ក្រុង​មែ​ល​ប៊​ន​: កីឡាករ Charles Leclerc ធ្វើបាន​យ៉ាង​ល្អ​ឥត​ខ្ជោះ ដោយ​នាំមុខ តាំងពី​ចេញដំណើរ​ដំបូង​រហូតដល់​ទីបញ្ចប់ ដើម្បី​ធ្វើឱ្យ​ក្រុម​ប្រណាំង Ferrari ទទួលបាន​នូវ​ជ័យជម្នះ​ទាំងស្រុង ពី​ប្រណាំង​រថយន្ត Formula 1 (F1) ក្នុង​កម្មវិធី Australian Grand Prix កាលពី​ថ្ងៃអាទិត្យ ខណៈ​ម្ចាស់​ជើងឯក​ពិភពលោក Max Verstappen មិនអាច​បញ្ជា​រថយន្ត​ឱ្យ​ដល់ទី​ព្រ័ត្រ​។​

​កីឡាករ​នាំមុខគេ សម្រាប់​ការ​​ប្រណាំង​ជើងឯក​ពិភពលោក ទៅ​ពី​ប្រទេស​ម៉ូ​ណា​កូ​រូបនេះ បានចាប់ផ្ដើម​ពី​ទីតាំង​លេខ ​១ ហើយ​មិន​ភ្លាត់​តាម​ពីក្រោយ​គូ​​បដិបក្ខ​ឡើយ ដោយមាន​ប្រៀប​ជានិច្ច សម្រាប់​ការប្រណាំង​ទាំង ៥៨ ​ជុំ នៅឯ​ទីលាន Albert Park រហូត​បាន​លើក​ទង់​ក្រឡា​​ចត្រង្គ ដោយ​ការ​ទៅ​ដល់ទី​ព្រ័ត្រ​មុន​ចំនួន ២០,៥​ វិនាទី​។​

​អ្នកបើកបរ Sergio Perez របស់​ក្រុម Red Bull ដល់ទី​លេខ​ ២ ខណៈដែល​កីឡាករ George Russell ផ្ដល់​កម្លាំង​ជំរុញ សម្រាប់​ក្រុម Mercedes ជាមួយនឹង​ការមកដល់​ទី​ព្រ័ត្រ​ទី៣ ហើយ​មិត្ត​រួម​ក្រុម​របស់គេ ​Lewis Hamilton ដែលជា​ជើង​​ឯក​ពិភពលោក ៧​ សម័យកាល ជាប់​លេខ​ ៤​។​

«​ពិតជា​អស្ចារ្យ​ណាស់ រថយន្ត​ពិតជា​មិនគួរ​ឱ្យ​ជឿ​ថ្ងៃនេះ​។ ជាការ​ប្រណាំង និង​ល្បឿន​អ្វី​ក៏​ល្អម្ល៉េះនៅថ្ងៃនេះ​។ និយាយ​ដោយ​ត្រង់ រថយន្ត​អី​ក៏​ល្អម្ល៉េះថ្ងៃនេះ​។ ខ្ញុំ​ធ្វើ​បានល្អ​ពេញ ​១ ​ចុង​សប្តាហ៍​នេះ តែ​វា​មិនអាច​ទៅរួច​ទេ បើ​គ្មាន​រថយន្ត​ដ៏​ពិសេស​នេះ​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​»​។ នេះ​ជា​សម្ដី​របស់​អ្នកបើកបរ Leclerc​។​

​កីឡាករ​វ័យ ២៤ ​ឆ្នាំ បន្ថែមទៀតថា​៖ «​ដោយ​ជាក់ស្តែង យើង​ទើបតែ​បាន​ប្រណាំង ៣ ដំណាក់កាល​ប៉ុណ្ណោះ ដូច្នេះ វា​ពិបាកក្នុងការ​គិតពី​ជើងឯក តែ​យើង​មាន​រថយន្ត​ដ៏​ខ្លាំង និង​អាច​ទុកចិត្តបាន​។ វា​ជាការ​​ប្រសើរ​ណាស់ ដែល​បាន​ត្រឡប់មក​ទីតាំង​នេះ​វិញ​»​។​

​យ៉ាងណា នេះ​ជាការ​ប្រណាំង​ដ៏​មហន្តរាយ សម្រាប់​កីឡាករ Verstappen របស់​ក្រុម Red Bull ដែលជា​ម្ចាស់​ជយលាភី កាលពី ២​ សប្ដាហ៍​កន្លងទៅ​នៅ​អារ៉ាប៊ី សាអ៊ូឌីត ដោយបាន​អែប​រថយន្ត​ទៅ​កៀន​ផ្លូវ នៅ​ជុំ​ទី​៣៩ ពេល​ឈរ​នៅ​លេខ​រៀង​ទី​២ ខណៈ​ពេលនោះ​រូបគេ​និយាយ​តាម​វិទ្យុទាក់ទង​ថា​៖ «​ខ្ញុំ​មាន​ធុំក្លិន​អ្វី​ប្លែកៗ​»​។​

Verstappen បាន​លោត​ចេញពី​រថយន្ត ស្របពេល​មាន​ផ្សែងហុយ​ចេញពី​ម៉ាស៊ីន ហើយ​រូបគេ​បាន​រត់​ទៅយក​បំពង់​ពន្លត់​​អគ្គិភ័យ ខណៈដែល​នេះ គឺជា​ការប្រណាំង​អត់​ចប់​ចុង​ចប់​ដើម​របស់​រូបគេ​ជា​លើក​ទី​២ ក្នុងចំណោម​ការប្រណាំង​ដំបូង ៣​ ដង នា​រដូវ​កាល​នេះ​។​

​ក្រោយ​បញ្ចប់ ៣ ​ដំណាក់​​កាល Leclerc នាំមុខគេ ក្នុង​តារាង​ពិន្ទុសរុបដោយមាន ៧១ ​ពិន្ទុ ខណៈ​អ្នក​លេខ ​២ Russell មាន ៣៧ ​ពិន្ទុ​។ Hamilton នៅ​លេខ ​៥ មាន ២៨ ​ពិន្ទុ ហើយ Verstappen នៅ​លេខ​ ៦ មាន ២៥ ​ពិន្ទុ​៕ AFP/VN