ក្រុង​ឡុង​ដ៍​: ក្រុម​មេឃ​ខៀវ Manchester City បាន​បន្ត​គ្រប់គ្រង​ភាព​​នឹងនរ ដែល​កំពុង​ស្ថិតក្រោម​សម្ពាធ​របស់​ពួកគេកាលពី​ថ្ងៃ​សៅរ៍ ដោយបាន​យកឈ្នះ​ក្រុម Burnley ក្នុង​លទ្ធផល ២-០ ហើយ​ដណ្ដើមយក​តំណែង​លេខ ១ មកវិញ បន្ទាប់ពី​ត្រូវ​ក្រុម​ហង្ស​ក្រហម Liverpool ឡើងទៅ​ឈរ​ជំនួស ក្នុង​តារាង​ចំណាត់ថ្នាក់នៃ​ក្របខ័ណ្ឌ Premier League មួយ​ភ្លែត​។​

​សម្រាប់​ការប្រកួត នៅឯ​កន្លែង​ផ្សេងទៀត កីឡាករ Christian Eriksen បាន​ស៊ុត​បញ្ចូល​ទី ខណៈ​ក្រុម Brentford វាយបក​យកឈ្នះ​ក្រុម​តោ​ខៀវ Chelsea ៤-១ ដែល​នេះ ជា​ជ័យជម្នះ​ដំបូង​របស់​ក្រុម​រហស្សនាម​សត្វ​ឃ្មុំ លើ​ក្រុម​គូប្រជែង​រួម​ក្រុង​ឡុង​ដ៍​របស់ខ្លួនចាប់តាំងពី​ឆ្នាំ​ ១៩៣៩​។​

​ក្រុម​លេខ​៣ Chelsea នៅតែ​ស្ថិត​លើផ្លូវ ក្នុងការ​បាន​សិទ្ធិ​ទៅលេង នៅ​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ តែ​ក្ដីសង្ឃឹម​របស់​ក្រុម​បិសាច​ក្រហម Manchester United ដែល​ចង់​បញ្ចប់ ក្នុងចំណោម​ក្រុម​នៅ​ទី​កំពូល​ទាំង​ ៤ (Top4) កំពុង​បាត់បង់​យ៉ាង​ឆាប់រហ័ស ក្រោយ​ស្មើ​ជាមួយ​ក្រុម​កញ្ជ្រោង​ខៀវ Leicester ១-១ នៅផ្ទះ​ខ្លួនឯង​។​

​ក្រុម Liverpool ដែល​តាម​ពីក្រោយ​ក្រុម Man City ដល់​ទៅ ១៤ ​ពិន្ទុ ក្នុង​ខែមករា បាន​ឡើងទៅ​កាន់កាប់​ចំណាត់​​ថ្នាក់​នេះ ដោយសារ​គ្រាប់​បាល់ ដែល​កើតឡើង​ពី​ការ​តែ​ត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ Diogo Jota នៅ​ពាក់​​កណ្ដាល​វគ្គ​ទី​១ និង​ការ​ស៊ុត​បាល់​​ពិន័យ ១១ ​ម៉ែត្រ​របស់​ខ្សែបម្រើ Fabinho នៅ​ចុង​ម៉ោង នៃ​វគ្គ​ទី​២ បាន​ជួយ​ឱ្យមាន​ជ័យជម្នះ​លើ​ក្រុម​កំពុង​យ៉ាប់ Watford ២-០ ពី​ការប្រកួត ដែល​ធ្វើឡើង​មុន​គូ​ផ្សេងៗ​។​

​តែ​ខ្សែបម្រើ Kevin De Bruyne បាន​ជួយ​សម្រួល​ភាព​ច្រាស់ច្រាល់​ក្នុង​ចិត្ត​របស់​ក្រុម Man City ដោយ​ការ​​ស៊ុត​ឱ្យមាន​គ្រាប់​បាល់​នាំមុខ ក្នុង​រយៈ​​ពេល​ប្រមាណ​ជា ៥ ​នាទី ហើយ​បន្ទាប់មក ខ្សែបម្រើ ១​ រូប​ទៀត គឺ Ilkay Gundogan ធ្វើឱ្យ​ក្រុម​ភ្ញៀវ​មានប្រៀប​ទាំងស្រុងនៅ ២០ ​នាទី​បន្ទាប់ ដោយ​ការបន្ថែម​ការនាំ​មុខ ២-០ ដែល​លទ្ធផល​នេះ នាំឱ្យ​ក្រុម​ម្ចាស់ផ្ទះ Burnley ត្រូវ​ប្រឈម​នឹង​ការធ្លាក់​ចេញពី​លី​គ​កំពូល​កាន់តែខ្លាំង​ឡើងៗ​។​

​ក្រុម​មេឃ​ខៀវ និង​ហង្ស​ក្រហម កំពុង​ជាប់គាំង ក្នុងការ​ប្រកួតប្រជែង​ដ៏​រំជើបរំជួល ដើម្បី​ដណ្ដើម​តំណែង​ទី​​កំពូល​តារាង​របស់ Premier League ជាមួយនឹង​ការប្រកួតនៅសល់ ៨ ​លើក​ទៀត​ប៉ុណ្ណោះ ហើយ​អ្វីដែល​សំខាន់​នោះ នៅ​សប្ដាហ៍​ក្រោយ ក្រុម​គីឡូ​ធ្ងន់​ទាំង ​២ នេះ ត្រូវ​ប្រឈម​គ្នា ក្នុង​កីឡដ្ឋាន Etihad ដែល​នេះ​អាចជា​ហ្គេម​កាត់ក្ដី ដើម្បី​ដឹងថា ក្រុម​ណានឹង​បាន​គ្រង​ជើងឯក​រដូវ​កាល​នេះ​។​

​លើសពីនេះ​ទៀត​នោះ ក្រុម​ទាំង ​២ ក៏ត្រូវ​ជួបគ្នា ក្នុង​កម្មវិធី​អេ​ហ្វ​អេ (FA Cup) វគ្គ ៤ ​ក្រុម​ចុងក្រោយ​ផងដែរ នៅ​ចុងខែ​នេះ និង​ព្រមទាំង​កំពុងតែ​ស្ថិត​​ក្នុងការ​ប្រកួតប្រជែង​ដូចគ្នា​ដែរ នៅ Champions League ក្នុង​វគ្គ ៨ ​ក្រុម​ចុងក្រោយនៅ​សប្ដាហ៍​បន្ទាប់​។​

​សម្រាប់​ក្រុម Liverpool របស់លោក Jurgen Klopp កំពុង​ប្រឹងប្រែង​យ៉ាង​​ខ្លាំង ដើម្បី​បាន​ក្លាយជា​ក្រុម​ដំបូង​គេ​របស់​អង់គ្លេស ដែល​អាច​ឈ្នះ​ពាន​-​រង្វាន់​សំខាន់ៗ​ដល់​ទៅ​ ៤ ក្នុង ១ រដូវ​កាល​៕ AFP/VN