ក្រុង​ហ្ស៊ូរិច​៖ អតីត​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ពិភពលោក (FIFA) លោក Sepp Blatter និង​​អតីត​​ប្រធាន​សហព័ន្ធបាល់​ទាត់​អឺរ៉ុប (UEFA) លោក Michel Platini នឹងឡើង​សវនាការ នៅ​​ខែ​មិថុនា ដើម្បី​ប្រឈម​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់ពី​បទ​ពុករលួយ​នៅ​ប្រទេស​ស្វីស ពាក់​ព័ន្ធ​នឹង​​ការ​បង់​ប្រាក់​ចំនួន $​២ ​លាន ដែល​ស្ថាប័ន​គ្រប់​គ្រង​កីឡា​បាល់​ទាត់​អន្តរ​ជាតិ បាន​ប្រគល់​ឱ្យ​លោក Platini​។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ពី​តុលាការ កាល​ពី​ថ្ងៃ​អង្គារ​។

ទាំង​លោក Blatter និង លោក Platini សុទ្ធ​តែ​បាន​ច្រាន​ចោល​ដដែល​ៗ នូវ​ការ​ប្រព្រឹត្ត​ខុស កាល​ពី​មុន ជុំ​វិញ​ការ​ផ្ទេរ​ប្រាក់​ ដែល​រដ្ឋ​អាជ្ញា​ស្វីស បាន​ធ្វើ​ការ​ចោទ​មក​លើ​ពួក​គាត់​ទាំង ២ នាក់ កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ​។​

រដ្ឋ​អាជ្ញា ​ចោទ​ប្រកាន់​ថា លោក Blatter ក្នុង​ឆ្នាំ ២០១១ បាន​រៀប​ចំ​ឱ្យ​មាន​ការ​ចំណាយ​ប្រាក់​​បែប​ទុច្ចរិត​ឱ្យ​ទៅ​ លោក Platini ដែល​បាន​ពាក់​ស្លាក​ប្រធាន​ក្រុម​ជម្រើស​ជាតិ ពេល​បារាំង​ឈ្នះ​ជើង​ឯក​អឺរ៉ុបឆ្នាំ ​១៩៨៤ សម្រាប់​ការងារ​ជា​អ្នក​ផ្ដល់​យោបល់។ លោក Blatter និង Platini បាន​ប្រាប់ថា ការ​បង់​ប្រាក់​នោះ គឺជា​បង់​ប្រាក់ខែ​ឱ្យ​តាម​ក្រោយ (ការ​បង់​ប្រាក់ឱ្យ​​តាម​ក្រោយ ពេល​បញ្ចប់​កិច្ច​ការ​ហើយ)។

អ្នក​ទាំង ២ ត្រូវ​បាន​សង្ស័យ​ពី​ការ​ក្លែង​បន្លំ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត ចំពេល​កើត​មាន​​នូវ​អ្វី ដែល​បាន​ក្លាយ​ជា​ផ្នែក នៃ​រឿង​អាស្រូវ​ពុក​រលួយ​ដ៏​ធំ​បំផុត ដែល​ធ្វើ​ឱ្យ FIFA មាន​ការ​រង្គោះ​រង្គើ​ជា​ខ្លាំង​ ហើយ​លោក Blatter ដែល​ធ្វើ​ជា​ប្រមុខ​ដឹក​នាំ ក្នុង​ស្ថាប័ន​គ្រប់​គ្រង​បាល់​ទាត់​អន្តរ​ជាតិ​នេះ រយៈ​ពេល ១៧​ ឆ្នាំ បាន​លាលែង​ ក្នុង​ឆ្នាំ ​២០១៥ ដោយ​បន្ទាប់​មក ​លោក Platini ក៏​​ចុះ​ចេញ​ដែរ ក្នុង​ឆ្នាំ​ ២០១៦​។ ពួក​គាត់​ត្រូវ​បាន​ហាម​ឃាត់​រយៈ​ពេល ៦ ​ឆ្នាំ ក្នុង​ការ​ពាក់​ព័ន្ធ​នឹង​សកម្មភាពបាល់​ទាត់ ជុំ​វិញ​បទ​រំលោភ​បំពានច្បាប់​ក្រម​សីល​ធម៌​។

ការ​កាត់​ក្តី នៅ​ចំពោះ​មុខ​តុលាការ​ឧក្រិដ្ឋ​កម្ម​របស់​សហព័ន្ធ​ស្វីស នឹង​ត្រូវ​ចាប់​ផ្តើម​នៅថ្ងៃ​ទី ៨ ខែ​មិថុនា និង​មាន​បន្ត​​រហូត​ដល់​ថ្ងៃ​ទី ២២ ខែ​មិថុនា។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​តុលាការ តាម​រយៈ​វេបសាយ​របស់​ខ្លួន​។

ការិយាល័យ​មេធាវី​របស់​លោក Blatter បាន​បដិសេធ ក្នុង​ការ​ធ្វើ​ការ​អត្ថាធិប្បាយ។ ក្នុង​រយៈ​ពេល នៃ​ការ​ចោទ​ប្រកាន់នេះ លោក Blatter បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ទន្ទឹង​រង់ចាំ​ សម្រាប់​​ការ​ម្រេច​ក្តី​នៅ​ចំពោះ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​សហព័ន្ធ ដោយ​សុទិដ្ឋិនិយម ហើយ​ខ្ញុំ​សង្ឃឹម​ថា រឿងនេះ នឹង​ឈាន​ដល់​ទី​បញ្ចប់ ចំណែក​​ការ​ពិត​ទាំង​អស់ នឹងត្រូវ​បាន​ដោះស្រាយ​យ៉ាង​ត្រឹម​ត្រូវ​យុត្តិធម៌​»​។

មេធាវី​សញ្ជាតិ​ស្វីស​របស់​ លោក Platini មិន​អាចទាក់​ទង​ភ្លាម​ៗ​បាន​ឡើយ ដើម្បី​សុំ​ការ​ធ្វើអត្ថាធិប្បាយ។ កាល​ពី​ពេល​កន្លង​មកមេធាវី​រូប​នោះ​ បាន​និយាយ​ថា កូន​ក្តី​លោក ​គ្មាន​កំហុស​ទេ ហើយ​ករណី​នេះ​គួរ​តែ​ត្រូវ​បាន​ទម្លាក់​ចោល​​ជា​យូរ​មក​ហើយ៕ AFP/VN