​ក្រុង​មេន​ឆេ​ស្ទ័​រ​: កិច្ចខិតខំ​​ប្រឹងប្រែង ដើម្បី​ឈ្នះ​ពានរង្វាន់​ឱ្យបាន ​៤ ក្នុង ១ ​រដូវ​កាល​របស់​ក្រុម​ហង្ស​ក្រហម Liverpool និង​ការ​តាម​ប្រដេញ​របស់​ក្រុម​មេឃ​ខៀវ Manchester City ដើម្បី​បាន​ស្មើនឹង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​គូប្រជែង​រួម​ក្រុង Manchester United ដែល​លើក​ពាន​ដល់​ទៅ ​៣ កាលពី​ឆ្នាំ​ ១៩៩៩ កំពុងតែ​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​ការ​ប៉ះគ្នា ក្នុង​រយៈពេល ២ ​សប្តាហ៍​ខាងមុខ​។​

​ក្រុម Man City ដែល​កំពុង​ឈរ​នៅ​ទី​កំពូល​តារាង​ពិន្ទុ នៃ​ក្របខ័ណ្ឌ Premier League នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត ដែល​អាច​កំណត់​អ្នក​គ្រង​ជើង​​ឯក​នាពេលខាងមុខ ទល់នឹង​ក្រុម​លេខ​ ២ Liverpool នៅ​ថ្ងៃអាទិត្យ នៅមុន​ពេល​ក្រុម​គូ​​ប្រជែង​ដ៏​ស្រួចស្រាល់​ទាំង ​២ ត្រូវ​ប៉ះគ្នា​ម្តងទៀត ក្នុង​កម្មវិធី FA Cup វគ្គ ១/២ ផ្តាច់ព្រ័ត្រ ក្នុង​ពហុ​កីឡដ្ឋាន Wembley នា​ថ្ងៃទី​ ១៦ ខែមេសា​។​

​តែ​យ៉ាងណាក្ដី ឥទ្ធិពល​នៃ​វគ្គ ៨ ក្រុម​ចុងក្រោយ នៅ​ក្រប​​ខ័​ណ្ឌ Champions League អាច​នឹង​ក្លាយជា​ផលប៉ះពាល់​ដ៏​ធំ​មួយ ចំពោះ​ក្រុមដែល​កំពុង​ដណ្ដើមបាន​ជើងឯក​ក្នុងស្រុក​។​

​តាម​ការ​សន្មត ក្រុម Liverpool មាននូវ​ការចាប់​ឆ្នោត​ល្អប្រសើរ​ជាង ក្នុង​វគ្គ ៨ ​ក្រុម​នេះ ដោយ​ត្រូវ​ជួប​ជាមួយនឹង​ក្រុម Benfica ស្រប​ពេលដែល​ក្រុម Man City ត្រូវ​ប្រឈម​ជាមួយ​ការប្រកួត​ចំនួន​ ២​ ជើង​ដ៏​តាន​​តឹង ទល់នឹង​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ Atletico Madrid​។​

​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម លោក Jurgen Klopp បាន​អះអាងថា ក្របខ័ណ្ឌ​អង់គ្លេស Premier League ជា​ពាន​​រង្វាន់​ដ៏​សំខាន់បំផុត ដែល​ត្រូវ​ប្រជែង​ឱ្យបាន​សម្រាប់​ក្រុម​របស់គាត់ ដែល​បាន​លើក​រួច​​ហើយ​នូវពាន​លី​គ​ខាប់ League Cup នា​រដូវ​កាល​នេះ តែ​នោះ​អាច​មិនមែនជា​គោលដៅ​ចម្បង​របស់​ក្រុម Man City ដោយសារ​ពួកគេ​ចង់​បញ្ចប់​ការ​​រង់ចាំ​យ៉ាងយូរ​របស់​ក្លិប ក្នុងការ​បានក្លាយ​ជា​ជើងឯកនៅ Champions League​។​

​ការទទួលបាន​លទ្ធផល​ផ្សេង ក្រៅពី​ការ​ដណ្តើមបាន​ជ័យជម្នះ​ប្រកបដោយ​ការជឿជាក់ ពេលដែល​ក្រុម Atletico ធ្វើដំណើរ​ទៅ​ប្រកួត​នៅ​កីឡដ្ឋាន Etihad នៅ​រាត្រី​នេះ នឹងធ្វើ​ឱ្យ​លោក Guardiola ជួប​ការលំបាក​លើ​ការបង្កើតឱ្យមាន​តុល្យភាព​ក្នុងការ​ជ្រើសរើស​ក្រុម​របស់លោក សម្រាប់​ការ​ដណ្តើមពាន ពេល​ប៉ះ​ប្រកួត​ជាមួយនឹង​ក្រុម Liverpool​។

«​នៅក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League នាពេល​បន្ទាប់ យើង​នឹង​ប៉ះ​ជាមួយ​ក្រុម Liverpool​។ យើង​ដឹង​ច្បាស់​ថា ពួកគេ​នឹង​ឈ្នះ​ស្ទើរតែ​គ្រប់​ហ្គេម​ទាំងអស់ ដោយ​សង្ឃឹមថា មិនមែនជា​ការប្រកួត​លើក​នេះ​ចុះ តែ​យើង​នឹង​ព្យាយាម​ធ្វើ​បែប​ហ្នឹង​ដូចគ្នា​»​។ នេះ​ជាការ​​លើកឡើង​របស់លោក Pep បន្ទាប់ពី​ក្រុម Man City របស់លោកយកឈ្នះ​ក្រុម Burnley កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​បង្កើតឱ្យមាន​នូវ​ការនាំ​មុខ ១ ​ពិន្ទុ លើ​ក្រុម Liverpool វិញ​។​

​អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​មេឃ​ខៀវ​ដែលមាន​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បានបញ្ជាក់​ប្រាប់ឱ្យដឹង​បន្ថែមថា​៖ «​នៅពេលដែល​អ្នកធ្វើដំណើ​រ​មកដល់​ខែឧសភា ដើម្បី​ប្រជែង​ជើងឯក មានន័យថា អ្នកមាន​នូវ​រដូវ​កាល​ដ៏​ពិសេស​អស្ចារ្យ​មួយ​។ ការ​បាន​ឡើងទៅ​ឈរ​នៅក្នុង​ចំណាត់ថ្នាក់​នេះ គឺ​ព្រោះតែ​យើង​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ហើយ​យើង​បានសម្រេច​នូវ​សមិទ្ធផល​នោះ ជា​រៀងរាល់​រដូវ​កាល​»​។

​ក្រុម Liverpool គ្រាន់តែ​រីក​​រាយ ដែល​អាច​មកឈរ​ក្នុង​ទី​​តាំង​នេះ បន្ទាប់ពី​ពួកគេ​បានធ្វើឱ្យ​ការ​តាម​ពីក្រោយ​ដល់​ទៅ ១៤ ​ពិន្ទុ កាលពី​ខែមករា មក​នៅត្រឹម​គម្លាត​តែ ១ ​ពិន្ទុ​វិញ​៕ AFP/VN