ក្រុង​ម៉ាឌ្រី​ដ​: ខ្សែប្រយុទ្ធ​ឆ្នើម Gerard Moreno របស់​ក្រុម Villarreal អាច​នឹង​អវត្តមាន សម្រាប់​ការប្រកួត​ជើង​ទី​១ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ក្របខ័ណ្ឌ Champions League ទល់នឹង​ក្រុម Liverpool បន្ទាប់ពី​រូបគេបាន​ស៊ុត​បញ្ចូល​ទី ហើយ​បន្ទាប់មក​រង​​របួស អំឡុងពេល​មានជ័យ​ជម្នះ ២-១ លើ​ក្រុម​ម្ចាស់ផ្ទះ Getafe កាលពី​ថ្ងៃ​សៅរ៍​។​

​កីឡាករ Moreno ធ្វើបាន​​សម្រេច ១ ​គ្រាប់ ហើយ​បន្ទាប់​​មក បង្កើត​ឱកាស​ឱ្យ​មិត្ត​រួម​ក្រុម ស៊ុត​សម្រេច ១ ​គ្រាប់​ទៀត ក្នុង​ហ្គេមទល់នឹង​ក្រុម Getafe នេះ មុនពេល​រូបគេ​ត្រូវបាន​ប្តូរ​ចេញ ក្នុង​វគ្គ​ទី​២ ដោយសារ​មាន​របួស​ភ្លៅ​ខាងស្តាំ​។​

​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៣០ ​ឆ្នាំ នឹងត្រូវ​ឆ្លង​ការត្រួត​​ពិនិត្យ ដើម្បី​វាយតម្លៃ​បញ្ហា​របួស​នេះ ខណៈ​ក្រុម Villarreal មាន​ពេល ១០ ​ថ្ងៃ មុន​ការធ្វើដំណើរ​របស់​ពួកគេ​ទៅ​ទឹកដី Anfield របស់​ក្រុម Liverpool សម្រាប់​ជំនួប​ជើង​ទី​១ នៅ Champions League​។​

Moreno បាន​ស៊ូទ្រាំ​នឹង​ឆ្នាំ​ដ៏​លំបាក​ជាមួយ​របួស ដោយបាន​ជួប​បញ្ហា​រួចហើយ កាលពី​ខែតុលា និង​ខែកុម្ភៈ នៅពេលដែល​រូបគេ​ត្រូវ​នៅក្រៅ​ទីលាន​ម្ដងៗ រយៈពេល​ជាង ១ ​ខែ​។​

«​យើង​នឹង​បានដឹងថា តើ​វា​មាន​កម្រិត​ធ្ងន់ធ្ងរ​ប៉ុនណា តែ​វា​ជា​ឆ្នាំ​ដ៏​អាក្រក់ សម្រាប់​រូបគេ​។ វា​ជាការ​ធ្វើឱ្យ​គ្រប់គ្នា​មានការ​​សោកស្ដាយ ដែល​បានឃើញ​ការ​មាន​របួស​របស់គេ​។ រង់ចាំ​មើលថា តើ​របួស​នោះ គឺ​ធ្ងន់ ឬ​ស្រាល​យ៉ាងណា​»​។ នេះ​ជា​សម្ដី​របស់​គ្រូបង្វឹក​ក្រុម Villarreal លោក Unai Emery​។​

​ក្រោយ​ទម្លាក់​ក្រុម Bayern Munich ពី Champions League ក្នុង​វគ្គ ១/៤ ផ្តាច់​ព្រ័ត្រ ដោយ​ស្មើ ១-១ នៅ​ជើង​ទី​២ នា​ក្រុង​មុយ​និ​ច Villarreal យកឈ្នះ​ទៀត​លើ​ក្រុម Getafe ដែល​កំពុង​ប្រយុទ្ធ ដើម្បី​បន្ត​រស់ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អេ​ស្ប៉ា​ញ​៕ AFP/VN