ក្រុង​ដូ​ហា​: ក្រុម​ឥន្ទ្រី​ដែក​​អាល្លឺម៉ង់ និង​គោ​ជល់​អេ​ស្ប៉ា​ញ នឹងត្រូវ​ជួបគ្នានៅឯ​ព្រឹត្តិការណ៍ World Cup ឆ្នាំនេះ បន្ទាប់ពី​កម្មវិធី​ចាប់ឆ្នោត​ដ៏​អធិកអធម កាលពី​ថ្ងៃ​សុក្រ ក្នុង​ទីក្រុង​ដូ​ហា បានដាក់​អតីត​ក្រុម​ជើងឯក​ទាំង ២ ឱ្យនៅ​ក្នុង​ពូ​ល​តែ ​១ ខណៈ​គូ​​សត្រូវ​ខាង​នយោបាយ​ដ៏​ស្រួច​​ស្រាល់ គឺ​ក្រុម​ជម្រើសជាតិ​របស់​សហរ​ដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ ក៏​ចាប់​​ឆ្នោត​ប៉ះ​ពូ​ល​ជាមួយគ្នា​ដែរ​។​

​ក្រុម​ម្ចាស់​ជើងឯក ៤ ​សម័យ​​កាល អាល្លឺម៉ង់ ស្ថិតក្នុង​គ្រុប ២ (Pot 2) ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ក្រុម​ច្បាស់​ណាស់ ដែល​ត្រូវ​ចៀសឱ្យផុត​ពី​ក្រុម​ចំណាត់​​ថ្នាក់ខ្ពស់ សម្រាប់​ការប្រកួត​​ប្រជែង នៅក្នុង​រដ្ឋធានី នៃ​ប្រទេស​កាតា​នេះ​។ ពួកគេ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល កាលពី​ព្រឹត្តិការណ៍​នេះ នៅ​ប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ​ ២០១៨​។​

​អាល្លឺម៉ង់ និង​ជើងឯក World Cup 2010 អេ​ស្ប៉ា​ញ ត្រូវ​ចូល​​រួម​ដោយ​ក្រុម​សាមូរ៉ៃ​ជប៉ុន ក្នុង​ពូ​ល E ដែល​នឹងត្រូវ​មក​បំពេញ​បង្គ្រប់​ចុងក្រោយ ដោយ​ក្រុម ដែល​ឈ្នះ​ការប្រកួត​ជម្រុះ​អន្តរ​ទ្វីប នៅ​ខែមិថុនា រវាង​ក្រុម​​កូ​ស្តា​រី​កា និង​នូ​វែ​ល​សេ​ឡង់​។​

​ក្រុម​គោ​ជល់ បាន​យកឈ្នះ​ក្នុង​លទ្ធផល​ច្រើនសន្ធឹក ៦-០ ពេល​ក្រុម​ទាំង ​២ ជួបគ្នា​ចុង​​ក្រោយ ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២០ តែ​ក្រុម​ឥន្ទ្រី​ដែក បាន​អភិវឌ្ឍ​ល្អ​ប្រសើរ​ជាង​មុន​ឆ្ងាយ ចាប់​តាំង​​ពី​លោក Hansi Flick មក​ជំនួស​តំណែង​គ្រូបង្វឹក​របស់លោក Joachim Loew​។​

«​ជាក់ស្ដែង វា​គឺជា​ការជួប​នូវ​ការចាប់​ឆ្នោត​ដ៏​ពិបាក​បំផុត ពី​គ្រុប​ទី​២ នេះ ជាពិសេស ពេល​​នេះពួកគេ​បានធ្វើ​ការផ្លាស់​​ប្ដូរ​គ្រូបង្វឹក​។ សុំ​ត្រឹមតែ​ទទួល​​យក​វា សម្រាប់​ពេលនេះ ហើយ​ប្រឹងប្រែង​ព្យាយាម​ឱ្យមាន​នូវ​សុទិដ្ឋិនិយម​ប៉ុណ្ណោះ​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ក្រុម​អេ​ស្ប៉ា​ញ លោក Luis Enrique ពាក់ព័ន្ធ​នឹង​ការ​​ប្រឈម​ជាមួយ​អាល្លឺម៉ង់​។

​ក្រុម​អ៊ី​រ៉ង់ និង​អាមេរិក ដែល​អត់​មាន​ទំនាក់ទំនង​ការទូត​ផ្លូវ​​ការ​ជាមួយគ្នា​ឡើយ តាំងតែ​ពី​ឆ្នាំ​ ១៩៨០ មក​នោះ បាន​ប្រកួត​តទល់​គ្នា ជា​លើកចុងក្រោយ សម្រាប់​វគ្គ Group Stage នេះ នៅឯ World Cup 1998 ក្នុងប្រទេស​បារាំង ដែល​ពេលនោះ អ៊ីរ៉ង់ឈ្នះ​ហ្គេម ដែល​គ្រប​ដណ្ដប់​ដោយ​នយោបាយ​នេះ ក្នុង​លទ្ធផល ២-១​។​

«​បាល់ទាត់​មាន​អ្វី​លើសពី​រឿង​នយោបាយ​ច្រើនណាស់ ហើយ​ពួកយើង​អាច​នៅតែ​ជា​មិត្តនៅលើ​ទីលាន​»​។ គ្រូបង្វឹក​ក្រុម​អាម​រិ​ក លោក Gregg Berhalter បានលើកឡើង​។​

​ក្រុម​តោ​កំណាច​អង់គ្លេស ក៏​ស្ថិតនៅក្នុង​ពូ​ល​ B នេះដែរ ហើយនឹង​ត្រូវ​ប្រឈម​ជា​អ៊ី​រ៉ង់​សម្រាប់​ហ្គេម​បើកឆាក​។ ក្រុម​របស់លោក Gareth Southgate អាច​នឹង​ប៉ះ​ផងដែរ​ជាមួយ​ក្រុម​ជិតខាង​វេ​លស៍ ឬ​ស្កុ​ត​ឡេ​ន បើទោះបីជា​ក្រុម​អ៊ុយ​ក្រែ​ន ក៏​អាចមាន​សិទ្ធិ​ដណ្ដើម​កៅអី​ ១​ ចុងក្រោយ សម្រាប់​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់​ប្រចាំ​ទ្វីបអឺរ៉ុប ដែល​ត្រូវ​សម្រេច​នៅ​ខែមិថុនា​នេះ​។​

ពូល​ A ដល់ H នៃ​ World Cup 2022 នៅកាតា ក្រោយ​បញ្ចប់​កម្មវិធីចាប់ឆ្នោត កាល​ពីថ្ងៃសុក្រ នៅក្រុង​ដូហា។ AFP

​ដោយ​ផ្ទុយ​ពី​ទម្លាប់​ដើម ក្រុម​ម្ចាស់ផ្ទះ​កាតា នឹងមិន​បាន​លេង ហ្គេម​បើកឆាក​របស់​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃទី ​២១ ខែវិច្ឆិកា​នោះទេ ដោយ​កិត្តិយស​នោះ នឹងត្រូវ​ធ្លាក់​ទៅក្នុង​ការប្រកួត នៅ​ពូ​ល A រវាង​សេ​ណេ​ហ្គា​ល់ និង​ហូ​ឡង់ ហើយ​ក្រុម​កាតា ដែល​ទើប​បង្ហាញមុខ នៅ​ជុំ​ចុងក្រោយ នៅ World Cup នេះ ត្រូវ​ជួប​អេក្វាទ័រ សម្រាប់​គូ​ទី​២ នៃ​ល្ងាច​ថ្ងៃនោះ​។​

​ក្រុម​កំពុង​គ្រង​ជើងឯក​បារាំង នឹង​ជួប​ជាមួយ​ក្រុម​គូបដិបក្ខ​ជួបគ្នា​ញឹកញាប់​ដា​ណឺ​ម៉ាក និង​ទុយ​នី​ស៊ី ក្នុង​ពូ​ល D ដែល​នឹងត្រូវ​មក​បង្គ្រប់​ដោយ​ក្រុម ដែល​ឈ្នះ​ការប្រកួត​ជម្រុះ​អន្តរទ្វីប ដោយ​អាចជា​ក្រុម​អូស្ត្រាលី ប៉េ​រូ ឬក៏​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​

​ក្រុម​ឈ្នះ​ជើងឯក​ជា​កំណត់​ត្រា ៥ ​សម័យកាល ប្រេ​ស៊ី​ល នឹងត្រូវ​លេង​តទល់​ជាមួយ​ក្រុម​​ស៊ែ​ប៊ី និង​ស្វ៊ី​ស ដែល​ទាំង ២ ​ក្រុម ធ្លាប់បាន​ជួបគ្នា​រួចហើយ ក្នុង​វគ្គ Group Stage នេះ កាលពី ៤ ​ឆ្នាំមុន ព្រមទាំង​ក្រុម​កា​មេ​រូ​ន នៅក្នុង​ពូ​ល G ដែល​មើលទៅ​ទំនងជា​តានតឹង​គួរ​​សម​ដែរ​។ ក្រុម​ជើងឯក ២ សម័យកាល អា​ហ្ស​ង់​ទីន​របស់​ស៊ុប​ភើរ​ស្តារ Lionel Messi ចាប់ឆ្នោត​ជួប​អារ៉ាប៊ី សាអ៊ូឌីត ម៉ិ​ក​ស៊ិ​ក និង​ប៉ូឡូញ​របស់​ខ្សែប្រយុទ្ធ Robert Lewandowski ក្នុង​ពូ​ល C​។​

​នេះ​ជា​ឱកាស​ចុងក្រោយ​សម្រាប់​កីឡាករ Cristiano Ronaldo នៅ World Cup ដោយសារ​រូបគេ​នឹងមាន​អាយុ​ជិត ៣៨ ​ឆ្នាំ ពេល​ក្រុម​ព័រ​ទុយ​​ហ្គា​ល់ ចេញមក​តតាំង​ជាមួយ​ក្រុម​ហ្គា​ណា អ៊ុយ​រូ​ហ្គា​យ និង​កូរ៉េខាងត្បូង ក្នុង​ពូ​ល H​។

​ក្រុម​ក្រូ​អាស៊ី ដែលជា​ជើងឯក​​រង ក្នុង​ឆ្នាំ​ ២០១៨ ត្រូវ​ចាប់​​ឆ្នោត​ប៉ះ​ក្រុម​បែលហ្ស៊ិក និង​ម៉ា​រ៉ុ​ក ក្នុង​ពូ​ល F ដែល​ត្រូវបាន​បំពេញ​ឱ្យ​គ្រប់ ៤ ​ក្រុម ដោយ​ក្រុម​ជម្រើសជាតិ​កាណាដា បន្ទាប់ពី​បាត់​មុខ ៣៦​ ឆ្នាំ​។​

​នេះ​គឺជា World Cup ដំបូង ដែល​ត្រូវ​លើក​ពី​ការធ្វើ​តាម​​ទម្លាប់ ក្នុង​ខែមិថុនា និង​កក្កដា ទៅ​ខែវិច្ឆិកា និង​ធ្នូ ដោយសារ​ពេលនោះ​កម្ដៅ​ឡើង​ខ្លាំងពេក នៅ​កាតា​៕ AFP/VN