ក្រុង​បាសេឡូណា​: ​អ្នកទស្សនាដែល​ជា​កំណត់​ត្រា​ពិភព​លោក សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ផ្នែក​នារី ដោយ​មាន​ចំនួន ៩១ ៥៥៣ ​នាក់ បាន​មើល​ឃើញ​ពី​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​​អ្នកមាន​បុណ្យ Barcelona ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ក្របខ័ណ្ឌ Champions League ជាមួយ​នឹង​ជ័យ​ជម្នះ​លើក្រុម​អធិរាជស Real Madrid ៥-២ ក្នុង​ការ​ប្រកួត​ជើង​ទី២ នៅ​កីឡដ្ឋាន Camp Nou កាល​ពី​ថ្ងៃ​ពុធ ដោយសរុប​ទាំង ២ ជើង​ ក្រុម​ម្ចាស់​ផ្ទះ​មាន​គ្រាប់​បាល់​ច្រើន​ជាង ៨-៣​។

តួលេខ​នៃ​ចំនួន​នេះ ​បានវ៉ា​ដាច់​​កំណត់​ត្រា​មុន សម្រាប់​ការ​ប្រកួត​ផ្នែក​នារី នៅ​ពេល​ដែល​មនុស្ស​ចំនួន ៩១ ១៨៥ ​នាក់ បាន​មក​មើល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៩៩ រវាង​ក្រុម​នារី​សហរដ្ឋ​អាមេរិក និង​ក្រុម​នារី​ចិន នៅ​ឯ​កីឡដ្ឋាន Rose Bowl ក្នុង​ក្រុង​ប៉ាសាឌីណា (Pasadena)។

ចំនួន​នេះ​ក៏​បាន​បំបែក​កំណត់​ត្រា ចំពោះ​ការ​ចូលទស្សនាពី​មុន សម្រាប់​ការ​ប្រកួត​របស់​ក្លិប​អាជីព​ផ្នែក​នារី ដែល​ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ខែ​មីនា ឆ្នាំ​ ២០១៩ ខណៈ​ដែល​អ្នកចូល​មក​លើក​ទឹក​ចិត្ត​ចំនួន ៦០ ៧៣៩​ នាក់ បានបាញ់​ក្រសែ​ភ្នែក​មើល​ក្រុម​នារី​ Barca ផ្តួល​ក្រុម​នារី Atletico Madrid ក្នុង​កីឡដ្ឋាន Wanda Metropolitano។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមនារី Paris Saint-Germain ត្រូវ​ការ​គ្រាប់​បាល់ នៅ​ក្នុង​ម៉ោង​បន្ថែម​ពិសេស ដើម្បី​អាច​តាម​ស្មើ​ជាមួយ​ក្រុម Bayern Munich ២-២ នៅ​ផ្ទះ​ខ្លួន​ឯង ដែល​ជា​លទ្ធផល​ជួយ​ឱ្យ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ ក្រោយ​សរុប​ទាំង ២ ជើង ឈ្នះ ៤-៣។​

សម្រាប់​ការ​ប្រកួត​នេះ កីឡាការរិនី Alexia Putellas ដែល​ជា​ម្ចាស់ជយលាភី​ពាន Ballon d''Or កាលពីខែ​វិច្ឆិកា គឺ​ជាអ្នក​ស៊ុត​គ្រាប់​ទី ៤ ឱ្យ​ក្រុមម្ចាស់ជើងឯកចាស់ Barca បន្ទាប់ពី​ធ្វើ​បាន​សម្រេច​ម្នាក់​ឯង ២ ​គ្រាប់ ក្នុង​ជ័យ​ជម្នះ ៣-១ កាល​ពី​​ហ្គេម​ជើង​ទី១។​​​

«​វា​ពិត​ជា​​ពិសេស​ណាស់​ ហ្គេម​បាន​បញ្ចប់​ ហើយ​គ្មាន​នរណ​ម្នាក់ ចង់​ទៅ​ផ្ទះ​វិញ​ឡើយ​។ យើង​កំពុង​ធ្វើ​ការ​អបអរ​ជាមួយ​អ្នក​គាំទ្រ។ ពិត​ជា​ពិសេស​អស្ចារ្យ​ណាស់​។ មាន​មនុស្ស​ច្រើន​ណាស់​។ អ្វី ដែល​បាន​កើត​ឡើង​ នៅ​ថ្ងៃ​នេះ គឺ​ជា​ប្រវត្តិសាស្ត្រ​»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Putellas​។

សម្រាប់​ការ​ប្រកួតដ៏ស្វិត​ស្វាញ​រវាង​ក្រុម​គូប្រជែង​ដ៏​ធំប្រចាំ​អេស្ប៉ាញ​នេះ ក្រុម​ម្ចាស់​ផ្ទះ បាន​ចាប់​ផ្ដើម​យ៉ាង​ល្អ ដោយ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា ៨ ​នាទី កីឡាការិនី Mapi Leon បាន​ផ្ដល់​នូវ​គ្រាប់​បាល់​នាំ​មុខ តែ​ក្រុម​ភ្ញៀវ Real មិន​ត្រឹម​តែ​​តាម​ស្មើ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​នាំ​មុខ​វិញ​ទៀត​ផង ដែល​បំប៉ោង​សំណាញ់​ទី​ដោយកីឡាការិនី Olga (ប៉េណាល់​ទី) និងកីឡាការិនី Claudia Zornoza​។​ ​​​

ការ​នាំ​មុខ​នោះ ​ជា​ក្ដី​សង្ឃឹម​ដ៏​ធំ​ដល់​ក្រុម​នារី​ Real ដែល​ប្រឹងប្រែង​ ដើម្បី​កែប្រែ​លទ្ធផលជើង​ទី១ តែ​ក្រុម​នារី​ Barca មិន​ឱ្យ​រឿង​នោះ​កើត​ឡើង​ឡើយ ដោយ​ការ​ទម្លុះ​សំណាញ់​ទី​ ៤ ​គ្រាប់​ផ្ទួន ដោយ​កីឡការិនី​ Aitana Bonmati, Claudia Pina, Putellas និង Caroline Hansen​៕ AFP/VN