​ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស​: អ្នក​ប្រដាល់ Errol Spence បាន​វាយ​សន្ធាប់​លើ​គូបដិបក្ខ Yordenis Ugas ក្នុង​ដំណើរ​ផ្លូវ​នៃ​ការ​តទល់​គ្នា រហូតដល់​បានឈ្នះ ក្នុង​ទឹក​ទី១០ ដោយ​លក្ខណៈ​បច្ចេកទេស កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​បញ្ចូល​ខ្សែក្រវាត់​សមាគម​ប្រដាល់​ពិភពលោក (WBA) របស់​កីឡាក​សញ្ជាតិ​គុយបា បន្ថែម​ពីលើ​ខ្សែក្រវាត់​ក្រុមប្រឹក្សា​ប្រដាល់​ពិភពលោក (WBC) និង​ខ្សែក្រវាត់​របស់​សហព័ន្ធ​ប្រដាល់​អន្តរជាតិ (IBF) របស់ខ្លួន​។​

Spence ដែល​ឡើង​សង្វៀន​ប្រកួត នៅ​ចំពោះមុខ​អ្នកគាំទ្រ នា​ប្រទេស​កំណើត​របស់ខ្លួន នៅឯ​កីឡដ្ឋាន AT&T របស់​ក្រុម Dallas Cowboys (​ក្រុមបាល់ទាត់​បែប​អាមេរិក​) ក្នុង​រដ្ឋ​តិច​សាស់ នៅ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នោះឡើយ ដោយ​បង្កើន​កំណត់ត្រា​យ៉ាង​ល្អឥតខ្ចោះ ជាមួយនឹង​ការ​ឈ្នះ​ទាំង ២៨ ​ដង ក្នុងនោះ​វាយ​ឱ្យ​គូប្រកួត​សន្លប់ ២២ ​ដង នៅពេលដែល​អាជ្ញាកណ្តាល លោក Laurence Cole បានប្រកាស​បញ្ឈប់​ការប្រកួត នៅ​នាទី​ទី ១:៤៤ ក្នុង​ទឹក​ទី១០ តាម​ការណែនាំ​របស់​គ្រូពេទ្យ​ប្រចាំ​សង្វៀន​។​

​ដោយ​នៅពេលនោះ ភ្នែក​​ស្តាំ​របស់​កីឡាករ Ugas បាន​ហើមប៉ោង​កាន់តែខ្លាំង​ឡើងៗ បន្ទាប់ពី​រង​នូវ​ការ​វាយ​ចំៗ​ពី Spence ដែល​បានចាប់ផ្ដើម​វាយ​សម្រុក​លើ​អ្នក​ប្រដាល់​គុយបា​មិន​ដក​ដៃ ក្នុង​ទឹក​ទី​៧ ហើយ​បន្ត​វាយ​សន្ធាប់​ទៀត រហូតដល់​សព្វ​យ៉ាង​ត្រូវ​ចប់​។​

​នេះ​ជាការ​ប្រកួត​លើក​ទី១ របស់ Spence គិត​ចាប់តាំងពី​មាន​របួស​ភ្នែក ក្នុងអំឡុង​​ពេល​ហ្វឹកហាត់ ដែល​បង្ខំ​ឱ្យ​រូបគេ​ដកខ្លួន​ពី​ជំនួប​ជាមួយ​អតីត​កីឡាករ Manny Pacquiao កាលពី​ខែសីហា កន្លងទៅ ខណៈដែល​កីឡាករ Ugas ក៏​ឈាន​ជើង​ឡើង​សង្វៀន​ជំនួសក្នុងជំនួប​នោះ នៅ​នាទីចុងក្រោយ ហើយ​បាន​ជូន​​ដំណើរការ​ចូលនិវត្តន៍​របស់​ស៊ុប​ភើរ​ស្តារ​សញ្ជាតិ​ហ្វីលីពីន ជាមួយនឹង​ជ័យជម្នះ​ដោយ ការទទួលបាន​ពិន្ទុ​ជា​ឯកច្ឆន្ទ​។​

​តែ​យ៉ាងណា កីឡាករ​វ័យ ៣៥ ​ឆ្នាំ​រូបនេះ មិនអាច​តបត​ចំពោះ​ការ​វាយ​សន្ធាប់​ឆ្វេង​ស្ដាំ​យ៉ាង​ពេញកម្លាំង​របស់​កីឡាករ Spence ឡើយ បើទោះបី​​ជា​រូបគេ​បានធ្វើឱ្យ​កីឡាករ​អាមេរិក​វង្វេងវង្វាន់ ក្នុង​ទឹក​ទី៦ ដោយ​ការ​វាយ​ឱ្យ​គូបដិបក្ខ​មាន​ជំហរ​ទ្រេតទ្រោត បន្ទាប់ពី​បាន​ម៉ាត់ រហូតដល់​ប្រដាប់​ការពារ​ធ្មេញ​របស់ Spence របូត​ចេញពី​មាត់​។​

​ជាមួយគ្នានេះ ពាក់ព័ន្ធ​នឹង​ការ​ត្រូវបាន​គូប្រកួត​វាយ​រហូតដល់​របូត​ប្រដាប់​ការពារ​ធ្មេញ​នោះ កីឡាករ Spence បាន​ប្រាប់ថា រូបគេ​មានការ​ភាន់​ច្រឡំ​ដោយ​ខ្លួនឯង ទើប​ធ្វើឱ្យ​មិនបាន​ការពារ​ខ្លួន​ឱ្យបាន​ល្អ ដោយ​អ្នក​ប្រដា​ល់វ័យ ៣២ ​ឆ្នាំ បាន​និយាយ​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា នៅពេលនោះ លោក​អាជ្ញា​កណ្ដាល បាន​ប្រាប់​ឱ្យ​ឈប់​។ នោះ​ជា​កំហុស​របស់ខ្ញុំ​»​។​

​វា​អាច​នឹង​ត្រូវបាន​កាត់ក្ដី ដោយ​ច្បាប់​ការ​វាយ​ឱ្យ​ដៃគូ​ដួល ពោលគឺ​ត្រូវបាន​រាប់ តែ​កីឡាករ Spence ដែល​មិន​ត្រូវបាន​ដាល់ រហូតដល់​ដួល​ទៅលើ​កម្រាល​ម្ដងណា​នោះ បាន​អះអាងថា រូបគេ​មាន​ជំហរ​រឹងមាំ​នៅឡើយ​។​

​លើសពីនេះ​ទៀត Spence បាន​នាំមុខសម្រាប់​ការផ្ដល់​ពិន្ទុ​ពី​ចៅក្រម​ទាំង ៣ នៅពេល​ការប្រកួត​ត្រូវបាន​បញ្ឈប់ ខណៈ​នេះ​ជាការ​ចាញ់​ជា​លើក​ទី៥ របស់ Ugas ក្នុងចំណោម​ការឡើង​សង្វៀន​ទាំង ៣២ ​លើក ដែល​រូបគេ​ធ្លាប់​ឈ្នះ​បាន ២៧ ​ដង ជាមួយនឹង​ការ​វាយ​ឱ្យ​ដៃគូ​សន្លប់ ១២ ​ដង​។​

​នេះ​នឹង​ជាការ​វិលត្រឡប់​មកវិញ​ជា​លើក​ទី២ របស់​កីឡាករ Spence បន្ទាប់ពី​មាន​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​លើកដំបូង នៅពេលដែល​រូបគេ​នៅក្រៅ​សង្វៀន​អស់​រយៈពេល​រាប់​ខែ ក្រោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត ក្នុង​ខែតុលា ឆ្នាំ​ ២០១៩៕ AFP/VN