​ក្រុង​ឡុង​ដ៍​: ក្រុម​តោ​ខៀវ Chelsea ត្រូវ​ប្រឈម​នឹង​ក្រុម​អធិរាជ​ស Real Madrid នៅ​យប់​ថ្ងៃ​ពុធ ដែល​នឹង​កើតឡើង ក្រោយ​ការរង​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ពួកគេ ក្នុង​រដូវ​កាល​នេះ តែ​សមត្ថភាព​ខាំធ្មេញ​ស៊ូ​របស់លោក Thomas Tuchel ក្នុងការ​ធ្វើឱ្យ​កីឡាករ​របស់គាត់​មានការ​ផ្តោត​ស្មារតី គួរតែ​ធានាថា ក្រុម​ម្ចាស់​ជើងឯក​ក្រប​​ខ័​ណ្ឌ Champions League កំពុង​ត្រៀមខ្លួន​បាន​យ៉ាង​ប្រសើរ សម្រាប់​តេស្ត​សាកល្បង​ចុងក្រោយនៃ​ភាព​​អត់ធន់​របស់​ពួកគេ​។​

​ទោះបីជា​បរាជ័យ ក្នុង​លទ្ធផល ៤-១ នៅផ្ទះ​ខ្លួនឯង កាលពី​ថ្ងៃ​សៅរ៍ ក្រោម​ថ្វី​ជើង​របស់​ក្រុម Brentford គឺ​ស្ទើរតែ​ជា​មិនមែន​ការត្រៀមខ្លួន​ដ៏​ល្អ​បំផុត សម្រាប់​ការប្រកួត​ជើង​ទី​១ ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រទល់នឹង​ក្រុម Real ក៏ដោយ ក៏​គ្រូបង្វឹក​របស់​ក្រុម Chelsea លោក Tuchel បាន​ដោះស្រាយ​ជាមួយនឹង​ស្ថានភាព​ដ៏​លំបាក​បំផុត ក្នុងអំឡុងពេល​វឹកវរ ដែល​កើតមាន​ក្នុង​ក្លិប​របស់គាត់​យ៉ាង​ល្អប្រសើរ​ដែរ​។​

​ក្នុងខណៈដែល​ម្ចាស់​ក្លិប Chelsea លោក Roman Abramovich ត្រូវបាន​រដ្ឋាភិបាល​អ​ង់​គ្លេ​ស​ដាក់ទណ្ឌកម្ម ដោយ​ចោទប្រកាន់ ចំពោះ​ទំនាក់ទំនង​របស់គាត់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បន្ទាប់ពី​មានការ​លុកលុយ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ក្រុម​តោ​ខៀវបាន​ធ្លាក់​ចូលទៅក្នុង​បញ្ហានៃ​ការដួលរលំ​ផ្នែក​ហិរញ្ញវត្ថុ ដែល​គំរាមកំហែង​ដល់​ការ​លេប​ត្របាក់​ក្រុម​របស់លោក Tuchel​។​

​ដោយ​មិនអាច​ចរចា​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​របស់ខ្លួន​បាន ដោយសារ​ការ​​ដាក់ទណ្ឌកម្ម​នេះ ក្រុម Chelsea ត្រូវ​ជួបនឹង​ភាពទាល់ច្រក ខណៈដែល​ខ្សែការពារ​សំខាន់ៗ Antonio Rudiger, Andreas Christensen និង Cesar Azpilicueta បាននិងកំពុង​ពិចារណា​ចំពោះ​អនាគត​របស់ខ្លួន​។​

​បើទោះបីជា​វា​អាច​មិនមែន​ការរំខាន​គ្រប់គ្រាន់​ល្មម នាពេលខាងមុខ​ក៏ដោយ ក៏​ការព្រួយបារម្ភ កំពុងតែ​កើន​​ឡើងដែលថា ក្រុម Chelsea អាច​ត្រូវបាន​ជាប់​ពិន័យ​រដ្ឋបាល ចំពេល​មាន​ភាពវឹកវរ ដែល​បង្កឡើង​ដោយ​ការដាក់​​ទណ្ឌ​កម្មនេះ​។​

Tuchel (កណ្ដាល) ទះដៃ​អបអរជាមួយកីឡាករ ក្រោយ Chelsea ឈ្នះ Lille នៅ Champions League វគ្គ ១៦ក្រុម​ ជើងទី២​​។ AFP

​ដោយមាន​ការដាក់​កម្រិត ចំពោះ​ចំនួន​ទឹកប្រាក់ ដែល​ពួកគេ​អាច​ត្រូវ​ចំណាយ​លើ​ការធ្វើដំណើរ​ទៅ​ប្រកួត​ក្រៅ​ទឹកដី លោក Tuchel បាន​និយាយ​បែប​កំប្លែង​ថា គាត់​សុខចិត្ត​បើកឡាន​​ក្រុង​របស់​ក្រុម​ដោយ​ខ្លួនឯង មុនពេល​មានជ័យ​ជម្នះ នៅ Champions League វគ្គ ១៦ ​ក្រុម​ចុងក្រោយ​របស់​ពួកគេ នៅឯ​ផ្ទះ​របស់​ក្រុម Lille​។​

​តែ​យ៉ាងណាក្ដី ទោះបីជា​ក្លិប​មាន​ភាពច្របូកច្របល់​ក៏ដោយ ក៏​លោក Tuchel នៅតែ​ធ្វើឱ្យ​កីឡាករ​របស់គាត់​បន្ត​ផ្តោតអារម្មណ៍​បាន​យ៉ាង​ល្អប្រសើរ ដែល​ពួកគេ បានឈ្នះ​ការប្រកួត ចំនួន ៦​ដង​ជាប់ៗ​គ្នា នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់ ពោលគឺ​ភ្លាមៗ បន្ទាប់ពី​លោក Abramovich ដាក់លក់​ក្លិប​។​

​វា​ជាការ​ឈ្នះ​បន្តបន្ទាប់​គ្នា ដែល​គូស​​បញ្ជាក់​អំពី​គុណភាព​ដ៏​ល្អ​បំផុត​របស់លោក Tuchel ខណៈដែល​គាត់បាន​បង្វែរ​នូវ​ការរង​សម្ពាធ​ណាមួយ​ចេញពី​កីឡាករ​របស់គាត់ ជាមួយនឹង​ការឆ្លើយ​​តប​ប្រកបដោយ​ភាព​វៃឆ្លាត និង​ការ​​យល់ចិត្ត​យល់​ថ្លើម ចំពោះ​សំណួរ​អំពី​សង្គ្រាមនៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ផល​​វិបាក ដែល​មិនបាន​រំពឹងទុកសម្រាប់​ក្លិប Chelsea​។​

​ដោយ​ដឹង​ច្បាស់​ថា កីឡាករ​របស់គាត់មិនអាច​ដោះស្រាយក្នុងការ​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ខ្លួនឯង ជាមួយនឹង​ការធ្វើដំណើរ​របស់​ក្រុម Real មកកាន់​កីឡដ្ឋាន Stamford Bridge កំពុង​លេច​ស្រមោល​ស្ទុងៗ​នោះ លោក Tuchel បាន​ព្យាយាម​និយាយ​សម្រាល​ពី​ទំហំ​នៃ​បរាជ័យ ទល់នឹង​ក្រុម Brentford​។​

«​ក្រោយ​មានជ័យ​ជម្នះ និង​លទ្ធផល​ល្អ​យ៉ាងច្រើន ខ្ញុំ​ឥឡូវនេះ នឹងមិន​ទទួលយក​ភាព​សោកសៅនៃ​លទ្ធផល​នេះ​។ ហេតុអ្វីយើង​គួរតែ​អ៊ីចឹង​?»​។ អ្នកចាត់ការ​ក្រុម​តោ​ខៀវ លោក Tuchel បានលើកឡើង​ដូច្នេះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម ដែល​ក្រុម Chelsea ត្រូវ​តបតទល់នឹង​ក្រុម Real ដែល​កំពុងមាន​ពិន្ទុ​នាំមុខគេ នៅ​ក្រប​​ខ័​ណ្ឌ La Liga នេះ លោក Tuchel ប្រាប់ថា​៖ «​វា​ជា​រឿង​ពិបាក​ណាស់ ព្រោះ​វា​មិនមែនជា​រឿង​ប្រក្រតី សម្រាប់​ពួកយើង ចំពោះ​អ្វី ដែល​បាន​កើតឡើង​នោះឡើយ​។ វា​ជា​រឿង​សរុប​ខ្លីៗ នៃ​ហេតុការណ៍​ចម្លែកៗ តែ​វា​ជា​រឿង​របស់​យើង និង​វា​ជា​កំហុស​របស់​យើង​»​។​

​សម្រាប់​ជំនួប​រវាង​ក្រុម Chelsea និង​ក្រុម Real នេះ កាលពី​រដូវ​កាល​មុន ក្នុង​វគ្គ ៤ ​ក្រុម​ចុងក្រោយ គឺ​ក្លិប​យក្ស​អង់គ្លេស ទម្លាក់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ ដោយ​ការយក​ឈ្នះ​ពី​ការប្រកួត​ទាំង ២​ជើង ៣-១៕ AFP/VN