ក្រុង​ឡុង​ដ៍​: ក្រុម Tottenham Hotspur (Spurs) បាន​ឡើង​មកឈរ ក្នុង​ចំណាត់ថ្នាក់​ទី៤ នៃ​តារាង​ពិន្ទុ​របស់​ក្របខ័ណ្ឌ Premier League ជាមួយនឹង​ជ័យជម្នះ ៥-១ លើ​ក្រុម Newcastle ខណៈដែល​ការ​ឈ្នះ ក្នុង​លទ្ធផល ២-១ របស់​ក្រុម West Ham កាលពី​ថ្ងៃអាទិត្យ រុញឱ្យ​ក្រុម Everton ធ្លាក់​កាន់​​តែ​ជ្រៅ​ទៅក្នុង​ក្ដីកង្វល់នៃ​ការ​ដែល​ត្រូវ​កាត់​ឱ្យទៅ​លេង​នៅ​លី​គ​ទី​២ រដូវ​កាល​ក្រោយ​។​

​ក្រុម Spurs របស់លោក Antonio Conte បាន​បង្កើតឱ្យមាន​នូវ​ការ​ងើប​រើ​ប្រសើរ​ឡើងវិញ​យ៉ាង​អស្ចារ្យ រហូត​អាច​ឈ្នះ ៥ ​លើក ក្នុងចំណោម​ការប្រកួត ៦​ លើកចុងក្រោយ​របស់ខ្លួន​។ យ៉ាងណាក្ដី ក្រុម​ភ្ញៀវ Newcastle បានធ្វើ​ដំណើរ​ទៅមុខ​មុន​ជាមួយនឹង​គ្រាប់​បាល់​របស់​ខ្សែការពារ Fabian Schar តែ​ខ្សែការពារ Ben Davies ជា​អ្នក​ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​តាម​ស្មើ មុន​ចប់​វគ្គ​ទី​១ នៃ​ការប្រកួតនៅ​ភាគ​ខាងជើង​ក្រុង​ឡុង​ដ៍​នេះ​។​

​ចូលដល់​វគ្គ​ទី​២ កីឡាករ Matt Doherty, Son Heung-min, Emerson Royal និង Steven Bergwijn បាន​បំប៉ោង​សំណាញ់​ទី​បន្តបន្ទាប់​គ្នា ដើម្បី​ដណ្ដើម​ជ័យជម្នះ​យ៉ាង​ងាយៗ​ឱ្យ​ក្រុម Spurs និង​ដើម្បី​រុញឱ្យ​ឡើងទៅ​នៅ​ពីលើ​ក្រុម​គូប្រជែង​រួម​ក្រុង Arsenal ជាមួយនឹង​គ្រាប់​បាល់​ចំណេញ​ច្រើនជាង ខណៈដែល​ក្រុម​កាំភ្លើង អាច​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​ ៤ មកវិញ ដោយ​គ្រាន់តែ​គេច​ឱ្យ​ផុតពី​បរាជ័យ ពេលធ្វើ​ដំណើរ​ទៅ​ទឹកដី​របស់​ក្រុម Crystal Palace នៅ​យប់​ថ្ងៃ​ចន្ទ​។​

​ដោយ​មិន​គិត​លើ​លទ្ធផល​នោះ ក្រុម​មាន់​ខ្នាយ​មាស នៅតែ​ស្ថិតក្នុង​ភាពរឹងមាំក្នុងការ​​ប្រជែង ដើម្បី​ដណ្ដើម​សិទ្ធិ​ទៅលេង នៅ​ក្របខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ បើទោះបីជា​លោក Conte បាន​អះអាងថា វា​នឹង​ក្លាយជា​អព្ភូតហេតុ ប្រសិនបើ​បានបញ្ចប់​នៅ​ចំណាត់ថ្នាក់ក្នុងចំណោម​ក្រុម​នៅ​ទី​កំពូល​ទាំង ៤ (Top4) ក៏ដោយ​។​

«​វា​ពិតជា​ពិបាក​ណាស់ ក្នុង​​ការ​ប្រជែង ដើម្បី​បាន​សិទ្ធិ​ទៅ Champions League​។ យើង​ចង់​ឈរ​នៅ​ទីនោះ រហូតដល់​ចប់​រដូវ​កាល​។ យើង​ត្រូវតែ​បន្ត​លេង ក្នុង​វិធីសាស្ត្រ​របៀបនេះ ជាមួយនឹង​ថាមពល​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​»​។ នេះ​ជាការ​លើកឡើង​របស់លោក Conte​។​

​អ្នកចាត់ការ​សញ្ជាតិ​អ៊ី​តា​លីបន្ថែមថា​៖ «​ខ្ញុំ​មាន​ក្ដី​រីករាយ​នេះ តាំង​ពីមុន​ឈប់សម្រាក​ទាត់​​អន្តរជាតិម្ល៉េះ។ ខ្ញុំ​និយាយថា វា​ពិតជា​គួរឱ្យ​សោកស្ដាយ ដែល​យើង​ត្រូវ​ឈប់សម្រាក​។ ខ្ញុំ​បាន​សុំឱ្យ​កីឡាករចាប់ផ្ដើមក្នុង​របៀប​ដដែល ដែល​យើង​បាន​បន្សល់ទុក​។ យើង​ដឹងថា យើង​នៅសល់ ៨​ ហ្គេម​ចុងក្រោយ​។ ក្រុម Arsenal មានប្រៀប​ជាង​យើង តែ​ក្នុង​ការលេង​ទល់នឹង​ពួកយើង នាពេលនេះ មិនមែន​ងាយស្រួល​ឡើយ​»​។​

Holgate​​ (កណ្ដាល) របស់ Everton ប្រជែង​តែតបាល់ជាមួយ Bowen (ស្ដាំ) របស់ West Ham។ AFP

​នៅឯ​កីឡដ្ឋាន London (London Stadium) ឯនោះ​វិញ ក្រុម​ញញួរ​ធំ West Ham ​របស់លោក David Moyes បាន​រំកិល​ឡើងទៅ​នៅ​លេខ​ ៦ ដោយសារ​គ្រាប់​ជ័យជម្នះ​របស់​កីឡាករ Jarrod Bowen នៅ​វគ្គ​ទី​២ ដែលជា​ការ​ស៊ុត​បញ្ចូល​ទី នៅ​ថ្ងៃ​វិល​មកលេង​ឱ្យ​ក្រុម​វិញ ក្រោយ​បាត់​មុខ ១ ខែ​ដោយសារ​របួស​ប្រអប់ជើង​។​

​ក្រុម​ម្ចាស់ផ្ទះ West Ham មាន​គ្រាប់​បាល់​នាំមុខ​ដោយ​ខ្សែ​​ការពារ Aaron Cresswell នៅ​នាទី​ទី​៣២ ដែល​ស៊ុត​បា​ល្រ់​ហ្វ៊ី​ឃិ​ក​បញ្ចូល​ទី​យ៉ាង​គួរឱ្យ​ស្ងើច មុនពេល​ខ្សែបម្រើ​ការពារ Mason Holgate ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ​វិញ​ភ្លាមៗ ក្រោយ​សម្រាក​វគ្គ​ទី​១​។​

​តែ​យ៉ាងណាក៏ដោយ ក្រុម Everton ចាប់ផ្ដើម​ចាញ់​ប្រៀប ដោយសារ​ខ្សែការពារ Michael Keane ត្រូវបាន​បណ្ដេញចេញ ក្រោយ​ទទួលបាន​ការពិន័យ​កាត​លឿង​ជា​លើក​ទី​២ ហើយ​ទីបំផុត ខ្សែបម្រើ​ប្រយុទ្ធ Bowen ក៏មាន​ឱកាស​រកបាន​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម West Ham នៅ​នាទី​ទី​៥៩​។​

​បរាជ័យ​ជា​លើក​ទី​៥ របស់​ក្រុម Everton ក្នុងចំណោម ៦ ប្រកួត​ចុងក្រោយ បាន​នាំឱ្យ​ពួកគេ​មានតែ ៣​​ ពិន្ទុ​ប៉ុណ្ណោះ ពីលើ​ក្រុមដែល​ស្ថិតក្នុង​តំបន់​គ្រោះថ្នាក់ ហើយ​បើទោះបីជា​ក្រុម​របស់លោក Frank Lampard នៅសល់ ២​ ហ្គេម​ក្នុង​ដៃ លើ​ក្រុម​បាត​តារាង​លេខ ​៣ Watford ក៏ដោយ ក៏​កំណត់ត្រា​ជា​មោទនភាព​របស់​ពួកគេ ក្នុងការ​បាន​លេង នៅ​ក្របខ័ណ្ឌ​កំពូល​រៀងរាល់​រដូវ​កាល ចាប់​​តាំងពី​ឆ្នាំ​ ១៩៥៤-១៩៥៥ នៅតែ​ស្ថិតក្រោម​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ប្រាកដ​ណាស់​។​

​លោក Lampard ត្រូវបាន​សួរ​សំណួរ​ចំពោះ​អាកប្បកិរិយា​របស់​កីឡាករ​ក្នុង​ក្រុម ក្រោយ​ពួកគេ​បាន​ធ្លាក់​ចេញពី​កម្មវិធី​អេ​ហ្វ​អេ​ខាប់ (FA Cup) ក្នុង​វគ្គ ៨ ​ក្រុម​ចុងក្រោយ ដោយ​ការ​​ចាញ់​យ៉ាង​អាម៉ាស់ ក្រោម​ថ្វី​​ជើង​របស់​ក្រុម Crystal Palace ខណៈ​ការធ្វើដំណើរ​ទៅផ្ទះ​របស់​ក្រុម​បាត​តារាង Burnley នៅ​យប់​ថ្ងៃ​ពុធ បាន​ក្លាយជា​ហ្គេម​ដ៏​សំខាន់ ក្នុង​យុទ្ធនាការ​ប្រជែង ដើម្បី​រស់​របស់​ក្រុម Everton៕ AFP/VN