ភ្នំពេញៈ អ្នកគាំទ្រ​ប្រដាល់​ភាគច្រើន ដែល​បាន​ទស្សនាការ​ប្រកួត​ព្រឹត្តិការណ៍ «​ស្តេច​ប្រដាល់​អង្គរ​» ដែល​បាន​រៀបចំឡើងជា​លើកដំបូង នៅលើ​ទឹកដី​ខេត្ត សៀមរាប កាលពី​យប់​ថ្ងៃអាទិត្យ បាន​សម្តែង​ការខកចិត្ត និង​ឈឺចាប់ នៅពេល​ឃើញ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជាចំនួន​ ៣​ នាក់​ បាន​សន្លប់​ក្រោម​កណ្តាប់ដៃ​របស់​អ្នក​ប្រដាល់​ចិន ត្រឹម​ទឹក​ទី​១ ហើយ​៣​ នាក់​ទៀត បាន​ចាញ់​ពិន្ទុ សម្រាប់​ការ​​ប្រកួត​បែប​ឃី​ក​បុក​ស៊ី​ង ដែល​ខុស​ទៅនឹង​ជំនាញ​ពិត​គុន​ខ្មែរ​របស់​ពួកគេ​។​

​សម្រាប់​ប្រកួត​ចំនួន​ ១០​ គូ ដែល​បានធ្វើនៅមុខ​អង្គរជា​លើកដំបូង​នេះ កីឡាករ​លំដាប់​ខ្លាំង​របស់​កម្ពុជា ឡៅ ចន្ទ្រា​, ព្រមទាំង សូត្រ វាសនា និង ឈឿង ល្វៃ សុទ្ធតែ​បាន​សន្លប់ ត្រឹម​ទឹក​ទី​១ ក្រោម​កណ្តាប់ដៃ​របស់​អ្នក​ប្រដាល់​ចិន ព្រោះ​ការប្រកួត​ឃី​ក​បុក​ស៊ី​ង​នេះ គេ​កំណត់មិនឱ្យ​វាយ​កែង និង​ចូលចាប់​ក្រៀក​បុក​ជង្គង់ ទៅតាម​ជំនាញ​នៃ​ប្រដាល់​គុន​ខ្មែរ​របស់​ពួកគេ​នោះទេ​។​

​ចំណែក​ជើង​ខ្លាំង ឡៅ ចិ​ត្ត្រា​, ផល សោ​ភ័​ណ្ឌ​, និង ព្រំ សំណាង ក៏បាន ចាញ់​ពិន្ទុ​កីឡាករ​ចិន សម្រាប់​ការប្រកួត​ឃី​ក​បុក​ស៊ី​ង​នេះ​ដូចគ្នា គឺ​មានតែ​កីឡាករ លន បញ្ញា និង​កីឡាការិនី នូវ ស្រី​ពៅ ប៉ុណ្ណោះ ដែល​បាន​យកឈ្នះ​អ្នក​ប្រយុទ្ធ​របស់​ចិន ដើម្បី​ទទួលបាន​ពាន សម្រាប់​ការប្រកួត «​ស្តេច​ប្រដាល់​អង្គរ​» ជា​លើកដំបូង​នេះ​។

​ជាមួយ​លទ្ធផល​នៃ​ការប្រកួត​នេះ បានធ្វើឱ្យ​អ្នកគាំទ្រ​ភាគច្រើន ដែល​បាន​ទស្សនាការ​ប្រកួត «​ស្តេច​ប្រដាល់​អង្គរ​» នេះ មានការ​ឈឺចាប់ និង​ខូចចិត្ត​ខ្លាំង ដោយ​ពួកគេ​បាននាំគ្នា​រិះគន់ថា ការ​ប្រកួត​នេះ មិនបាន​លើក​តម្លៃ​នៃ​ក្បាច់​គុន​បុរាណ​ខ្មែរ​នោះទេ ព្រោះ​ការរៀប​ចំនេះ បែរជាយក​អ្នកមាន​ជំនាញ​ប្រដាល់​គុន​ខ្មែរ ទៅ​ប្រកួត​ឃី​ក​បុក​ស៊ី​ង ហើយ​ត្រូវបាន​កីឡាករ​មាន​ជំនាញ​ឃី​ក​បុក​ស៊ី​ង​របស់​ចិន វ៉ៃ​ឱ្យ​សន្លប់​គួរឱ្យ​សង្វេគ និងខ្លះទៀត​ចាញ់​ពិន្ទុ ទាំង​មិន​អស់ចិត្ត​។​

​អ្នកសារព័ត៌មាន​កីឡា​របស់​កម្ពុជា ម្នាក់ដែល​បាន​ចូលរួម​ផ្ទាល់ នៅក្នុង​ការ​ប្រកួត «​ស្តេច​ប្រដាល់​អង្គរ​» នៅ​ខេត្តសៀមរាប​នេះ បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ដោយ​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះថា​៖ «​ការ​ ប្រកួត​នេះ មើលទៅ​ធំដុំ​ណាស់ ដោយមាន​ការផ្សព្វផ្សាយ​ផុសផុល​ពេញ​ប្រទេស ចំណែក​ការចំណាយ​ទៅលើ​ការរៀបចំ​វិញ អស់​ច្រើន​ម៉ឺន​ដុល្លារ​ណាស់ ចុះ​ហេតុអ្វី​ឱ្យ​តម្លៃ​ខ្លួន​កីឡាករ​កម្ពុជា តិច​ម្ល៉េះ​? តាម​ខ្ញុំ​ដឹង មានតែ​កីឡាករ​កម្ពុជា​ម្នាក់​ទេ ដែល​បាន​តម្លៃ​ខ្លួន និង​ប្រាក់រង្វាន់​ចូល ​១ ​ពាន់​ដុល្លារ ចំណែក​អ្នក​ផ្សេងទៀត បាន​មិន​ច្រើន​ទេ​។ ចំពោះ​លទ្ធផល​វិញ កីឡាករ​កម្ពុជា​យើង​បាន​សន្លប់ និង​ចាញ់​ពិន្ទុ​ច្រើនណាស់ ហើយ​បែបៗ​នេះ តើ​គុន​ខ្មែរយកមុខ​ទៅ​ទុក​នៅឯណា​?»​។​

​ជាមួយគ្នានេះ​ជើង​ខ្លាំង ឡៅ ចិ​ត្ត្រា ដែល​បាន​ចាញ់ Wei Wei Yang ដោយ​ពិន្ទុ ក្នុង​ប្រភេទ​ទម្ងន់ ​៦៤ ​គ​.​ក្រ​នោះ ក៏បាន​ប្រតិកម្ម និង​បង្ហាញ​ពី​ការមិន​អស់ចិត្ត ចំពោះ​ការប្រកួត​ឃី​ក​បុក​ស៊ី​ង លើក​នេះ​ផងដែរ ដោយ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម រូបនេះ បាន​សរសេរ​បង្ហោះនៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​បើ​វាយ​គុន​ខ្មែរ​ជាមួយ​គាត់​ម្ដងទៀត ខ្ញុំ​នឹងមិន​យក​តម្លៃ​ខ្លួន​ឡើយ​»​។​

​តែ​ទោះបីជា​យ៉ាងណា អ្នកជំនាញ និង​ថ្នាក់ដឹកនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ​២០២៣ (CAMSOC) បានលើកឡើង តាំង​ពីមុន​ការប្រកួត​ថា នេះ​ជាការ​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​កីឡា​ប្រពៃណី អត្តសញ្ញាណ​ជាតិ ដោយ​មិន​ផ្តោត​ខ្លាំង​ទៅលើ​លទ្ធផល​ចាញ់ឈ្នះ​ពេក​នោះទេ ប៉ុន្តែ​ជាការ​ប្រកួតដកស្រង់​បច្ចេកទេស ដើម្បី​ត្រៀម​ការ​​ប្រកួត នៅ​ស៊ី​ហ្គេម ជាពិសេស​ដើម្បី​លើកកម្ពស់​កីឡា​ប្រពៃណី​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ដែល​កម្ពុជាត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ជា​លើកដំបូង​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែងថា​៖ «​គោលបំណង​នៃ​ការប្រកួត (​ស្តេច​ប្រដាល់​អង្គរ​) នេះ មិនមែនជា​ការប្រកួត​ស៊ីសាច់ហុតឈាម យកឈ្នះ​ចាញ់​នោះទេ គឺជា​ការប្រកួត​មិត្តភាព​អន្តរជាតិ ហើយ​ជាការ​ប្រកួត ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​គុន​ខ្មែរ​របស់​យើង ជាមួយ​គុន​ចម្រុះ​អន្តរជាតិ អ៊ីចឹង​គោលបំណង មិនមែន​រៀបចំ​ឱ្យ​ខ្មែរ​ឈ្នះ​ទាំងអស់ ឬក៏​ចង់ឱ្យ​អ្នក​ប្រដាល់​អន្តរជាតិគាត់​ឈ្នះ​ទាំងអស់​នោះទេ​»​។​

លោក​បាន​បន្ថែមថា​៖ «​នៅត្រង់ចំណុច​នេះ ខ្ញុំ​ចង់​ទាញអារម្មណ៍​អ្នក​ទាំងអស់គ្នា កុំឱ្យ​គិត​ខ្លាំង​ទៅលើ​ការ​ឈ្នះ​ចាញ់ ព្រោះ​មិនមែនជា​ការប្រកួត​យក​កិត្តិយស​មេដាយ​នោះទេ គឺ​គ្រាន់តែ​ជាការ​យកឈ្នះ​ចាញ់ ដោយ​ផ្នែក​បច្ចេកទេស ហើយ​កីឡាករ​របស់​យើង មានឱកាស​ក្នុងការ​បញ្ចេញ​សមត្ថភាព​របស់ខ្លួននៅមុន​ស៊ី​ហ្គេមនៅ​វៀតណាម ជាពិសេស គឺ​ក្រុម​ឃី​ក​បុក​ស៊ី​ង នេះ​តែម្តង​»​។​

​តាមរយៈ​ការប្រកួត​ឃី​ក​បុក​ស៊ី​ង​នោះ កីឡាករ សូត្រ វាសនា ត្រូវបាន​ចិន Yang Hua ម៉ាត់​ពោះបណ្តាលឱ្យ​សន្លប់ ក្នុង​ទឹក​ទី​១ គឺ​ដូចគ្នា​នឹង ឡៅ ចន្ទ្រា ដែល​ត្រូវបាន​អ្នក​ប្រយុទ្ធ​ចិន Luo Chao ម៉ាត់​ពោះ​ទឹក បណ្តាលឱ្យ​សន្លប់ ក្នុង​ទឹក​ទី​១ ​ដូចគ្នា​។ រីឯ ឈឿន ល្វៃ បាន​សន្លប់​ក្រោម​កណ្តាប់ដៃ​ចិន Han Wenbao នៅ​ចុង​ទឹក​ទី​១​។ ចំណែក ឡៅ ចិ​ត្ត្រា ចាញ់​ពិន្ទុ Wei Wei Yang ហើយ ព្រំ សំណាង ចាញ់​ចិន Wang Aogang ខណៈ ផល សោ​ភ័​ណ្ឌ បាន​ចាញ់​ជើង​ខ្លាំង​របស់​ចិន Wei Rui ដូចគ្នា​។​

​ផ្ទុយ​ពីនេះ​កីឡាករ លន បញ្ញា បាន​យកឈ្នះ​ពិន្ទុ​ចិន Shang Xifeng ហើយ​កីឡាការិនី នូវ ស្រី​ពៅ បាន​យកឈ្នះ Li Lishan ដោយ​ពិន្ទុ​ដែរ​។ ចំពោះ​ការ​ប្រ​កួត​ម៉ា​រ៉ា​តុង​លក្ខណៈ​គុន​ខ្មែរ​វិញ កីឡាករ​កម្ពុជា វ៉ាន់ វឿន បានឈ្នះ​ពិន្ទុ​ចិន Su Kexin ហើយ ឈុត សេរី​វ៉ាន់​ថង ឈ្នះ Wei Xi Qin ហើយ​ការជួបគ្នា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ វ៉ាន់​ថង បាន​ទាត់ វ៉ាន់ វឿន ឱ្យ​ខូច​ជើង​ក្រោម នៅ​ទឹក​ទី​២៕