ក្រុង​លី​ស​បោ​ន​: ក្រុម​ហង្ស​ក្រហម Liverpool ចាប់ផ្ដើម​មានប្រៀប​ទាំងស្រុង សម្រាប់​ការប្រកួត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅ​ក្របខ័ណ្ឌ Champions League ទល់នឹង​ក្រុម Benfica កាលពី​ថ្ងៃ​អង្គារ ដោយសារ​គ្រាប់​បាល់​ពី​កីឡាករ Sadio Mane, Ibrahima Konate និង Luis Diaz បាន​ជួយ​ឱ្យ​ពួកគេ​មានជ័យ​ជម្នះ ៣-១ ក្នុងការ​ប្រកួត​ជើង​ទី១ នៅ​ទីក្រុង​លី​ស​បោ​ន (Lisbon)​។​

​ខ្សែការពារ​កណ្ដាល Konate តែ​តបាល់​បញ្ចូល​ទី​គ្រាប់​បាល់​ដំបូង​របស់ខ្លួន សម្រាប់​ក្រុម Liverpool ពី​ការទា​ត់បាល់​ចេញ​ជ្រុង មុនពេល​ខ្សែប្រយុទ្ធ Mane បំប៉ោង​សំណាញ់​ទី ដើម្បី​ធ្វើឱ្យ​ក្រុម​ភ្ញៀវ​មានប្រៀប​កាន់តែខ្លាំង សម្រាប់​ការប្រកួត នៅ​កីឡដ្ឋាន Luz នេះ​។​

​ក្រុម​ម្ចាស់ផ្ទះ Benfica បាន​បង្កើតឱ្យមាន​នូវ​ក្ដីសង្ឃឹម​ឡើងវិញ នៅ​ដើម​វគ្គ​ទី២ នៅពេលដែល​ការបង្កើត​កំហុស​របស់​កីឡាករ Konate បាន​បណ្ដោយឱ្យ​ខ្សែប្រយុទ្ធ Darwin Nunez មានឱកាស​បន្ថយ​ការនាំ​មុខ តែ​ខ្សែបម្រើ Diaz ដែលជា​កីឡាករ​ធ្វើបាន​យ៉ាង​អស្ចារ្យ​ស្ទើរ​ពេញ ១ ​យប់ បន្ថែម​គ្រាប់​ទី៣ ដើម្បីឱ្យ Liverpool ឈាន​ជើង​ម្ខាង​ទៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ​។​

«​ពួកគេ​បាន​ប្រឹង​ប្រយុទ្ធ ដើម្បី​រស់ (​ឱ្យមាន​គ្រាប់​បាល់​ស្មើ​វិញ​)​។ យើង​បាន​បើក​ចន្លោះប្រហោង​តិចតួច​ដែរ សម្រាប់​ពួកគេ​។ យើង​បាន​ស៊ុត​បញ្ចូល​​ទី​គ្រាប់​ទី៣ ហើយ​ខ្ញុំ​គិតថា គ្រប់គ្នាយល់ស្រប​ដូចគ្នា​ថា យើង​អាច និង​គួរតែមាន​គ្រាប់​ច្រើនជាង​នេះ​បន្ថែមទៀត​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ក្រុម Liverpool លោក Jurgen Klopp​។​

​ក្រុម Liverpool នឹងមាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់ ក្នុងការ​​បញ្ចប់​កិច្ចការ​របស់ខ្លួននៅ​ទឹក​ដី Anfield នា​សប្តាហ៍​ក្រោយ ដោយ​លោក Klopp មាន​ភាពងាយស្រួល​គ្រប់គ្រាន់ ក្នុងការ​សម្រេចចិត្ត​ដូរ​កីឡាករ Mohamed Salah, Mane និង Thiago Alcantara ដោយ​មិន​រារែក បន្ទាប់ពី​ការប្រកួត​ដំណើរការ​ទៅបាន ១ ​ម៉ោង​។​

​ជាពិសេស ខ្សែប្រយុទ្ធ Salah ប្រាកដ​ណាស់ពិតជា​ត្រូវ​រក្សាទុក សម្រាប់​ថ្ងៃអាទិត្យ នៅពេល​ក្រុម Liverpool ត្រូវ​ប្រឈម​ជាមួយ​ក្រុម​មេឃ​ខៀវ Manchester City នៅ​កីឡដ្ឋាន Etihad ជា​អ្វី ដែល​អាចជា​ហ្គេម​កំណត់ សម្រាប់​ការប្រកួតប្រជែង​ដណ្តើម​ជើងឯក​ដ៏​តាន​​តឹងនៃ​ក្របខ័ណ្ឌ Premier League​។​

​រឿង​ដែល​គួរឱ្យ​សោកស្ដាយ​តែ ១ គត់ គឺថា កីឡាករ Salah មិនអាច​មានឈ្មោះ​នៅលើ​ក្ដារ​លោត​ឈ្មោះ​អ្នក​ស៊ុត​បញ្ចូល​ទី ខណៈដែល​កីឡាករ​អន្តរជាតិ​អេ​ហ្ស៊ី​ប បាន​បណ្ដោយឱ្យ​ឱកាស​ជាច្រើន​បាត់បង់​អសារ​ឥត​ការ​។​

​លោក Klopp បាន​បន្ថែមទៀតថា​៖ «​គ្រប់​កីឡាករ​ទាំង​-​អស់ ក្នុងស្ថានភាព​នោះ ចង់​ស៊ុត​បញ្ចូល​ទី ហើយ​វា​ច្បាស់​​ណាស់ ដែល Mo (​ឈ្មោះ​ខ្លី​របស់ Mohamed Salah) ក៏​ចង់រក​គ្រាប់​បាល់​ឱ្យបាន​ដូចគ្នា​ដែរ​។ វា​ជា​ពេលវេលា​ដ៏​លំបាក ក្មេងៗ (​កីឡាករ​) ទើប​ត្រឡប់​ពី​ការប្រកួត​នៅ​អាហ្វ្រិ​ក​វិញ ហើយ​ស្ថានភាព​នោះ ពិតជា​មិន​ងាយស្រួល​ឡើយ​។ ជា​សម្ពាធ​ដ៏​ធំ​មួយ​។ ពួកគេ​ត្រូវការ​ពេល​​វេលា ដើម្បី​ដោះស្រាយ ពោល​​គឺ​គ្រប់យ៉ាង​នឹង​ប្រសើរឡើង​ជាមិនខាន​»៕ AFP/VN