​ក្រុង​ឡុង​ដ៍​: លោក Thomas Tuchel បាន​បន្ទោស​កីឡាករ​របស់​ក្រុម Chelsea ខណៈដែល​គ្រូបង្វឹក​របស់​ក្រុម​តោ​ខៀវ បង្ហាញ​ការខឹង​សម្បា បន្ទាប់ពី​រង​បរាជ័យ ដោយសារ​ក្រុម​អធិរាជ​ស Real Madrid ក្នុង​លទ្ធផល ៣-១ ពី​ការ​​ប្រកួតនៅ​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ ៨ ​ក្រុម​ចុងក្រោយ នៅ​ជើង​ទី​១ ក្នុង​ទឹកដី​របស់ខ្លួន​។​

​ក្រុម Chelsea របស់លោក Tuchel កំពុង​ប្រឈម​នឹង​ការ​​បញ្ចប់​រជ្ជកាល​របស់​ខ្លួន ក្នុងនាម​ជា​ម្ចាស់​ជើងឯក​ពាន Champions League បន្ទាប់ពី​ជួប​នូវ​រាត្រី​ដ៏​ជូរចត់ នៅឯ​កីឡដ្ឋាន Stamford Bridge កាលពី​យប់​ថ្ងៃ​ពុធ​។​

​គ្រាប់​បាល់​ហ៊ែ​ត​ទ្រិ​ក (​ស៊ុត ៣ គ្រាប់​) របស់​ខ្សែប្រយុទ្ធ Karim Benzema ដែល​ក្នុងនោះ​រួមទាំង​ការ​តែ​តបាល់​បញ្ចូល​ទី​យ៉ាង​ប៉ិនប្រសប់​គួរឱ្យ​ស្ងើច ២ ​គ្រាប់​ផងដែរ និង​ការ​​បញ្ចប់​ទី​ដោយ​ឥត​មេត្តា បន្ទាប់​​ពី​ការ​មាន​កំហុស​របស់​អ្នក​ចាំ​ទី Edouard Mendy ដែល​បានធ្វើឱ្យ​លោក Tuchel ទទួលស្គាល់ថា Chelsea មិនមាន​ឱកាស​ឡើងទៅ​វគ្គ ១/២ ​ផ្តាច់ព្រ័ត្រ​ឡើយ​។​

​ដោយ​ត្រូវបាន​សួរថា តើ​ការ​​ប្រកួត​នេះ នៅតែ​អាច​ដណ្ដើមបាន​នូវ​ជ័យជម្នះ​ឬទេ​? លោក Tuchel ឆ្លើយតប​ថា​៖ «​ទេ​! មិនមែន​លើក​នេះ​ទេ​។ គ្មាន​ផ្លូវ​ទេ​។ ព្រោះ​យើង​ត្រូវ​រកឱ្យឃើញ​កម្រិត​រប​ស់​យើង​វិញ ហើយ​ខ្ញុំ​មិនដឹងថា វា​បាត់​ទៅណា តាំងពី​សម្រាក​ទាត់​កម្ម​វិធី​របស់​ក្រុម​ជម្រើសជាតិ​»​។​

«​ប្រសិនបើ​មានការ​កែប្រែប្រហែលជា​អាចទៅរួច​នោះ តែ​តើ​មាន​ក្លិប​ប៉ុន្មាន សម្រាប់​ការ​​ប្រកួត​បាល់ទាត់ក្នុង​លោក អាច​សម្រេច​នូវ​អ្វី ដែល​យើង​ត្រូវការ​នេះ ជាមួយនឹង​ការខុស​គ្នា ៣ ​គ្រាប់​? តើ​ហេតុការណ៍​នេះ តែង​កើតឡើង​ញឹកញាប់​ប៉ុនណា​ទៅ​»​។ នេះ​ជាការ​​បញ្ជាក់បន្ថែម​របស់លោក Tuchel​។​

​ការទទួលស្គាល់​ដោយ​ឥតមាន​លាក់លៀម​របស់លោក Tuchel បាន​សម្ដែង​ឱ្យឃើញ​នូវ​កំហឹង​របស់គាត់ ចំពោះ​កំហុសឆ្គងនៃ​តំបន់​ការពារ ការបញ្ចប់​ទី​ដោយ​គិតតែ​ពី​ខ្លួន​​ឯង និង​ការ​គ្មាន​សមត្ថភាព​ដ៏​គួរឱ្យ​អស់សង្ឃឹម​របស់​ក្រុម Chelsea ក្នុងការ​ទប់ទល់​ជាមួយនឹង​ថាមពល​របស់​ក្រុម​ភ្ញៀវ Real​។​

​ទម្រង់​លេង​ប្រកបដោយ​ភាពច្របូកច្របល់​នេះ គឺ​ខុសគ្នា​ស្រឡះ​ទាំងស្រុង​ពី​ដំណើរ​ដ៏​ស្វាហាប់​របស់​ក្រុម Chelsea រហូតដល់​កា្ល​យ​ជា​ជើងឯក នៅ Champions League កាល​​ពី​រដូវ​កាល​មុន និង​ថ្មីៗ​នេះ ពី​ការ​ឈ្នះ ៦​ លើក​របស់​ពួកគេ មុនពេល​សម្រាក​ទាត់​អន្តរជាតិនៅ​ខែមីនា​។​

​ដោយសារ​លទ្ធផល​នេះ កើតមាន​ត្រឹមតែ ៥​ ថ្ងៃ បន្ទាប់ពី​បរាជ័យ​យ៉ាង​អាម៉ាស់ ក្នុងផ្ទះ​ខ្លួនឯង ៤-១ ក្រោម​ថ្វី​ជើង​របស់​ក្រុម Brentford នៅក្នុង​ក្របខ័ណ្ឌ Premier League ពោល​គឺជា​លើក​ទី​១ ដែល​ពួកគេ បាន​ចាញ់​ក្រុម​អ្នក​ជិត​​ខាង នៅ​ភាគ​ខាងលិចនៃ​ទី​​ក្រុង​ឡុង​ដ៍ ចាប់តាំងពី​ឆ្នាំ​ ១៩៣៩ មកនេះ អ៊ី​ចឹ​ងការ​​ចាញ់​ដោយសារ​ក្រុម Real នេះ គឺ​ពិតជា​ជ្រុល​ពេក​ណាស់ សម្រាប់​លោក Tuchel ទទួល​​យកបាន​៕ AFP/VN