ក្រុង​ប៊ែ​រ​ឡាំង​: ក្លិប Freiburg នៅ​អាល្លឺម៉ង់កាលពី​ថ្ងៃ​ចន្ទ បានធ្វើ​ការប្តឹង​ឧទ្ធរណ៍​តវ៉ា​នឹង​ការរង​បរាជ័យ ៤-១ របស់​ពួកគេ​ទល់នឹង​ក្រុម Bayern Munich កាលពី​ចុង​សប្តាហ៍ ដោយ​ចោទថា ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Bundesliga បានដាក់​កីឡាករ​ចំនួន ​១២ ​នាក់ ក្នុង​រយៈពេល​ខ្លី បន្ទាប់ពី​មានការ​ប្តូរ​កីឡាករនៅ​ចុង​ម៉ោង​។​

​កាលពី​ថ្ងៃ​សៅរ៍ ពេល​កីឡាករ Niklas Suele និង Marcel Sabitzer ដែល​ក្រោយមកបាន​ស៊ុត​បញ្ចូល​ទី ទាំង ២ ​នាក់ បាន​ដើរចូល​ទីលាននៅ​នាទី​ទី​៨៦ ដោយពេល​នោះ មាន​កីឡាករ​តែ​ម្នាក់​គត់ ដើរចេញ​ក្រៅ ដែល​នោះ​ធ្វើឱ្យ​ក្រុម​ភ្ញៀវ Bayern មាន​ចំនួន​កីឡាករ នៅលើ​ទី​លានលើស​ម្នាក់ ក្នុង​រយៈពេល​ប្រមាណ​ជា​ ១៧​ វិនាទី​។​

«​ក្លិប Freiburg បានធ្វើការ​​សម្រេចចិត្ត បន្ទាប់ពី​មានការ​ពិភាក្សាគ្នា​យ៉ាង​ហ្មត់ចត់ ក្នុង​កម្រិត​ផ្សេងៗ​គ្នា និង​ការពិនិត្យ​ខាង​ផ្លូវច្បាប់ ក្នុង​ការដាក់​បណ្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​សុពលភាព នៃ​ការប្រកួត​»​។ នេះ​ជា​សេចក្ដីប្រកាស​របស់​ក្លិប​។​

​តាមច្បាប់​របស់​លី​គ ការបំពាន​លើ​បទ​ប្បញ្ញត្តិនៃ​ការដូរ​កីឡាករ​បម្រុង​នោះ អាច​ឃើញ​នូវ​លទ្ធផលត្រូវបាន​បញ្ច្រាស​វិញ ដោយ​ការផ្ដល់​ពិន្ទុ​ដល់​ក្រុម Freiburg​។​

​សេចក្ដីប្រកាស​នោះ បាន​បន្តថា​៖ «​ដើម្បី​ចាប់ផ្ដើម​ចំណុច​មួយ ក្នុង​ចំណុច​ជាច្រើន យើង​បាន​មើលឃើញថា ខ្លួនឯង​ស្ថិតក្នុង​ការលំបាក ដែល​មិនមែនជា​កំហុស​របស់​យើង​នោះឡើយ​»​។​

«​ក្លិប Freiburg មិនបាន​ដើរតួនាទី​ខាងក្នុង និង​មិនមាន​ឥទ្ធិពល​លើ​ហេតុការណ៍ ជុំវិញ​ដំណើរការនៃ​ការផ្លាស់ប្តូរ​កីឡាករ​បម្រុង​នោះឡើយ​។ តែ​ទោះបីជា​យ៉ាងនេះ​ក្ដី បទ​ប្បញ្ញត្តិ​ផ្លូវច្បាប់ និង​នីតិវិធី​របស់ DFB (​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​) បាន​បង្ខំ​ឱ្យ​យើង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ដើម្បីឱ្យ​ហេតុ​​ការណ៍​នេះ ត្រូវបាន​ពិនិត្យ​ដោយ​ច្បាប់​ឡើងវិញ​»​។ នេះ​ជាការ​​បន្ថែម​ក្នុង​សេចក្ដីប្រកាស​របស់​ក្លិប Freiburg​។​

​ក្លិប Freiburg បញ្ជាក់ទៀតថា​៖ «​យើង​មិន​ចាប់អារម្មណ៍​លើ​ផលចំណេញ​អ្វី​ទាំងអស់ ក្នុង​ការបន្ត​កិច្ចការ​ដ៏​សកម្ម​នេះ ដែល​បាន​ផ្ដល់ឱ្យ​យើង ផ្ទុយ​នឹង​ឆន្ទៈ​របស់​យើង ហើយ​យើង​មាន​អារម្មណ៍​មិន​ស្រណុក​ស្រួល​ ជា​ពិសេសនៅក្នុង​រឿងនេះ​»​។​

​ក្លិប Freiburg ឱ្យដឹងទៀតថា ហេតុផល ១ ក្នុងចំណោម​ហេតុ​​ផល​នានា សម្រាប់​ការប្តឹង​ឧទ្ធរណ៍​នេះ គឺ​ដើម្បី​បង្កើតឱ្យមាន​នូវ​ភាពប្រាកដប្រជា​ផ្នែក​ច្បាប់ ពេល​មាន​ករណី​ស្រដៀង​​គ្នា​នេះ នាពេល​អនាគត​។​

​ក្នុងករណីនេះ DFB ចេញ​សេចក្ដី​ប្រកាសថា​៖ «​តុលាការ​កីឡា​មាន​សមត្ថកិច្ច នៃ​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ (DFB) ជាដំបូង នឹង​ស្វះ​ស្វែងរក​មតិ​​យោបល់ ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​នីតិវិធី​នេះ​»​។​

​ក្រុម Bayern កំពុងស្ថិត​លើ​ដំណើរ​ផ្លូវ​ឆ្ពោះទៅរក​ការ​ឈ្នះ​ជើងឯក​លី​គ​កំពូល​ជា​លើក​ទី ១០ ជាប់ៗ​គ្នា ដោយពេល​នេះ កំពុង​នាំមុខ ៩ ​ពិន្ទុ លើ​ក្រុម​លេខ ២ Borussia Dortmund ខណៈ​ក្រុម Freiburg ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ៥ ដោយ​តាម ៣​ ពិន្ទុ ពីក្រោយ​ក្រុម​លេខ ៤ RB Leipzig ដែល​កាន់កាប់​កៅអី​ចុងក្រោយ ក្នុងការ​បាន​សិទ្ធិ​ចូលរួម​លេង នៅ​ក្របខ័ណ្ឌ Champions League នា​​រដូវ​កាល​ក្រោយ​៕ AFP/VN