ក្រុង​ហាក​ហ្គ៍​: គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ លោក Louis van Gaal កាលពី​ថ្ងៃអាទិត្យ បាន​ប្រាប់​ឱ្យដឹងថា បើទោះបី​គាត់​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ក៏ដោយ ក៏​គាត់​នៅតែមាន​គម្រោង​ដឹកនាំ​ក្រុម​របស់គាត់ ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កាតា ដែល​នឹង​កើតមាន នៅ​រយៈពេល ៧ ​ខែ​ខាងមុខ​ដដែល​។​

«​កីឡាករ អត់​បានដឹង​រឿងនេះ​ទេ​»​។ នេះ​ជាការ​ឱ្យដឹងពី​គ្រូបង្វឹក​វ័យ ៧០ ​ឆ្នាំ ដែល​បាន​ប្រាប់​ទូរទស្សន៍ RTL ដោយបាន​បន្ថែមទៀតថា គាត់​បាន​ឆ្លងកាត់​ការព្យាបាល​ដោយ​វិទ្យុសកម្ម​រួចហើយ​ចំនួន ២៥ ដង ដោយ​ក្នុងនោះ​រួមទាំង​ពេល​ល្ងាច អំឡុង​នៅ​កន្លែង​ហ្វឹកហាត់​ជាមួយ​ក្រុម​ហូ​ឡង់​ផងដែរ​។​

«​វា​ជា​ចំណែក​នៃ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ធ្លាប់បាន​ឆ្លងកាត់​រឿងរ៉ាវ​ច្រើនណាស់​ក្នុង​ជីវិត ដោយ​ការ​មាន​ជំងឺ និង​សេចក្ដី​ស្លាប់ ខ្ញុំ​ប្រហែលជា​ក្លាយជា​អ្នកមាន​ជាង​មុន​ដោយសារ​បទពិសោធ​ទាំង​​អស់នោះ​»​។ លោក Van Gaal បាន​បន្ថែមនៅក្នុង​កិច្ចសម្ភាសន៍​មួយ ដែល​នឹងធ្វើ​ការចេញផ្សាយ​ខាងមុខ ក្នុង​វីដេអូ​ភាពយន្ត​ស្ដីពី​ជីវិត​របស់គាត់ ដែលមាន​ចំណងជើង​ថា «LOUIS»​។​

​លោក Van Gaal កំពុងស្ថិត​ក្នុង​អាណត្តិ​ទី​៣ របស់គាត់ក្នុងនាម​ជា​គ្រូ​​បង្វឹក​របស់​ជម្រើសជាតិ​ពណ៌​ទឹក​​ក្រូច​ហូ​ឡង់ បន្ទាប់ពី​ធ្លាប់បាន​ដឹកនាំ​ចំនួន ២​ លើក ក្នុង​ឆ្នាំ​ ២០០០-២០០១ និង​ឆ្នាំ ​២០១២-២០១៤​។​

​គាត់​បាន​បង្កឱ្យមាន​ភា​ព​ចម្រូង​​ចម្រាស កាលពី​ខែ​មុន នៅពេលដែល​គាត់​បាន​ពណ៌នា ចំពោះ​ការសម្រេច​​ចិត្ត​ឱ្យមាន​ការរៀបចំ​នូវ​ព្រឹត្តិការណ៍ World Cup ក្នុងប្រទេស​កាតា​ថា ជា​រឿង​គួរឱ្យ​អស់សំណើច ដោយ​ចោទ​​ប្រកាន់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) ថា ត្រូវបាន​ជំរុញឱ្យមាន​ការ​​សម្រេច​នេះ ដោយសារ​ផលប្រយោជន៍​ពាក់ព័ន្ធ​នឹង​ប្រាក់ និង​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ​។​

​កាលពី​សប្ដាហ៍​កន្លងទៅ មានការ​​ប្រកាសថា លោក Van Gaal ធ្វើតេស្ត​ទទួលបាន​លទ្ធ​ផល​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ ១៩ ហើយ​កាលពី​ឆ្នាំ​ ២០២១ អតីត​​អ្នកចាត់ការ​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona និង​បិសាច​ក្រហម Manchester United រូបនេះ បាន​បាក់ឆ្អឹង​​ត្រគាក ដោយសារ​ធ្លាក់​ពីលើ​កង់​។​

​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ត្រូវ​ស្ថិតនៅក្នុង​ពូ​ល ​A ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​កាតា អេក្វាទ័រ និង​សេ​ណេ​ហ្គា​ល់ ក្រោយ​បញ្ចប់​ការចាប់​ឆ្នោត សម្រាប់​ការប្រកួតប្រជែង​នៅ World Cup ២០២២ ក្នុង​ទីក្រុង​ដូ​ហា​។​

​ជាមួយគ្នានេះ ក្រុម Man United ដែល​គាត់​បាន​ដឹកនាំ ពី​ឆ្នាំ ​២០១៤ ដល់​ឆ្នាំ ​២០១៦ ស្ថិត​ក្នុងចំណោម​អ្នកផ្សេងៗ​ទៀត ដែល​សូមឱ្យ​បុរស​​សញ្ជាតិ​ហូ​ឡង់​មាន​សុខភាព​រឹងមាំ​វិញ​យ៉ាង​ឆាប់រហ័ស​។​

​ក្លិប​យក្ស​របស់​ប្រទេស​អង់គ្លេស បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន​ថា​៖ «​គ្រប់គ្នានៅឯ​ក្លិប Manchester United សូម​ផ្ដល់​ជា​កម្លាំងចិត្ត​យ៉ាង​ពេញទំហឹង​ដល់​អតីត​អ្នកចាត់ការ​ក្រុម លោក Louis van Gaal ក្នុង​ការតស៊ូ​ជាមួយនឹង​ជំងឺ​​មហារីក​នេះ​។ ពួកយើង​សូម​ផ្ញើជូន​អ្នក​នូវ​កម្លាំង​ថាមពល និង​ការលើកទឹកចិត្ត លោក Louis»​។

​ហើយ​ក្រុម Barcelona ដែល​គាត់​បាន​តួនាទី​ជា​អ្នកចាត់ការ ២ ​លើក និង​ឈ្នះ​ពាន​លី​គ​កំពូល​អេ​ស្ប៉ា​ញ ២ ​លើក បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter ថា​៖ «​ចិត្តគំនិត និង​ការ​បួងសួង​របស់​យើង សូម​មាន​ទៅដល់​អតីត​​អ្នកចាត់ការ​របស់​ក្រុម Barca លោក Louis van Gaal​។ ចូរ​រឹងមាំ​ឡើង​លោក Louis ហើយ​សូម​ជាសះស្បើយ​ឆាប់ៗ​»៕ AFP/VN