​ក្រុង​មេន​ឆេ​ស្ទ័​រ​: លោក Pep Guardiola (Pep) បាន​ពោល​សរសើរ​ចំពោះ​ការ​អត់ធន់​របស់​ក្រុម​មេឃ​ខៀវ Manchester City បន្ទាប់ពី​កីឡាករ Kevin De Bruyne បាន​បំបែក​ការ​​តស៊ូ​ដ៏​រឹងប៊ឹ​ងរ​បស់​ក្រុម Atletico Madrid ដោយ​ការ​ដណ្តើមបាន​ជ័យជម្នះ ១-០ ក្នុងការ​ប្រកួតនៅ​ក្របខ័ណ្ឌ Champions League វគ្គ ១/៤ ​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ កាលពី​ថ្ងៃ​អង្គារ​។​

​ក្រុម Man City របស់លោក Pep បាន​ប្រើពេល​យ៉ាងច្រើន​សឹង​ពេញ ១​ យប់ ដោយ​ការប្រើ​រូបមន្ត ឬ​វិធី​ដែល​ពេញ​ដោយ​កំហឹង ដើម្បី​បំបែក​ជញ្ជាំង​ក្រហម​-​ស នៃ​តំបន់​ការពារ​ដ៏​ណែន​ក្ដន់​របស់​ក្រុម Atletico សម្រាប់​ការប្រកួតនៅ​កីឡដ្ឋាន Etihad នេះ​។​

​តែ​លោក Pep បាន​បញ្ជូន​កីឡាករ Phil Foden ឱ្យចូល​ទីលាន នៅ​ពាក់កណ្ដាល​វគ្គ​ទី២ ហើយ​ការបញ្ជូន​បាល់​យ៉ាង​ស្អាត​អស្ចារ្យ​ពី​កីឡាករ​អន្តរជាតិ​អង់គ្លេស តម្រង់​ទៅ​កីឡាករ​អន្តរ​​ជាតិ​បែលហ្ស៊ិក De Bruyne ដែល​នៅ​ទីបំផុត បានផ្តល់​រង្វាន់​ដល់​ក្រុម Man City ជាមួយនឹង​ការ​មានប្រៀបនៃ​ការប្រកួតនៅ​ទឹកដី​របស់ខ្លួន​នេះ​។​

«​ខ្ញុំ​មិនបាន​រំពឹងថា នឹង​ឈ្នះ ៣​ ឬ​ ៤ ទល់នឹង​សូន្យ​នោះទេ​។ ខ្ញុំ​ដឹង​ច្បាស់​ថា ក្រុម​ណាដែល​យើង​កំពុង​ប្រឈម​ជាមួយ​។ ពួកគេ​នៅ​ជាមួយគ្នា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​»​។ លោក Pep បានលើកឡើង​។​

​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញបន្តថា​៖ «​ពួកគេ​ការពារ​បានល្អ​ណាស់ រឹង​ណាស់ និង​ខ្លាំងណាស់​។ យើង​អត់ធន់​បានល្អ​។ អ្នក​ត្រូវ​លេង​ទល់នឹង​ក្រុម​ទាំង​​នេះ​។ ពួកគេ​ចង់ឱ្យ​អ្នកមាន​ភាព​អន្ទះអន្ទែង​។ វា​ជា​លទ្ធផល​ល្អ​។ គួរឱ្យ​សោកស្ដាយ យើង​មានឱកាស ២-៣​ លើក​ទៀត ដែល​កីឡាករ Kevin De Bruyne មិនអាច​ស៊ុត​បញ្ចូល​ទី​ទៀត​»​។​

​ខណៈពេលដែល​លោក Pep បាន​មួល​គម្រប​បើ​កដប​ទឹក ដើម្បី​ជាការ​អបអរ​ដ៏​គួរឱ្យ​រំភើប​​ចិត្ត ដែល​គូសបញ្ជាក់​ពីអ្វី ដែលជា​យប់​តេស្ត​សាកល្បង សម្រាប់​ក្រុម​របស់គាត់ ដោយ​អ្នក​ចាត់​​ការ​របស់​ក្រុម Man City ដឹងថា ការប្រកួត គឺ​នៅ​ឆ្ងាយ​ពី​ការ​​បចប់​ណាស់​។​

«​ទោះបី​នាំមុខ ១-០ ក៏ដោយ ក៏​ការធ្វើដំណើរ​ទៅ​ក្រុង​ម្រ៉ា​ឌី​ដ គឺ​តានតឹង​ណាស់​។ យើង​ត្រូវតែ​គ្រប់គ្រង​អារម្មណ៍​របស់​យើង​។ វា​នឹង​ក្លាយជា​តេស្ត​សម្រាប់​ពួក​​យើង ពោលគឺ​ភាពចាស់ទុំ​របស់​យើង​។ យើង​នឹង​ព្យាយាម ស៊ុត​បញ្ចូល​ទី និង​ឈ្នះ​ហ្គេម​នេះ​»​។ លោក Pep បាន​បន្ថែម​។​

​ក្នុងការ​កំណត់​រដូវ​កាល ដែលមាន​រយៈពេល ១១​ ថ្ងៃ សម្រាប់​ក្រុម Man City ដែល​តាម​ប្រដេញ ដើម្បី​ឈ្នះ​ពាន​ចំនួន​៣​នោះ នេះ​គឺជា​ជោគជ័យ ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ដែល​បង្ហាញឱ្យឃើញ​ពី​ទម្រង់​លេង​ប្រកបដោយ​ភាព​អត់ធន់​របស់​ពួកគេ​។​

​តែ​ក្រុម Atletico បាន​ទម្លាក់​ក្រុម Manchester United រួចហើយក្នុង​វគ្គ ១៦ ​ក្រុម​ចុង​​ក្រោយនៅ​រដូវ​កាល​នេះ ខណៈដែល​ក្រុម Liverpool កា្ល​យ​ជា​ក្រុម​រងគ្រោះ ដោយសារ​ក្រុម​របស់លោក Diego Simeone នៅពេល​ហង្ស​ក្រហម គ្រង​ជើង​​ឯក ក្នុង​ឆ្នាំ​ ២០១៩-២០២០​។​

​ហើយ​ជាមួយគ្នានេះ ក្រុម​ជើងឯក​លី​គ​កំពូល​របស់​អេ​ស្ប៉ា​ញ​នេះ នឹងមាន​ជំនឿ​ជឿជាក់ថា ពួកគេ​អាច​នឹង​បង្កើតឱ្យមាន​នូវ​ភាព​ភ្ញាក់ផ្អើល​មួយ​ផ្សេងទៀត សម្រាប់​ការប្រកួតនៅ​ជើង​ទី​២ នា​ក្រុង​ម៉ាឌ្រី​ដ នា​ថ្ងៃទី ​១៣ ខែមេសា​នេះ​៕ AFP/VN