ក្រុង​មេន​ឆេ​ស្ទ័​រ​: អ្នកចាត់ការ​​បណ្ដោះអាសន្ន​លោក Ralf Rangnick បាន​ជំរុញ​ឱ្យ​អ្នក​គាំទ្រ​របស់​ក្រុម​បិសាច​ក្រហម Manchester United កុំ​វាយ​​ប្រហារ​លើ​បុគ្គល​តែ​ម្នាក់ បន្ទាប់​ពី​កីឡាករ Paul Pogba ត្រូវបាន​ក្លាយជា​គោលដៅ សម្រាប់​ការរំលោភបំពាន​ដោយ​សំឡេង​ហ៊ោ​ចំអក អំឡុង​មានជ័យ​ជម្នះ ៣-២ លើ​ក្រុម​កំពុង​យ៉ាប់ Norwich កាលពី​ថ្ងៃ​សៅរ៍​។​

​គ្រាប់​បាល់​ហ៊ែ​ត​ទ្រិ​ក (​ស៊ុត ៣ ​គ្រាប់​) របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ជួយ​ស្រោចស្រង់​ក្រុម​របស់លោក Rangnick ពី​ការប្រកួតនាពេល​រសៀល​ដ៏​គួរឱ្យ​អាម៉ាស់​មួយ​ផ្សេងទៀត​ទល់នឹង​ក្រុម Norwich ដែល​ជាប់​ឫស​នៅ​បាត​តារាង​របស់​ក្របខ័ណ្ឌ Premier League អង់គ្លេស​សឹងតែ​ពេញ​មួយ​រដូវ​កាល​។​

​កីឡាករ Pogba កំពុង​តែមាន​ចំណែក​រួមក្នុង​ហ្គេម ដែល​អាចជា​ការបង្ហាញ​ខ្លួននៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​របស់គេ នា​កីឡដ្ឋាន Old Trafford ដោយសារ​កិច្ចសន្យា​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ នឹង​ត្រូវអស់​សុពលភាពនៅ​បញ្ចប់​រដូវ​កាល​នេះហើយ​។​

​ក៏មាន​ការតវ៉ា​ផងដែរ សូម្បី​នៅមុន​ហ្គេម​ចាប់ផ្ដើម ពី​គាំទ្រ​របស់​ក្រុម Man Utd ដែលមាន​ការខឹង​សម្បា ដោយសារ​ការ​​មិនអាច​ឈ្នះ​ពានរង្វាន់​អ្វីមួយ អស់​រយៈពេល ៥​ រដូវ​កាល​បន្ត​​បន្ទាប់​គ្នា ហើយ​វា​គឺ​កីឡាករ Pogba ដែល​ត្រូវបាន​អ្នកគាំទ្រ​ហ៊ោ​ចំអក ក្នុងខណៈ​ពេលដែល​រូបគេ​ត្រូវ​ប្ដូរ​ចេញនៅ​ប្រមាណ​ជា ១៧ ​នាទី មុន​ចប់​ការប្រកួត ដែល​ពេលនោះ លទ្ធផល​កំពុង​ស្មើគ្នា ២-២​។

«​ខ្ញុំ​អាច​យល់បាន​ទាំងស្រុង​ថា អ្នកគាំទ្រ​មានការ​ខកចិត្ត ពួកយើង​ក៏​ដូចគ្នា​ដែរ ទាំង​កីឡាករ និង​បុគ្គលិក តែ​ខ្ញុំ​គិតថា ពួកគេ​មិនគួរ​តម្រង់​ឆ្ពោះ​សំដៅ​ទៅលើ​កីឡាករ​ណា​តែ​ម្នាក់​នោះទេ​។ យើង​ត្រូវមាន​ការទទួលខុសត្រូវ​រួម អ្នក​រាល់​​គ្នា​នៅទីនេះ ហើយ​នោះ​ជា​មូល​​ហេតុ ដែល​ខ្ញុំ​គិតថា វា​មិន​សមរម្យ ឬ​ត្រឹមត្រូវ​នោះទេ ក្នុងការ​ទទួលយក​កីឡាករ​ម្នាក់ៗ​មក​ទទួលខុសត្រូវ​នោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Rangnick​។​

​ការធ្វើ​បាន​ហែ​៊​ត​ទ្រិ​ក​ជា​លើក​ទី​៦០ ក្នុង​អាជីព​របស់​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Ronaldo បាន​ជួយ​ឱ្យ​រដូវ​កាល​របស់​ក្រុម​បិសាច​ក្រហម មានជីវិត​ជីវ៉ា​ឡើងវិញ ខណៈដែល​ពួកគេ មាន​គម្លាត ក្នុង​រង្វង់​តែ ៣ ​ពិន្ទុ ពីក្រោម​ក្រុម នៅ​ទី​កំពូល​ទាំង​ ៤ (Top4) របស់ Premier League និង​ពីក្រោម​ក្រុម ដែល​ដណ្ដើមបាន​ទៅលេង នៅ​ក្របខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយភាព​ធូររលុង ដែល​ក្រុម Man Utd បណ្ដោយឱ្យ​ក្រុម ដែលមាន​ស្ថិតិ​ស៊ុត​បញ្ចូល​ទី​ទាប​បំផុត នៅក្នុង​លី​គ អាច​ទម្លុះ​សំណាញ់​ទី​របស់ខ្លួន​ស្រួលៗ​នោះ មិនមែនជា​ប្រផ្នូល​ល្អ សម្រាប់​ការធ្វើដំណើរ​ដ៏​គួរឱ្យ​ខ្លាចរអា​របស់​ពួកគេ ដើម្បី​ទៅ​ប្រឈម​ជាមួយ​ក្រុម ដែល​កំពុង​តាម​ប្រជែង​ជើងឯក គឺ Liverpool នា​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះឡើយ​៕ AFP/VN