ក្រុង​មុយនិច​៖ ខ្សែ​ប្រយុទ្ធ Gerard Moreno របស់​ក្រុម Villarreal បាន​និយាយ​ថា ការ​បញ្ចេញ​មតិ​យោបល់​របស់​គ្រូ​បង្វឹក​ក្រុម Bayern Munich លោក Julian Nagelsmann បាន​ជួយ​ជំរុញ​ឱ្យ​ក្រុម​ទៅ​ពី​អេស្ប៉ាញ របស់ពួក​គេ ​អាច​បង្កើត​ឱ្យ​មាន​នូវ​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​ការ​ដណ្ដើម​បាន​ជ័យជម្នះ ពី​ការ​ប្រកួត​ទាំង ២ ជើង ២-១ លើ​ក្រុម​យក្ស​អាល្លឺម៉ង់ នៅ​ក្របខ័ណ្ឌ Champions League វគ្គ ១/៤ ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​អង្គារ​។

ដោយ​នាំមុខ ១-០ កាល​ពី​ប្រកួត​ជើង​ទី ១ ក្រុម Villarreal ដណ្តើម​បាន​លទ្ធផលស្មើ ១-១ សម្រាប់​ការ​ប្រកួត កាល​ពី​យប់​មិញ និង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ តាម​រយៈ​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ Samuel Chukwueze នៅ​នាទីទី ៨៨​។

«​យប់​នេះ (យប់​ថ្ងៃ​អង្គារ) ពួក​គេ (Bayern) បាន​បង្កើត​នូវ​កំហុស ដោយ​ការ​មិន​អាច​ផ្ដាច់​​ជីវិត​ (នាំ​មុខ​ច្រើន​គ្រាប់) ទាំង​ស្រុង​បាន ហើយពួកយើង​បាន​ឆក់​យក​ឱកាស​ នៃ​កំហុស​នោះ​»​។ នេះជាស​ម្ដី​របស់​កីឡាករ Moreno​។

កាល​ពី​ថ្ងៃ​ចន្ទ គ្រូបង្វឹក​របស់​ក្រុម​ Bayern លោក Nagelsmann បាន​និយាយ​ថា ក្រុម Villarreal បាន​បង្កើត​កំហុស​ ដោយ​ការ​យក​ឈ្នះ​ នៅ​ជើង​ទី ១ ត្រឹម​តែ​ពិន្ទុ ១-០ ដែល​លទ្ធផល​នេះ ​បើក​ផ្លូវ​ឱ្យ​ពួក​យើង​រស់រានបាន​។​

Moreno (លេខ ៧) និង​កីឡាករ​របស់ Villarreal នាំ​គ្នា​អបអរ ក្រោយ​ចប់​ការ​ប្រកួត នៅ Champions League កាល​ពី​ថ្ងៃ​អង្គារ​។ AFP

«​នៅ​​ជើង​ទី ១ យើង​បាន​ធ្វើ​ខុស ដោយ​មិន​បាន​បញ្ចប់​ពួកគេ​។ រាល់​ពាក្យ​ពេចន៍​ ដែល​និយាយ​ពី​រឿង​នោះ ជា​កម្លាំង​ជំរុញទឹក​ចិត្ត​ សម្រាប់​​ពួក​យើង​។ អ្វី​ដែល​ក្រុម​នេះ ​សម្រេច​បាន គឺ​ពិត​ជា​ពិសេស​អស្ចារ្យ​ណាស់​​»​។ នេះ​ជាការ​និយាយ​បន្ថែម​របស់​កីឡាករ​ Moreno ដែល​ជា​​អ្នក​​លើក​​បាល់​​កាត់​​ចូល​តំបន់​គ្រោះ​​ថ្នាក់ ដើម្បី​បង្កើត​ឱកាស​ឱ្យ Chukwueze ស៊ុត​​បាល់​បញ្ចូលទី​ ហើយ​តាម​ស្មើ។

ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម Robert Lewandowski បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ ​Bayern នាំ​មុខ​មុន សម្រាប់​ហ្គេម​ទី ២ នេះ ហើយ​វា​ក៏​ជាគ្រាប់​បាល់​នាំ​ឱ្យ​ក្រុម​ទាំង ២ ស្មើ​គ្នា​ដែរ តែ​ក្រុម​Villarreal របស់​លោក Unai Emery ដែល​បាន​ទម្លាក់​ក្រុមយក្ស​អ៊ីតាលី Juventus រួច​ហើយ​ កាល​ពី​វគ្គ ១៦ ​ក្រុម​នោះ មិន​បណ្ដោយឱ្យ​ការ​ប្រកួត​នេះ ត្រូវ​ថែម​ម៉ោង​ពិសេស ឬ​កាត់​ក្ដី​ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី​ឡើយ​ បើ​ទោះ​ជា​ នៅ​សល់​តែ ២ នាទី​ទៀត​ក៏​ដោយ​។​

លោក Emery បាន​លើក​ឡើង​ថា​៖ «​វា​ជា​ការ​ទទួល​បាន​នូវ​អារម្មណ៍​ដ៏​ពិសេស​មួយ​។ វា​មិន​​ងាយ​​ស្រួល​ឡើយ​​សម្រាប់​ពួក​យើង​។ យើង​ជា​ក្លិប​ដ៏​តូច​មួយ​។ យើង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខម្ដង​បន្តិច​ៗ​។ យើង​មាន​ការ​ប្រកួត ក្នុង​វគ្គ ៨ ក្រុម​ដ៏​តាន​តឹង​មួយ​»​។​

ក្រុម​របស់​ប្រទេស​អេស្ប៉ាញ​មួយ​នេះ ត្រូវ​ឡើង​ទៅ​ប្រឈម​ជាមួយ​ក្រុម ១ ដែល​អាច​ជា​​ក្រុម​ហង្សក្រហម Liverpool ឬ​ក៏ Benfica ក្នុង​វគ្គ ១/២ ផ្ដាច់​ព្រ័ត្រ ដោយ​ក្រុម​យក្ស​អង់គ្លេសរបស់លោក Jurgen Klopp មាន​គ្រាប់​បាល់​នាំមុខ ៣-១ លើ​ក្រុម​របស់​ព័រទុយហ្គាល់ Benfica មុន​ជួប​គ្នា ​នៅ​យប់​ថ្ងៃ​ពុធ​នេះ សម្រាប់​ការ​ប្រកួត​ជើង​ទី ២៕ AFP/VN