​ក្រុង​តូ​ក្យូ​: អ្នក​ប្រដាល់​ឆ្នើមក្នុង​ប្រភេទ​ទម្ងន់​មធ្យម Gennady Golovkin វិល​ត្រឡប់មក​សង្វៀន​វិញ​ជា​លើកដំបូង ក្នុង​រយៈពេល ១៦​ ខែនៅ​ថ្ងៃ​សៅរ៍ ដែល​ការ​មានជ័យ​ជម្នះ​លើ​កីឡាករ​សញ្ជាតិ​ជប៉ុន Ryota Murata អាច​នឹង​បង្កើតឱ្យមាន​ជំនួប​លើក​ទី​៣ ដែល​ត្រូវបាន​ទន្ទឹងរង់ចាំ​ជា​យូរជាមួយ​កីឡាករ Saul Canelo Alvarez។​

​ម្ចាស់​ខ្សែក្រវាត់​របស់​ស្ថាប័ន IBF ដែលមាន​រហស្សនាម «GGG» Golovkin ដែល​ឈ្នះ ៤១ ​ដង ស្មើ ១ ​ដង និង​ចាញ់ ១​ ដង ក្នុងនោះ​ផ្ដូ​ល​គូប្រកួត​ឱ្យ​សន្លប់ ៣៦ ​ដង នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់ Murata (​ឈ្នះ​ ១៦ និង​ចាញ់​ ២​ ដង​) ដែល​គ្រង​ខ្សែក្រវាត់​ស្ថាប័ន WBA ដើម្បី​គ្រង​ខ្សែក្រវាត់​រួមក្នុងការ​ប្រកួតនៅ​សៃ​តា​ម៉ា​នៃ​ភាគ​ខាងជើង​ក្រុង​តូ​ក្យូ​។​

​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ធ្ងន់​សញ្ជាតិ​កា​ហ្សា​ក់​ស្ថាន ត្រូវបាន​កោតសរសើរ​ថា ជា​អ្នក​​ប្រដាល់​ដ៏​មានកេរ្តិ៍ឈ្មោះ​ល្បី​​ល្បាញ​បំផុត ដែល​ដើរ​ចូលមកក្នុង​សង្វៀននៅ​ប្រទេស​ជប៉ុន គិត​ចាប់តាំងពី​អតីត​ម្ចាស់​ខ្សែ​​ក្រវាត់​ពិភពលោកក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់ លោក Mike Tyson ដែល​ត្រូវបាន​វាយ​ឱ្យ​សន្លប់នៅ​ក្រុង​តូ​ក្យូ ដោយ​គូបដិបក្ខ​ខ្សោយ Buster Douglas ដោយ​នោះ​អាច​ចាត់ទុកថា ជា​បរាជ័យ​សោកសៅ​ធំ​បំផុត​របស់​វិស័យ​កីឡាប្រដាល់ ក្នុង​ឆ្នាំ ​១៩៩០​។​

Murata​ លើកដៃ ក្រោយទទួលបាន​ជ័យជម្នះ ក្នុង​ការប្រកួត​កន្លងមក។ AFP

​រង្វាន់ដែលជា​ដើមទុន​ដ៏​ធំសម្រាប់​កីឡាករ Golovkin គឺ​ការឡើង​សងសឹក ក្នុងជំនួប​លើក​ ៣ ដែល​អាច​នឹង​កើតមាន នាពេលខាងមុខ ជាមួយ​ស្ដេច​ប្រដាល់ វៃ​៉​មិន​រើស​ទម្ងន់ Alvarez នៅ​ចុង​ឆ្នាំនេះ ដោយ​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក មានប្រៀប​ស្ទើរតែ​គ្រប់ទឹកក្នុងការ​​ប្រកួត ២ ​លើក​កន្លងមក​។​

​ប្រសិនបើ​អ្នក​ប្រដាល់​ទាំង ២ ដែល​ទំនងជា​លាក់កំបាំង​នូវ​ភាពជា​បដិបក្ខ​រវាង​គ្នា និង​គ្នា​យ៉ាងពិត​ប្រាកដ នៅតែ​មិន​ចាញ់​មិន​ឈ្នះ ក្នុងការ​ប្រកួត​នាពេលខាងមុខ​របស់​ពួកគេ នោះ​ការ​តទល់​គ្នា​លើក​ទី​៣ នៅ​ខែកញ្ញា អាច​នឹង​បំបែក​កំណត់​​ត្រានៃ​ការលក់​សំបុត្រ និង​ការ​​ចំណាយ ដើម្បី​បាន​មើល​តាម​កញ្ចក់​ទូរទស្សន៍​។​

Alvarez ដែល​បាន​ផ្ដូ​ល​គូ​ប្រកួត​ទាំងអស់ ដោយ​ប្រមូល​ខ្សែក្រវាត់​ទាំង ៤ ​ស្ថាប័ន ក្នុង​ប្រភេទ​ទម្ងន់​មធ្យម កាលពី​ឆ្នាំមុន ក្នុង​រយៈពេល​តែ ១១ ​ខែ នឹងត្រូវ​ដំឡើង​គីឡូ​ទៅ​ទម្ងន់​ធ្ងន់ (​ចន្លោះ​ពី ៧៥ ដល់ ៨១ គ​.​ក​) ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ស្ថាប័ន WBA ពី​អ្នក​ប្រដាល់​មិន​ចាញ់​សោះ​សញ្ជាតិ​រុស្ស៊ី Dmitry Bivol នៅ​ថ្ងៃទី ​៧ ខែឧសភា​។​

Golovkin ដែល​ត្រូវ​ឈានដល់​វ័យ ៤០ ​ឆ្នាំ នៅ​ថ្ងៃ​សុក្រ​នេះ មិន​ធ្លាប់​ឈ្នះ​គូបដិបក្ខ​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក​នេះឡើយ​។​

​ការជួបគ្នា​លើក​ទី​១ របស់​ពួកគេ ក្នុង​ខែកញ្ញា ឆ្នាំ​ ២០១៧ ឃើញថា Golovkin បង្ហាញ​នូវ​ទម្រង់​ដ៏​គួរឱ្យ​ជឿជាក់ ដោយ​មនុស្ស​ជាច្រើន​ជឿថា រូបគេនឹងមាន​ជ័យជម្នះ តែ​ចៅក្រម​បានប្រកាស​ឱ្យ​ការប្រកួត​នោះ​ស្មើគ្នា ហើយ​ការរៀបចំ​ឱ្យ​ប៉ះគ្នា​ម្ដងទៀត​នៅ ៨ ​ខែក្រោយ ត្រូវបាន​ផ្អាកដោយសារ Alvarez ធ្វើតេស្ត​ឃើញ​សារធាតុ​ហាមឃាត់​។​

​ហើយ​នៅ​ទីបំផុត នៅពេល​ជំនួប​ទី​២ ​នោះ បានកើត​ឡើងនៅក្នុង​ខែកញ្ញា ឆ្នាំ ​២០១៨ Alvarez បាន​ប្រឹងប្រែង​រហូត​បាន​ជ័យជម្នះ ដោយ​ការទទួល​​បាន​នូវ​ការផ្ដល់​ពិន្ទុ​ដោយ​ភាគ​​ច្រើន បន្ទាប់ពី​បញ្ចប់​នូវ​ការ​​ប្រកួត​ដ៏​ជក់ចិត្ត នាពេលនោះ​។​

​កីឡាករ Golovkin បាន​និយាយថា ការ​ប្រជែង​ជាមួយ Alvarez មិនមែនជា​រឿង​តែ ១​ គត់ ដែល​បើក​បង្ហាញ​ពី​អាជីព​របស់គេ​នោះឡើយ នៅក្នុង​បទ​សម្ភាស​ថ្មីៗ​នេះ ជាមួយ​វេ​ប​​សាយ Bleacher Report ដោយ​ចង្អុលបង្ហាញ​ដល់​ការ​​ការពារ​ខ្សែក្រវាត់​ពិភពលោក ២១​ លើក​របស់គេ ដែលជា​ការ​​សម្រេច​បានជា​កំណត់ត្រាក្នុង​ប្រភេទ​ទម្ងន់​មធ្យម​។​

«​ប្រសិនបើ​ខ្ញុំ​នឹង​ឈានដល់​ការប្រកួត​លើក​ទី​៣ ជាមួយ Canelo នោះ វា​ពិតជា​នឹងមាន​គំនិត​ផ្សេងៗ​គ្នា ហើយ​មិនមែន​ជាមួយនឹង​គំនិត នៃ​ការកែ​​កំហុស​ណាមួយ​ទេ​។ ខ្ញុំ​មិន​ចូលប្រឡូក​ក្នុង​វិស័យ​ប្រដាល់ ដើម្បី​បង្ហាញ​អ្វីមួយ​ដល់​អ្នកណា​នោះឡើយ​»​។ នេះ​ជាការ​ឱ្យដឹង​បន្ថែម​របស់ Golovkin ដែល​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ DAZN ដោយ​បញ្ជាក់ថា រូបគេ​មិន​ត្រូវបាន​រំខាន​ដោយ​លទ្ធផលពី​ការប្រកួត ២ ​លើកដំបូង​នោះឡើយ​៕ AFP/VN