​ក្រុង​វីឡា​រៀល​: គ្រូបង្វឹក​របស់​ក្រុម Bayern Munich លោក Julian Nagelsmann បាន​និយាយថា ក្រុម​របស់គាត់សម​នឹង​ចាញ់ ក្រោយ​រង​​បរាជ័យ ១-០ របស់​ពួកគេ នៅឯ​ផ្ទះ​របស់​ក្រុម Villarreal ក្នុងការ​ប្រកួត នៅ​ជើង​ទី​១ នៃ​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​ពុធ​។​

​ខ្សែប្រយុទ្ធ Arnaut Danjuma ស៊ុត​បញ្ចូល​ទី​បាន ១ ​គ្រាប់​យ៉ាង​​លឿន ហើយ​ក្រុម Bayern នៅ​សំណាងល្អ ដែល​វិលត្រឡប់​ទៅ​អាល្លឺម៉ង់​វិញ ដោយ​មិន​ត្រូវបាន​នាំមុខ​ជាច្រើន​គ្រាប់​នោះ បន្ទាប់ពី​ខ្សែ​ប្រយុទ្ធ Gerard Moreno របស់​ក្រុម Villarreal ប៊ិះ​នឹង​ស៊ុត​បញ្ចូល​ទី​បន្ថែម ២ ​គ្រាប់​ទៀត​។​

«​វា​សម​នឹង​ចាញ់​។ យើង​លេង​មិន​បានល្អ​គ្រប់គ្រាន់​នោះទេ​។ ក្នុង​វគ្គ​ទី១ យើង​មិនមាន​ថាមពល​គ្រប់គ្រាន់​នោះទេ យើង​មិនបាន​បង្កើត​ឱកាស​ឱ្យ​ច្រើន សម្រាប់​ខ្លួន​យើង​នោះឡើយ ហើយ​យើង​បាន​ចាញ់​ប្រៀប ក្នុងការ​​គ្រប់គ្រង​បាល់​»​។ នេះ​ជាការ​លើក​​ឡើង​របស់​គ្រូបង្វឹក​ក្រុម Bayern លោក Nagelsmann ដែល​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ DAZN​។​

Moreno ស៊ុត​បុក​បង្គោល​ទី ហើយ​បន្ទាប់មក ការព្យាយាម​ស៊ុត​ពី​ចម្ងាយ ដោយ​ទាត់​បាល់​កោង បាន​ខុស​គោលដៅ​យ៉ាង​គួរឱ្យ​សោក​​ស្ដាយ​ជា​ពន់ពេក ដែល​ឱកាស​នោះ កើតមានបន្ទាប់ពី​អ្នកចាំទី Manuel Neuer ទាត់​បាល់​ផ្ដាច់​ខុស​បច្ចេក​​ទេស ខណៈដែល​រូបគេ​មិន​នៅក្នុង​ប្រអប់​គ្រោះថ្នាក់នៃ​ទី​របស់ខ្លួន​។​

​ហើយ​ពាក់ព័ន្ធ​នឹង​កំហុស​នោះ លោក Nagelsmann បាន​ប្រាប់​បន្ថែមថា​៖ «​យើង​នៅមាន​សំណាងល្អ ដែល​មិន​របូត​គ្រាប់​បាល់ពី​ការបង្ក​នូវ​កំហុស​នោះ​»​។​

​បរាជ័យ​នោះ បានបញ្ចប់​ដំណើរ​ផ្លូវ​ជា​កំណត់ត្រា ដែល​លេង​មិន​ចាញ់​សោះ​ចំនួន ២២ ​ហ្គេម នៅក្រៅ​ទឹកដីសម្រាប់ Champions League នេះ ខណៈ​នេះ​ជា​ដំណើរ​ត​គ្នា ដែល​ធ្លាប់​កើតមាន​តាំងពី​ខែកញ្ញា ឆ្នាំ​ ២០១៧ និង​ការ​ចាញ់ ក្នុង​លទ្ធផល ៣-០ ដោយសារ​ក្រុម Paris Saint-Germain ដែល​ពេលនោះ ត្រូវបាន​ដឹកនាំ​ដោយ​គ្រូបង្វឹក​របស់​ក្រុម Villarreal បច្ចុប្បន្ន លោក Unai Emery​។​

​ខ្សែប្រយុទ្ធ Thomas Mueller របស់ Bayern និយាយថា​៖ «​យើង​មិនបាន​រៀបចំ​ដោះស្រាយ ដើម្បី​បង្កើត​នូវ​ទម្រង់​លេង ដែល​យើង​ចង់បាន​។ យើង​ទទួលយក​នូវ​បរាជ័យ ១-០ នេះ​។ ប្រសិនបើ​គ្រប់យ៉ាង កាន់​តែមាន​ភាពអាក្រក់​ជាងនេះទៀត​នោះ ការ​ស៊ុត​បញ្ចូល​ទី អាច​នឹងមាន​ច្រើន​គ្រាប់​ទៀត​»​។​

«​យើង​ឃើញថា Villarreal មិន​​មែន​ជា​គូប្រកួត ដែល​អ្នក​អាច​យកឈ្នះ​បាន​ទាំងស្រុង​ទេ បើទោះបីជា​អ្វីដែល​បណ្ដាញសារព័ត៌មាន​មួយចំនួន កំពុង​ផ្សព្វផ្សាយ​ក៏ដោយ​។ យើង​ត្រូវ​​តែ​រៀបចំខ្លួន​ត្រៀម សម្រាប់​ជើង​ទី​២ និង​ការ​សងសឹក​របស់​យើង​»​។ លោក Mueller បាន​បន្ថែម​។​

​ក្រុម​ជើងឯក​អឺរ៉ុប ៦ ​សម័យកាល Bayern ត្រូវ​បើកទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម Villarreal នៅ​ក្រុង​មុយ​និ​ច នៅ​ថ្ងៃទី​ ១២ ខែមេសា ដោយ​ក្រុម​ដែល​ឈ្នះនៃ​ជំនួប​នេះ នឹងត្រូវ​ឡើងទៅ​ប្រឈម​ជាមួយ​គូ រវាង​ក្រុម Liverpool និង Benfica ក្នុង​វគ្គ ៤ ​ក្រុម​ចុងក្រោយ​៕ AFP/VN