​ក្រុង​ម៉ាឌ្រី​ដ​: «​វា​មិនមែន​ពាក់ព័ន្ធ​នឹង​ដំបូន្មាន​នោះទេ​។ វា​មាន​អ្វី​បន្ថែមទៀត នៅពេលដែល​គាត់​និយាយ របៀប​ដែល​គាត់​និយាយ​ពី​ភាពស្មោះត្រង់​របស់គាត់​។ នោះ​ហើយ​ជា​អ្វី ដែល​ធ្វើឱ្យ​អ្នក​អាច​ទាញ​នូវ​ទម្រង់​លេង​ដ៏​ល្អ​អស្ចារ្យ​របស់​អ្នក​ចេញមក​បាន​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Thomas Lemar​។​

​ខ្សែបម្រើ Lemar ដឹង​ច្បាស់​ជាង​នរណា​ទាំងអស់​នូវ​ឥទ្ធិពល​របស់លោក Diego Simeone។ បន្ទាប់ពី​មក​ចូល​​រួមជាមួយ​ក្រុម Atletico Madrid ជាមួយនឹង​តម្លៃ ៦០ ​លាន​អឺរ៉ូ ($៦៥​ លាន​) ដោយ​ការ​​ចេញពី​ក្រុម Monaco ក្នុង​ឆ្នាំ ​២០១៨ កីឡាករ​សញ្ជាតិ​​បារាំង​រូបនេះ ជួប​ការលំបាក​យ៉ាងខ្លាំង​។ រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៤ ​គ្រាប់ ក្នុង ២ រដូវ​កាល​ដំបូង​របស់គាត់ ហើយ​មនុស្ស​ជាច្រើនបាន​សន្និដ្ឋានថា ក្រុម Atletico នឹង​ព្យាយាម​បន្ថយ​ការចំណាយ​របស់​ពួកគេរដូវក្តៅ​បន្ទាប់​។​

​តែ​គ្រូបង្វឹក​លោក Simeone បាន​មើលឃើញ​កីឡាករ​រូបនេះ ដែល​ត្រូវការ​ជំនួយ មិនមែនជា​ការផ្លាស់ប្ដូ​រ​ក្លិប​។ គាត់​បាន​ប្តូរ Lemar ពី​ការលេង​នៅ​ស្លាប​ខាងឆ្វេង ទៅ​តំបន់​កណ្តាល ហើយ​ពួកគេ​ចូលរួម​ការងារ​ជាមួយគ្នា​។ កាលពី​រដូវ​កាល​មុន Lemar គឺជា​កីឡាករ​មិន​ធ្លាប់មាន ក្នុងចំណោម​ខ្សែ​-​បម្រើ​ទាំង ​៣ និង​ជា​កីឡាករ​ស្នូល ក្នុង​ការជួយ​ឱ្យ​ក្រុម Atletico ឈ្នះ​ជើងឯកនៅ​ក្របខ័ណ្ឌ La Liga​។​

«​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​គ្រូបង្វឹក​ឆ្នាំមុន ហើយ​យើង​បាន​និយាយ​គ្នា​ពី​របៀប​ថា តើ​ត្រូវ​កែលម្អ​ស្ថានភាព​របស់ខ្ញុំ​ក្នុង​ក្រុម​យ៉ាងដូចម្ដេច​»​។ កីឡាករ Lemar បាន​និយាយក្នុង​កិច្ចសម្ភាសន៍​ផ្ដាច់មុខ​ជាមួយ AFP​។​

«​គាត់​បាន​ស្តាប់ គាត់​បាន​រកឃើញ​តំណែង​ ១ ដែល​សម​នឹង​ចំណុចខ្លាំង​របស់ខ្ញុំ​។ ខ្ញុំ​មាន​ក្ដី​សុខ​ជាង​មុន ហើយ​វា​ធ្វើឱ្យ​កាន់តែ​ងាយស្រួល សម្រាប់​ខ្ញុំក្នុងការ​សម្រប​តាម​ស្តាយ​ល៍លេង​របស់​ក្រុម Atletico​។ ឥឡូវនេះ គោលបំណង​របស់ខ្ញុំ គឺ​តបស្នង​ចំពោះ​គាត់ នូវ​លទ្ធផល​ល្អៗ​ឱ្យបាន​ច្រើនតាម​ដែល​អាច​លើ​ទីលាន​។​

​នៅពេលដែល​កីឡាករ Lemar ធ្វើដំណើរ​មកពី​ក្រុម Monaco រូបគេ ជា​ខ្សែបម្រើ​ស្លាបអ្នកបង្កើត​ឱកាស និង​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី ដែលជា​ម្នាក់ក្នុងចំណោម​ខ្សែប្រយុទ្ធ​វ័យក្មេង​ដ៏​គួរឱ្យ​ខ្លាចរអា​បំផុត​របស់​ពិភពលោក រហូតដល់​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្រុម​ហង្ស​ក្រហម Liverpool និង​កាំភ្លើង​ធំ Arsenal​។​

​តែ​នៅពេលដែល​តំណែង​នោះ មិនអាច​យកមកប្រើ​នៅ​ក្រុម Atletico កីឡាករ Lemar ត្រូវតែ​ព្យាយាម​កែប្រែ​ផ្លាស់ប្ដូរ ដោយ​រូបគេ​បាន​ប្រាប់ថា​៖ «​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ចំពោះ​ចំណុច​អ​វិ​ជ្ជ​​មាន​របស់ខ្ញុំ និង​បាន​កែប្រែ​វា​ឱ្យក្លាយ​ទៅជា​ចំណុច​វិជ្ជមាន ហើយ​ខ្ញុំ​បាន​ក្លាយជា​កីឡាករ​បាល់ទាត់ ដែល​ល្អ​ជាង​មុន និង​ដែលមាន​ភាពបត់បែន​បាន​ប្រសើរ​ជាង​មុន​»​។​

​កីឡាករ​វ័យ ២៦ ​ឆ្នាំ បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​​បារាំង ក្នុង​ព្រឹត្តិការណ៍​ប្រកួត​​ប្រជែង​ជើងឯក​អឺរ៉ុប និង​ប្ដេជ្ញា​ចិត្ត​ធ្វើយ៉ាងណា​ឱ្យមាន​ឈ្មោះ​ក្នុង​ក្រុម​មាន់គក សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដោយ​រូបគេ​បាន​និយាយថា​៖ «​វា​ជា​គោលបំណង​ដ៏​ធំ​របស់ខ្ញុំ​។ ខ្ញុំ​ត្រូវតែ​បង្ហាញ​នូវ​អ្វី ដែលជា​តម្លៃ​របស់ខ្ញុំ​»​។​

លោក Simeone របស់ Atletico ស្រែកបញ្ជាកូនក្រុម ក្នុង​ហ្គេម នៅ La Liga។ AFP

​ក្រុម Atletico បាន​ប្រកួត​ចាញ់​ក្រុម​មេឃ​ខៀវ Manchester City ក្នុង​លទ្ធផល​ប្រកៀក​ប្រកិត ១-០ កាលពី​សប្តាហ៍​មុន ក្នុងការ​ប្រកួត​ជើង​ទី១ នៅ​ក្របខ័ណ្ឌ Champions League វគ្គ ១/៤ ផ្តាច់​ព្រ័ត្រ តែបើ​គិត​លើ​ស្ថិតិ ពួកគេ​កំពុងមាន​បញ្ហា ខណៈ​កីឡាករ Lemar បាន​ចូល​លេង​ត្រឹមតែ​ប្រមាណ​ជា ៨-៩​ នាទី​ចុង​​ក្រោយ​ប៉ុណ្ណោះ​។​

​ក្រុម Man City បានធ្វើការ​ស៊ុត​ដល់​ទៅ ១៥ ​លើក ខណៈដែល​ក្រុម Atletico គ្មាន​សូម្បី ១ ​ដង ហើយ​ក្រោយ​ចប់​ការ​​ប្រកួត គ្រូបង្វឹក​របស់​ក្រុម​មេឃ​ខៀវ​លោក Pep Guardiola បាន​លើកឡើងថា​៖ «​កាលពី​សម័យ​បុរេប្រវត្តិនៅថ្ងៃនេះ និង​ក្នុង​រយៈពេល​រាប់រយ​ពាន់​ឆ្នាំមុន ការ​​វាយ​សម្រុក​ចំពោះ​ប្រព័ន្ធ​លេង​របស់ក្រុម​មួយក្នុង​ទម្រង់ ៥-៥-០ គឺ​ពិបាក​ខ្លាំងណាស់​»​។​

​កីឡាករ Lemar ត្រូវបាន​សួរថា អ្វីដែល​គេ​នឹង​និយាយ​ចំពោះ​ការរិះគន់​មកលើ​លោក Simeone រូបគេ​បាន​ឆ្លើយថា​៖ «​ខ្ញុំ​គ្មានអ្វី​ត្រូវ​និយាយ​ចំពោះ​បញ្ហា​នេះនោះ​ឡើយ ក្រៅតែពី​ក្រឡេកមើល​លទ្ធផល អស់​​រយៈពេល​ជាច្រើន​ឆ្នាំ​មក​។ ចូរ​ក្រឡេកមើល​លទ្ធផល​នានា ចាប់តាំងពី​លោកគ្រូ​បង្វឹក​រូប​​នេះ បាន​មកដល់​ក្លិប Atletico Madrid»​។​

«​វា​ប្រហែលជា​មិនសូវ​ជា​ល្អមើល​ប៉ុន្មាន​ឡើយ តែ​វាទ​ទួល​​បាន​ផល​។ ក្រុម Atletico ឈ្នះដែល​នោះ​ហើយ គឺជា​រឿង​ដ៏​សំខាន់បំផុត​»​។ នេះ​ជាការ​​បន្ថែម​របស់ Lemar ពាក់​​ព័ន្ធ​នឹង​ការរៀប​ប្រព័ន្ធ​លេង​បែប​ការពារ​របស់លោក Simeone៕ AFP/VN