ក្រុង​ឡុង​ដ៍​: លោក Mikel Arteta បាន​សុំទោស​ចំពោះ​ទម្រង់​លេង​ពិបាក​ទទួលយក​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ក្នុង​បរាជ័យ ៣-០ នៅផ្ទះ​របស់​ក្រុម Crystal Palace ដែលនាំឱ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​ការប្រឹងប្រែង​របស់​ពួកគេ ដើម្បី​បានបញ្ចប់ ក្នុងចំណោម​ក្រុម​នៅ​ទី​កំពូល​ទាំង ៤ (Top4) របស់​ក្របខ័ណ្ឌ Premier League​។​

​សម្រាប់​ហ្គេមនៅ​កីឡដ្ឋាន Selhurst Park កាលពី​ថ្ងៃ​ចន្ទ​នេះ ក្រុម​របស់លោក Arteta ត្រូវ​ធ្វើឱ្យ​បែកខ្ញែក ដោយសារ​គ្រាប់​បាល់ដែល​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ទី​១ ដោយ​កីឡាករ Jean-Philippe Mateta និង Jordan Ayew​។​

​បន្ទាប់ពី​សម្រាក​វគ្គ​ទី​១ ក្រុម​ភ្ញៀវ​មិនអាច​ប្រមូលផ្ដុំ​កម្លាំង​ឱ្យបាន​ប្រសើរ​ឡើងវិញ​ឡើយ ហើយ​ចុងក្រោយ បរាជ័យ​លើក​ទី​២ ក្នុងចំណោម ៣ ​ហ្គេម​ចុង​​ក្រោយ​របស់ Arsenal ក៏​កើតឡើង​ជាមួយនឹង​បាល់​ប៉េ​ណា​ល់​​ទី​របស់​កីឡាករ Wilfried Zaha នៅ​ចុង​ម៉ោង​នៃ​វគ្គ​ទី​២​។​

Arsenal បានធ្វើ​ដំណើរ​ចូលមក​ចុង​សប្ដាហ៍​កន្លងទៅ​ជាមួយនឹង​ចំណាត់ថ្នាក់​លេខ​ ៤ តែ​ជ័យជម្នះ ៥-១ របស់​ក្រុម Tottenham (Spurs) លើ​ក្រុម Newcastle កាលពី​ថ្ងៃអាទិត្យ នាំឱ្យ​ក្រុម​កាំភ្លើង​ធំ​មាន​សម្ពាធ​កាន់តែខ្លាំង​។​

​ការ​ប្រជែង ដើម្បី​បាន​សិទ្ធិ​ទៅលេងនៅ​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ តាមរយៈ​ការបញ្ចប់ក្នុង​ចំណាត់​​ថ្នាក់ Top4 កំពុងតែ​ក្ដៅគគុក ហើយ​ក្រុម Arsenal កំពុងស្ថិត​ក្នុង​ហានិភ័យនៃ​ការធ្លាក់​ចេញពី​ផ្លូវ​នេះ​។ ពួកគេស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥ ដោយនៅ​ពីក្រោម​ក្រុម Spurs ដោយសារ​គ្រាប់​បាល់​ចំណេញ​តិចជាង តែ​លេង​តិចជាង​ក្រុម​គូប្រជែង​រួម​ក្រុង​ឡុង​ដ៍​នេះ

១ ​ហ្គេម​។​

​ក្រុម​ញញួរ​ធំ West Ham និង​បិសាច​ក្រហម Manchester United ដែល​ទាំង ២​ ក្រុម តាម​ពីក្រោយ​ក្រុម Arsenal ៣​ពិន្ទុ​ដូចគ្នា ក៏​នឹក​ស្រមៃ​ចង់បាន​ឱកាស​របស់​ពួកគេ​ផងដែរ បន្ទាប់ពី​មាននូវ​លទ្ធផល ដែលនាំឱ្យ​ការ​ប្រជែង​តំណែង Top4 កាន់តែ​បើកទូលាយ​ជាង​មុន​។​

«​យើង​ធ្វើឱ្យ​ការ​ប្រជែងមិនអាច​ទៅរួចដោយ​វិធី ដែល​យើង​បាន​លេង​។ អ្នក​ត្រូវតែមាន​កាយ​សម្បទា​រឹងមាំ និង​ល្បឿន ហើយ​បន្ទាប់មក អ្នក​ត្រូវ​រកឱ្យឃើញ​វិធី​ដ៏​ត្រឹមត្រូវ ដើម្បី​លេង​។ យើង​ពិតជា​លេង​មិន​ស៊ីចង្វាក់​គ្នា​មែន ហើយ​នោះ​គឺជា​អ្វី ដែល​មិនអាច​ទទួលយក​»​។ នេះ​ជាការ​លើកឡើង​របស់លោក Arteta​។​

​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​បន្ថែមថា​៖ «​យើង​លេង​មិនល្អ​សោះ ជាពិសេស​នៅ​វគ្គ​ទី​១​។ ខ្ញុំ​សុំទោស​ចំពោះ​អ្នកគាំទ្រ​របស់​យើង​ផង​។ យើង​មិនមាន​ភាព​​រឹងមាំ ឬ​ការតាំង​ចិត្ត ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នោះទេ​។ នោះ​ហើយ​ជា​អ្វី ដែល​ខ្ញុំ​មាន​អារម្មណ៍​ខឹងសម្បា​បំផុត​»​។​

​វា​ជា​លទ្ធផល​ឈឺចាប់​ដ៏​ធំ​មួយ សម្រាប់​អ្នកគាំទ្រ​របស់ Arsenal ដោយសារ​វត្តមាន ក្នុង​ទឹកដី​របស់​ក្រុម Palace នៃ​គ្រូបង្វឹក​របស់​ក្រុម​ឥន្ទ្រី លោក Patrick Vieira ព្រោះ​លោក​ជា​អតីត​វីរបុរស​របស់​ក្រុម​កាំភ្លើង​ធំ ដែល​សម្រេច​ជោគជ័យក្នុងការ​​ជួយ​ឱ្យ​ក្លិប​ឈ្នះ​ពានរង្វាន់​នានា​យ៉ាងច្រើន​៕ AFP/VN