ក្រុង​ឡុង​ដ៍​: ក្រុម​ហង្ស​ក្រហម Liverpool ឡើងទៅ​វគ្គ​​ផ្តាច់ព្រ័ត្រ ក្នុង​កម្មវិធី FA Cup ដោយសារ​ការ​ទម្លុះ​សំណាញ់​​ទី២ ​ដង​របស់​កីឡាករ Sadio Mane បាន​ជួយ​ជំរុញឱ្យមាន​ជ័យជម្នះ ៣-២ លើ​ក្រុម​មេឃ​ខៀវ Manchester City (City) ដោយ​លទ្ធផល​នេះ កំពុង​បន្ត​រក្សា​ការប្រឹងប្រែង​របស់​ពួកគេ ក្នុងការ​បាន​គ្រង​ពានរង្វាន់​ ៤ និង​បាន​បំផ្លាញ​ក្តីសង្ឃឹម​របស់​ក្រុម​គូប្រជែង ដែល​ចង់​កា្ល​យ​ជា​ជើងឯកក្នុង ៣ ​កម្មវិធី​ផ្សេងគ្នា​។​

​ក្រុម Liverpool របស់លោក Jurgen Klopp កំពុង​តាម​​ប្រដេញ​ការប្រមូល​យក​ទាំង​​អស់​មិន​ធ្លាប់មាន​ពីមុន ក្នុងការ​​បានឈ្នះ​ពានរង្វាន់​សំខាន់ៗ​ទាំង​ ៤ ក្នុង ១ ​រដូវ​កាល ហើយ​ពេលនេះ ពួកគេ​កំពុង​ស្ថិតនៅ​លើផ្លូវ ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​អស្ចារ្យ​នោះ បន្ទាប់ពី​មាន​ទម្រង់​លេង​គួរឱ្យ​ស្ងើច ក្នុង​វគ្គ​ទី​១ សម្រាប់​ការប្រកួតនៃ​វគ្គ ៤ ​ក្រុម​ចុងក្រោយ នៅឯ​ពហុ​កីឡដ្ឋាន Wembly​។​

​ខ្សែការពារ​កណ្ដាល Ibrahima Konate ជួយ​ឱ្យ​ក្រុម Liverpool នាំមុខ​យ៉ាង​លឿន ហើយ​ខ្សែប្រយុទ្ធ Mane បន្ថែម​ពីលើ​គ្រាប់​បាល់​នោះ បន្ទាប់ពី​មានឱកាសរ​ត់ទៅ​ស្កាត់​បាល់​បញ្ចូល​ទី ដោយសារ​ការបង្កើត​នូវ​កំហុស​ដ៏​ធំ​ពី​អ្នកចាំទី Zack Steffen របស់​ក្រុម City ខណៈដែល​មុន​ចប់​វគ្គ​ទី​១ កីឡាករ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់ ស៊ុត​សម្រេច​គ្រាប់​ទី​២ របស់ខ្លួនដើម្បីឱ្យ​ក្រុម​ហង្ស​ក្រហម​នាំមុខ​កាន់តែ​ឆ្ងាយ ៣-០​។​

​ហើយ​ទោះ​ខ្សែប្រយុទ្ធ Jack Grealish និង​ខ្សែបម្រើ Bernardo Silva មានឱកាស​បំប៉ោង​សំណាញ់​ទី​ម្នាក់ ១ ​គ្រាប់ ដើម្បី​កាត់បន្ថយ​ការនាំ​មុខ​នោះ​ក៏ដោយ ក៏​ចុងក្រោយ ក្រុម​មេឃ​ខៀវ មិនអាច​ធ្វើការ​វាយបក​បានសម្រេច ដើម្បី​បន្ត​ក្ដីសង្ឃឹម​បានឡើយ​។​

​ក្រុម Liverpool នឹងធ្វើ​ការបង្ហាញ​ខ្លួន ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​កម្មវិធី FA Cup ជា​លើក​​ដំបូង គិត​តាំងពី​ឆ្នាំ​ ២០១២ នា​ថ្ងៃទី​ ១៤ ខែឧសភា ដោយ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម ដែល​ឈ្នះ​រវាង​គូ​ក្នុង​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ ១ ​ទៀត គឺ​ក្រុម Chelsea និង Crystal Palace ដែល​ត្រូវ​តទល់​គ្នានៅ​ថ្ងៃអាទិត្យ​។​

​ក្រុម​ហង្ស​ក្រហម ដែល​ឆ្លង​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ជា​លើក​ទី​១៥ មិន​ធ្លាប់បាន​លើក​ពាន​នេះ​នោះឡើយ គិត​តាំងពី​ឆ្នាំ​ ២០០៦ មក ខណៈដែល​លោក Klopp នៅ​មិនទាន់បាន​ដឹកនាំ​ក្រុម​ឱ្យ​គ្រង​ជើងឯក ក្នុង​កម្មវិធី នៃ​ការប្រកួតប្រជែង​បែប​ចាញ់​ធ្លាក់ ក្នុងស្រុក​នេះ​ម្ដងណា​ឡើយ​។​

​ក្រោយ​ក្រុម​ធ្លាក់ លោក Pep Guardiola បាន​អះអាងថា ក្រុម City របស់លោកអស់កម្លាំង​កំហែង​ហើយ ដែល​ធ្វើឱ្យ​លោក​គ្មាន​ជម្រើស ក្រៅពី​ធ្វើការ​ផ្លាស់ប្ដូរ​កីឡាករ​ខ្លះ​ប៉ុណ្ណោះ ដោយ​ខ្សែបម្រើ​ស្នូល Kevin De Bruyne ត្រូវ​ទុកឱ្យ​អង្គុយ​កៅអី​កីឡាករ​បម្រុង​ជាមួយ​អ្នកចាំទី​ដៃ​ទី​១ Ederson, ខ្សែការពារ Ruben Dias និង​ខ្សែបម្រើ Rodri ខណៈដែល​ខ្សែការពារ Kyle Walker ត្រូវ​នៅក្រៅ​ទីលាន​តែម្ដង ដោយសារ​របួស​។​

​ដោយ​ក្រុម Liverpool កំពុង​តាម​ក្រុម City ត្រឹមតែ ១ ​ពិន្ទុ សម្រាប់​ការប្រកួតប្រជែង នៅ​ក្របខ័ណ្ឌ Premier League ជាមួយនឹង​ការ​នៅសល់ ៧​ ហ្គេម​ទៀត ហើយ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម Villarreal ក្នុង​វគ្គ ៤ ​ក្រុម នៅ​ក្របខ័ណ្ឌ Champions League កីឡាករ Mane ដឹង​ច្បាស់​ថា ក្រុម​របស់ខ្លួន អាច​នឹង​ស្ថិតនៅលើ​គែមនៃ​ភាព​អមតៈ (​គ្មាន​ក្រុម​ណា​បំបែក​បាន​) របស់​បាល់ទាត់​។​

«​យើង​នឹង​ឃើញ​។ យើង​នឹង​ប្រឹង​ឱ្យអស់​លទ្ធភាព​របស់​ពួកយើង​។ ពិតមែន វា​គឺជា​ក្ដី​ស្រមៃ ហើយ​យើង​នឹង​ប្រឹង​​ប្រែង ដើម្បី​សម្រេច​ឱ្យបាន​។ វា​គឺ​ពិសេស​ណាស់​។ វា​ជា​ជោគ​​ជ័យ​ដ៏​ធំ ដែល​បានឈ្នះ ក្នុង​វគ្គ ១/២ ​ផ្ដាច់ព្រ័ត្រ ហើយ​យើង​មាន​ក្ដី​រីករាយ ក្នុងការ​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Mane ដែល​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ BBC​។​

​កីឡាករ Mane បាន​បន្ថែមថា​៖ «​យើង​ចាប់ផ្ដើម​បានល្អ យើង​បានធ្វើ​ការដាក់​សម្ពាធ​លើ​ពួកគេ​យ៉ាងខ្លាំង ហើយ​អ្នកចាំទី​របស់​ពួកគេ បាន​បង្កកំហុស​។ ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​ស៊ុត​បញ្ចូល​ទី​បាន ២ ​គ្រាប់ តែ​ទម្រង់​លេង​របស់​ក្រុម​ទាំងមូល គឺ​អស្ចារ្យ​មែនទែន​។ កីឡាករ​របស់​ក្រុម Liverpool គ្រប់រូប រីករាយ​ជាមួយនឹង​ជ័យជម្នះ​នេះ ព្រោះ​ពួកយើង​សម្រេចបាន​នូវ​កិច្ចការ​ដ៏​ត្រឹមត្រូវ ក្នុងពេល​វេលា​ដ៏​ត្រឹមត្រូវ​»៕ AFP/VN