ​លើក​ឡើង​របស់​លោក Van Gaal ថា គួរឱ្យ​អស់​សំណើច ហើយ​ប្រធាន FIFA លោក Gianni Infantino កំពុង​ស្វាគមន៍យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏​ធំ ដែល​កើត​ឡើង​រៀង​រាល់ ៤ ​ឆ្នាំ​ម្ដង​នេះ​។

លោក Infantino បានអះអាង​​ថា៖ «​វា​នឹង​មិន​ត្រឹម​តែ​ជា​ព្រឹត្តិការណ៍ World Cup ដ៏​ល្អ​បំផុត​មិន​ធ្លាប់​មាន​​ទេ តែ​ថែម​ទាំង​ជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​​ដោយ​ឡែក​ទៀត​ផង​។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​ប្រទេស ដែល​ត្រៀម​លក្ខណៈ​បាន​ល្អ​ណាស់ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ World Cup ដូច​កាតា​នេះ​ឡើយ​»​។

មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ពិធី​លើក​ទង់ជាតិ​នៃ​ប្រទេស​ ដែល​ដណ្ដើមបានសិទ្ធិមក World Cup 2022 ក្នុងក្រុងដូហា។ AFP

សូម្បី​តែ​ការ​ចាប់​ឆ្នោត​នេះ ក៏​មិន​អាច​ផ្ដាច់​ខ្លួន​ពី​បញ្ហា​ធំ​ជាង​បាល់​ទាត់​នោះ​ឡើយ។ ការ​លុក​លុយ​របស់​ប្រទេស​រុស្ស៊ី​ លើ​អ៊ុយ​ក្រែន នាំ​ឱ្យ​ការ​ប្រកួត​ Play-off ដើម្បី​ដណ្ដើម ៣ ​កៅអី​ចុងក្រោយ ក្នុង​ចំណោមការ​បាន​សិទ្ធិ​ទាំង ១៣ ​ក្រុម​របស់​អឺរ៉ុប (UEFA) មាន​បញ្ហា​រញ៉េរញ៉ៃ​ខ្លះ​ៗ​។

រុស្ស៊ី​ត្រូវ​បាន​ដក​ចេញ​ពី​ការ​​ប្រកួត​ប្រជែងអន្តរជាតិ​ទាំង​អស់ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម ដោយ​នេះ បាន​រារាំង​ក្រុម​ជម្រើស​ជាតិ​មិន​ឱ្យ​បាន​ចូល​រួម​ប្រកួត​វគ្គ Play-off ហើយ​ជំនួប​ក្នុង​វគ្គ​នេះ រវាង​ក្រុម​អ៊ុយ​ក្រែន និង​ក្រុម​ស្កុត​ឡេន ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ខែ​មិថុនា ដោយ​ក្រុមដែល​ឈ្នះហ្គេម​នេះ ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​វេលស៍ ដើម្បី​កៅអីនៅកាតា​។ ​

ចំពោះ​បញ្ហា​ទាំង​អស់ ក៏​មាន​នូវ​ភាព​រំភើប​រីក​រាយ ដោយសារ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក ខិត​កាន់​តែ​ជិត ហើយ FIFA បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា សំបុត្រ​ជាង ៨០ ម៉ឺន​សន្លឹក ត្រូវ​បាន​ទិញ​យក គិត​មក​ទល់​ពេល​នេះ។ ប្រទេស​កាតា នឹង​ប្រើ​ប្រាស់​កីឡដ្ឋាន​ចំនួន ៨ សម្រាប់​រៀប​ចំ​ការ​ប្រកួតប្រជែង​នេះ​។

តែ​​ជាមួយ​​​ភាព​ចម្រូង​ចម្រាស​​ទាំង​អស់​ជុំ​វិញ​ការរៀប​ចំ World Cup របស់​ប្រទេសកាតានេះ យ៉ាង​ហោចណាស់ ពេល​នេះមានក្រុម​ចូល​រួម​ចំនួន ៣២ ​ក្រុម ដែល​ត្រូវ​ចាប់​ឆ្នោតបែង​ចែក​ជា ៨ ពូល ដោយ ១ ពូល មាន ៤​ ក្រុម ហើយ​​ប្រាកដ​ណាស់ ជា​ចំនួន​ក្រុម​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ដ៏​ធំ​របស់​ពិភព​លោក​​ ដែលគ្រប់​គ្នា​ចង់​ឃើញបំផុត៕ AFP/VN