​ក្រុង​ឡុង​ដ៍​: លោក Ralf Rangnick បាន​និយាយថា ក្រុម​បិសាច​ក្រហម Manchester United នឹងមាន​សំណាង​ជាមិនខាន សូម្បីតែ​បាន​ត្រឹម ១ ​ពិន្ទុ ពេល​ប៉ះ​ក្រុម​កំពុង​ឡើង​ទម្រង់ Liverpool សម្រាប់​ការ​​ប្រកួត នៅ​ក្របខ័ណ្ឌ Premier League នា​ថ្ងៃ​អង្គារ​នេះ បើ​ពួកគេ​នៅតែ​បង្ហាញ​ពី​ភាព​ទន់​​ខ្សោយ នៃ​តំបន់​ការពារ ដូច​ដែលមាន​ក្នុង​ជ័យជម្នះ ៣-២ លើ​ក្រុម Norwich​។​

​ទុទិដ្ឋិនិយម​របស់​អ្នកចាត់ការ​បណ្តោះអាសន្ន​លោក Rangnick នៅតែ​កើតមានឡើង ទោះ​ឱកាស​របស់​ក្រុម Man Utd ក្នុងការ​អាច​បាន​សិទ្ធិ​ទៅលេង នៅ​ក្របខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ កំពុង​ទទួលបាន​យ៉ាង​ធំធេង បន្ទាប់ពី​ក្រុម​គូប្រជែង Arsenal និង Tottenham Hotspur (Spurs) ចាញ់​ដូចគ្នា​។​

​ក្រុម Man Utd នៅ​ពីក្រោម​ក្រុម Spurs ដែល​កាន់កាប់​ចំណាត់ថ្នាក់​លេខ ៤ និង​កៅអី ១ ចុងក្រោយ សម្រាប់ Champions League ដោយ​តាម​ពីក្រោយ ៣ ​ពិន្ទុ និង​មាន​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម Arsenal បើទោះបីជា​ក្រុម​កាំភ្លើង​ធំ នៅសល់ ១​ ហ្គេម ក្នុង​ដៃ​ក៏ដោយ​។​

​លោក Rangnick មាន​ក្ដី​​កង្វល់​ចំពោះ​ទម្រង់​ការពារ​របស់​ក្រុម​បិសាច​ក្រហម ពេល​ត្រូវ​ប្រឈម​ជាមួយ​ក្រុម Liverpool ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​កម្មវិធី FA Cup កាលពី​ថ្ងៃ​សៅរ៍ ជាមួយនឹង​ជ័យជម្នះ ៣-២ លើ​ក្រុម​គូប្រជែង​ដណ្តើម​ជើងឯក​លី​គ Manchester City​។​

​ក្រុម​របស់លោក Jurgen Klopp នៅ​ស្ថិត​លើផ្លូវ ក្នុងការ​​ឈ្នះ​ពានរង្វាន់​ធំៗ​ចំនួន ៤ ក្នុង ១ ​រដូវ​កាល ដោយ​ពួកគេ​ដណ្ដើមបាន ១ រួចហើយ គឺ League Cup ខណៈ​ពួកគេកំពុង​តាម​ពីក្រោយ​ក្រុម Man City ត្រឹម ១ ពិន្ទុ ក្នុង​តារាង​ពិន្ទុ​របស់ Premier League និង​ស្ថិតក្នុង​វគ្គ ៤ ​ក្រុម​ចុងក្រោយ នៅ Champions League​។​

​លោក Rangnick បាន​រិះគន់​តំបន់​ការពារ​ចំពោះ​គ្រាប់​បាល់ ២ ​គ្រាប់ ដែល​ពួកគេ​បណ្ដោយ​ក្រុម​បាត​តារាង Norwich ស៊ុត​បញ្ចូល​ទី​បាន កាលពី​ថ្ងៃ​សៅរ៍ ដោយ​និយាយថា គ្មាន​ក្រុម​ដទៃ​ណា​ផ្សេង​ទៀតឡើយ ក្នុង​លី​គដែល​ផ្តល់​អំណោយ​ដល់​ក្រុម​គូបដិបក្ខ​បែប​នោះ​។​

«​គ្រប់គ្នាបានឃើញ​ហ្គេម​ថ្ងៃ​នេះហើយ ហើយ​គ្រប់គ្នា​ដឹង​ច្បាស់​ពី​ក្រុម ដែល​កំពុង​លេង​នៅថ្ងៃនេះ​ថា តើ​មាន​កម្រិត​ដូច​​ម្ដេច​? ពួកគេ (Liverpool) ទើបបាន​យកឈ្នះ​ក្រុម Man City ពួកគេ​កំពុង​ស្ថិតក្នុង​វគ្គ​​ផ្ដាច់ព្រ័ត្រ ក្នុង​កម្មវិធី​ខាប់ ហើយ​ពួកគេប្រហែលជា​មានឱកាស​យ៉ាង​ធំធេង ក្នុងការ​ឈ្នះ​ពានរង្វាន់​ធំៗ​ចំនួន ៤»​។ លោក Rangnick បានលើកឡើង​។​

​លោក Rangnick បាន​បន្តថា​៖ «​បើ​យើង​លេង​ដូច​យើង​ធ្វើ​ថ្ងៃនេះ (​ថ្ងៃ​សៅរ៍​) វា​នឹង​ពិបាក​ណាស់ ក្នុងការ​បាន​សូម្បីតែ ១ ​ពិន្ទុ​។ នេះ​ជា​អ្វី ដែល​យើង​ត្រូវតែ​ដឹង និង​ទទួលស្គាល់​។ យើង​ត្រូវតែ​ប្រសើរ​ជាង​នេះ​ឱ្យបាន​ច្រើននៅពេលដែល​គូប្រជែង កំពុង​គ្រប់គ្រង​បាល់​»​។​

​រឿង​គួរឱ្យ​រីករាយ​តែ ១ ​គត់ សម្រាប់ Man Utd គឺ​ការ​ធ្វើបាន​ហ៊ែ​ត​ទ្រិ​ក (​ស៊ុត ៣ ​គ្រាប់​) លក្ខណៈ​អាជីព​ជា​លើក​ទី៦០ របស់​ស៊ុប​ភើ​ស្តារ Cristiano Ronaldo ដែល​គ្រាប់​បាល់​ទាំងនោះ​បានធ្វើឱ្យ​រូបគេ​មាន​គ្រាប់​បាល់​សរុប ២០ ​គ្រាប់ គិត​គ្រប់​កម្មវិធី​ទាំងអស់រដូវ​កាល​នេះ​។​

​វា​ជាការ​ថ្កោលទោស​ចំពោះ​ការរួមចំណែក​ពី​មិត្ត​រួម​ក្រុម​របស់គេ ដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ​៣៧ ​ឆ្នាំ មាន​ចំនួន ១២ ​គ្រាប់ លើស​កីឡាករក្នុង​ក្រុម​។ វា​គឺជា​រដូវ​កាល​ទី១៦ ជាប់ៗ​គ្នា ដែល​កីឡាករ Ronaldo រកបាន ២០ ​គ្រាប់ ឬ​ច្រើនជាង​នេះ សម្រាប់​ក្លិបគិត​គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់ និង​ដែល​ធ្វើឱ្យ​រូបគេ​មាន​គ្រាប់​បាល់​អាជីព ៩៩ ​គ្រាប់ នៅ Premier League៕ AFP/VN