​ក្រុង​ឡុង​ដ៍​: អ្នកចាត់ការ​របស់​ក្រុម Liverpool លោក Jurgen Klopp បាន​និយាយ​ផ្ទុយ​នឹង​ការ​យល់ថា ការប្រកួតនា​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ នៅផ្ទះ​របស់​ក្រុម​មេឃ​ខៀវ Manchester City គឺជា​ការកំណត់​ជើងឯក​របស់​ក្របខ័ណ្ឌ Premier League​។​

​ជ័យជម្នះ នៅឯ​កីឡដ្ឋាន Etihad នឹង​នាំឱ្យ Liverpool ឈ្នះ​ការប្រកួត​ក្នុង​លី​គជា​លើក​ទី​១១ ជាប់ៗ​គ្នា ហើយ​ធ្វើឱ្យ​ពួកគេ​នាំមុខ​ដាច់ ២​ ពិន្ទុ​លើ​ក្រុម Man City នៅ​ទី​កំពូល​តារាងជាមួយនឹង​ការប្រកួត​នៅសល់​ចំនួន ៧​ លើក​ទៀត​។​

​តែ​ទោះ​មានជោគ​ជ័យលើ​ក្រុម Man City ក៏ដោយក៏​គ្មាន​ការ​ធានាថា Liverpool នឹង​បញ្ចប់​រដូវ​កាល ដោយ​រលូន​ឡើយ ដោយ​ជំនួប​ជាមួយ​ក្រុម​គូប្រជែង​រួម​ក្រុង Everton និង​ក្រុម​គូប្រជែង​ស្លាប់​រស់ Manchester United នឹង​កើតមាននៅមុន​ដំណាច់ខែ​នេះ​។​

​ក្រុម​ហង្ស​ក្រហមនឹងធ្វើ​​ដំណើរ​ឆ្លងកាត់​ភាគ​ពាយព្យ​ឆ្ពោះទៅកាន់​ទីក្រុង​មេន​ឆេ​ស្ទ័​រ ជាមួយនឹង​ជ័យជម្នះ ៣-១ នៅក្រៅ​ទឹកដីលើ​ក្រុម Benfica ពី​ការប្រកួត​ជើង​ទី១ នៃ​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ ៨ ​ក្រុម​ចុងក្រោយ ដែលជា​លទ្ធផលបានធ្វើឱ្យ​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប ៦​ សម័យកាល ស្ថិតនៅលើ​គែម​នៃ​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​។​

«​ប្រសិន​យើង​ឈ្នះ​ក្រុម Man City ដែល​ពិបាក​នឹង​កើតឡើង​ហើយ​នោះ ខ្ញុំ​គិតថា គ្មាន​នរណានឹង​គិតថា នោះ​ជាការ​កំណត់​ជើងឯក​ឡើយ ដ្បិត​គុណភាព​របស់​ក្រុម​គូបដិបក្ខ មិនធម្មតា​នោះទេ​។ ឥឡូវនេះ យើង​ត្រូវ​លេង​ទល់នឹង​ក្រុម​ដ៏​ល្អ​បំផុត​ក្នុង​លោក តែ​យ៉ាងណាយើង​នឹង​ព្យាយាម​សាកមើល​»​។ គ្រូបង្វឹក​របស់​ក្រុម Liverpool លោក Klopp បាន​ប្រាប់​ទៅ​អ្នក​​សារព័ត៌មាន កាលពី​ថ្ងៃ​ពុធ​។​

​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់បាន​បន្តថា​៖ «​គ្រប់គ្នា​ដឹង​ច្បាស់​ពី​សារៈសំខាន់នៃ​ការប្រកួត​នា​​ពេល​បន្ទាប់​នេះ តែ​បន្ទាប់ពី​ហ្គេម​នេះ នឹងមាន​ការប្រកួត​ផ្សេងទៀត នៅក្នុង​កម្មវិធី​មួយ​ផ្សេងទៀត ហើយក៏​មាន នៅ Premier League ផងដែរ​»​។​

«​បើ​អ្នក​មិនអាច​ឈរ​ទី​១ ទេ អ្នក​ចង់បាន​លេខ ​២​។ បើ​អ្នក​តាម​ពីក្រោយ បន្ទាប់មក​អ្នក​ចង់​តាម​ឱ្យ​កាន់តែ​កៀក​។ បើ​អ្នក​ទៅកាន់​តែ​កៀកច្បាស់​ណាស់ អ្នក​ប្រាកដជា​ចង់​វ៉ា​ទៅមុខ​ម្ដង​។ នោះ​គឺជា​កិច្ចការ ដែល​ត្រូវធ្វើហើយ​យើង​នឹងធ្វើ​ការប្រឹងប្រែង​ឱ្យ​សម​តាម​កម្លាំង​របស់​យើង​»​។ នេះ​ជាការ​បន្ថែម​របស់លោក Klopp៕ AFP/VN