ក្រុង​ក្លាស៍​ស្គូ​វ​: លោក Kenny Dalglish បាន​លើកឡើងថា ការវិល​​ត្រឡប់មកវិញ​របស់​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ Kyogo Furuhashi នឹង​ផ្តល់ឱ្យ​ក្រុម Celtic នូវ​កម្លាំង​ជំរុញ​បន្ថែម​មួយកម្រិត​ទៀត នៅមុន​ការប្រកួត​វគ្គ​ពាក់កណ្តាល​​ផ្តាច់ព្រ័ត្រ ក្នុង​កម្មវិធី Scottish Cup ជាមួយនឹង​ក្រុម​គូប្រជែង​ដ៏​ស្រួច​​ស្រាល់ Glasgow Rangers​។​

​ក្រុម Celtic ធ្វើដំណើរ​ឆ្ពោះ​មកកាន់​ការប្រកួត នៅ​កីឡដ្ឋាន Hampden Park នា​ចុង​សប្តាហ៍​នេះ ជាមួយនឹង​កម្លាំងចិត្ត ក្នុង​ជ័យជម្នះ ២-១ កាលពីពេល​ថ្មីៗ​នេះ នៅឯ​ទឹកដី Ibrox របស់​ក្រុម Rangers ដែល​បាន​ឃើញថា ពួកគេ​នាំមុខ​ដាច់ ៦ ​ពិន្ទុ នៅ​ទី​កំពូល​តារាង​ពិន្ទុនៃ​ក្របខ័ណ្ឌ Scottish Premiership​។​

​លោក Dalglish ដែលជា​អតីត​​កីឡាករ​ឆ្នើម​របស់​ក្រុម Celtic និង​ក្រុម​ជម្រើសជាតិ​ស្កុ​ត​ឡេ​ន មាន​អារម្មណ៍​ថា ការវិល​ត្រឡប់មកវិញ ក្រោយ​ជាសះស្បើយ​ពីរ​បួស​របស់​កីឡាករ​ម្ចាស់​គ្រាប់​បាល់​ចំនួន ១៦ ​គ្រាប់​សញ្ជាតិ​ជប៉ុន Kyogo (Furuhashi) ដែល​បាន​បង្ហាញខ្លួន​ជា​លើកដំបូង ក្នុង​ឆ្នាំ ​២០២២ ក្នុងនាម​ជា​កីឡាករ​បម្រុង ក្នុង​ជ័យជម្នះ ៧-០ កាលពី​ថ្ងៃ​សៅរ៍ លើ​ក្រុម St Johnstone នោះ នឹង​ផ្តល់ឱ្យ​ក្រុម​នូវ​ការ​​មានប្រៀប​បន្ថែមទៀត​។​

«​ទោះបីជា​កីឡាករ Kyogo មិនបាន​ចាប់ផ្ដើម​លេង​ជម្រើស​ដំបូង​ក៏​​ដោយ ក៏​រូបគេ​គឺជា​កីឡាករ​បម្រុង​ពេញ​ដោយ​បទពិសោធ​ម្នាក់ ក្នុងការ​មក​បង្កើត​ឱកាស​ឱ្យ​ក្រុម​»​។ នេះ​ជា​ប្រសាសន៍​របស់លោក Dalglish វ័យ ៧១ ​ឆ្នាំ ដែល​បាន​ក្លាយជា​បុគ្គល​ដ៏​សំខាន់​ម្នាក់ ក្នុង​យុគសម័យ​ដ៏​ជោគជ័យ​បំផុត​របស់​ក្រុម Liverpool បន្ទាប់ពី​គាត់​ផ្ទេរ​ទៅកាន់​ទឹកដី Anfield ក្នុង​ឆ្នាំ​ ១៩៧៧​។​

​លោក Dalglish បាន​បន្តថា​៖ «​ប្រសិនបើ​ក្រុម Celtic ភ្លាត់​តាម​ពីក្រោយ ហើយ​បន្ទាប់មក រូបគេ​គឺជា​អ្នក​ចូលមក​បង្កើត​ឱកាស​សម្រាប់​ក្រុម នោះ​អ្វីៗ នឹង​ប្រសើរឡើង​។ ប្រសិនបើ​ក្រុម Rangers ឃើញ​រូប​​គេ​ដូរ​អាវ ហើយ​ត្រៀមខ្លួន​ដើរចូល​ទីលាន នៅ ២០ ​នាទី ឬ ៣០ ​នាទីចុងក្រោយ​នោះ អ្នកនឹង​មិនមាន​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ប៉ុន្មាន​ទេ មែន​ទេ​?»​។​

«Furuhashi មាន​ភាព​អស្ចារ្យ តាំងពី​ដើមរដូវ​កាល​មកម្ល៉េះ ហើយ​សូម្បីតែ នៅក្នុង​ការប្រកួត​លើកដំបូង ដែល​ក្រុម Rangers ឈ្នះរូបគេ​បាន​បញ្ជូន​បាល់​ដ៏​ស្អាត​ឱ្យ​កីឡាករ Allan McGregor ដើម្បី​ធ្វើការ​ស៊ុត តែ​ត្រូវបាន​រារាំង​ជានិច្ច​។ ចលនា និង​ល្បឿន​របស់គេ គឺ​ល្អ​ណាស់​»​។ លោក Dalglish បាន​បន្ថែម​។​

​លោក Dalglish បានបញ្ជាក់​ដោយ​ជំហរ​រឹងមាំ​ថា បើទោះបីជា​លទ្ធផលនៃ​ការប្រកួតនា​ថ្ងៃអាទិត្យ​យ៉ាងណាក៏ដោយ ក៏​វា​នឹងមិន​មាន​ផលប៉ះពាល់​ដល់​ការ​ប្រជែង​ជើងឯក​នោះទេ ដោយសារតែ​ក្រុម Celtic មាន​គម្លាត​នាំមុខ ៦ ​ពិន្ទុ លើ​ក្រុម​លេខ ២ Rangers ជាមួយនឹង​ការ​នៅសល់ ៥ ​ហ្គេម​ទៀត​៕ AFP/VN