​ក្រុង​ឡុង​ដ៍​: លោក Thomas Tuchel បានធ្វើការ​​កោតសរសើរ ចំពោះ​ការ​ផ្តោតអារម្មណ៍ និង​ភាពនឹងនរ​របស់​ក្រុម​តោ​ខៀវ Chelsea ខណៈដែល​ពួកគេ​បាន​យកឈ្នះ​ក្រុម Crystal Palace ក្នុង​លទ្ធផល ២-០ កាលពី​ថ្ងៃអាទិត្យ ដើម្បី​កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​កម្មវិធី FA Cup ដោយ​ត្រូវ​ទល់​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ដែល​កំពុង​ប្រឹងប្រែង​តាម​ប្រដេញ​ពានរង្វាន់ ​៤​។​

​ក្រុម Chelsea របស់លោក Tuchel ត្រូវខិតខំ​យ៉ាងខ្លាំង ដើម្បី​បំបែក​ការតស៊ូ​ប្រយុទ្ធ​ដ៏​រឹងរូស​របស់​ក្រុម Palace សម្រាប់​ការប្រកួតក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅឯ​ពហុ​កីឡដ្ឋាន Wembley នេះ តែ​ការ​ស៊ុត ១ ​ជើង​យ៉ាង​សាហាវ​របស់​កីឡាករ Ruben Loftus-Cheek បានធ្វើឱ្យ​ពួកគេ​ស្ថិតនៅ​លើផ្លូវ ក្នុងការ​បាន​ទៅ​បង្ហាញខ្លួន ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ FA Cup ជា​លើក​ទី​៣ ជាប់ៗ​គ្នា​។​

​បន្ទាប់មក ខ្សែបម្រើ Mason Mount បានធ្វើឱ្យ​លទ្ធផល​នេះ​គ្មានអ្វី​ត្រូវ​សង្ស័យ ជាមួយនឹង​ការបញ្ចប់​ទី​យ៉ាង​ស្អាត ដោយ​បច្ចេកទេស​ផ្ទាល់ខ្លួន ដែល​ជួយ​ធានា​ឱ្យ​ក្រុម​តោ​ខៀវ ឡើងទៅ​ជួប​ជាមួយ Liverpool ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ពហុ​កីឡដ្ឋាន Wembley នា​ថ្ងៃទី ​១៤ ខែឧសភា ​ខាងមុខនេះ​។​

​វា​នឹង​ក្លាយជា​ការប្រកួត ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រនៅ FA Cup ជា​លើក​ទី​៥ របស់ Chelsea ក្នុង​រយៈពេល ៦ ​ឆ្នាំ​ចុង​ក្រោយនេះ ខណៈដែល​ពួកគេកំពុង​សម្លឹង ដល់​ការ​ប៉ូះ​ប៉ូវ​ឱ្យបាន​ឡើងវិញ សម្រាប់​ការ​ចាញ់ក្នុងការ​​ប្រកួត​ជាមួយ​ក្រុម Arsenal និង Leicester ក្នុង​ឆ្នាំ ​២០២០ និង ២០២១ រៀង​គ្នា​។​

​វា​ជា​កម្លាំង​ជំរុញ​ដ៏​គួរឱ្យ​រីករាយ​មួយ បន្ទាប់ពី​ការធ្លាក់​ដ៏​គួរឱ្យ​ឈឺចាប់​ចេញពី​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​អង្គារ​កន្លងមក នៅឯ​ផ្ទះ​របស់​ក្រុម​អធិរាជ​ស Real Madrid ដោយ​ក្រុម​តោ​ខៀវ បាន​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ ​៣ ​គ្រាប់ ដែលជា​ឱកាសក្នុងការ​អាច​កែប្រែ​លទ្ធ​ផល​បរាជ័យ ៣-១ ក្នុង​ហ្គេម កាលពី​ជើង​ទី​១ តែ​ត្រូវ​បញ្ចប់​ដំណើរ ក្រោយ​ថែម​ម៉ោង​ពិសេស ១៥​ នាទី​។​

«​ខ្ញុំ​គិតថា ទម្រង់​លេង គឺមាន​ការគ្រប់គ្រង និង​រឹងមាំ​ល្អ​ណាស់​។ វា​ជាការ​លំបាក ដោយ​គូបដិបក្ខបាន​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លេង ២ ​លើក តែ​យើង​ដោះស្រាយ​ជាមួយនឹង​ការ​​វាយបក​របស់​ពួកគេ​បានល្អ​។ វា​ជាការ​ប្រកួតប្រជែង​ទាំង​ផ្នែក​រាងកាយ និង​ផ្លូវ​អារម្មណ៍​។ យើង​ជា​ក្រុមដែលមាន​នាទី​លេង​ច្រើន​បំផុតនៅ​អឺរ៉ុប​»​។ នេះ​ជាការ​លើកឡើង​របស់លោក Tuchel​។​

​លោក Tuchel បានឈ្នះ​ពាននៅ​ក្របខ័ណ្ឌ Champions League, Club World Cup និង UEFA Super Cup ក្នុង​ការធ្វើ​តួនាទី នៅ​អង់គ្លេស​នេះ តែ​មិនទាន់​ដឹកនាំ​ក្រុម Chelsea ឱ្យ​លើក​ពានរង្វាន់ក្នុងស្រុក​នៅឡើយ​ទេ​។​

​ដោយមាន​ក្រុមហ៊ុន​ចំនួន ៣ ដែល​កំពុងដំណើរការ​ទិញ​ក្លិប Chelsea បន្ទាប់ពី​មានការ​​ដាក់ទណ្ឌកម្ម​របស់រ​ដ្ឋា​ភិ​បាល​អង់គ្លេស​លើ​មហាសេដ្ឋី​រុស្ស៊ី​លោក Roman Abramovich ក្រោយ​មានការ​លុកលុយ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ក្រុម​តោ​ខៀវអាច​នឹងមាន​ម្ចាស់​ថ្មី នៅពេលដែល​ពួកគេ​វិល​មកកាន់​ពហុ​កីឡដ្ឋាន Wembley វិញ ក៏​ថា​បាន​។​

​ការ​មានជ័យ​ជម្នះ​លើ​ក្រុម Palace ធ្វើឱ្យ​ពួកគេស្ថិតក្នុង​ការប្រកួតប្រជែង ដើម្បី​បញ្ចប់​រដូវ​កាល​ពោរពេញ​ដោយ​បញ្ហាជាមួយនឹង​ពានរង្វាន់​មួយក្នុង​ដៃ បើទោះបីជា​ក្រុម Liverpool ដែល​យកឈ្នះ​ក្រុម​កំពុង​នាំមុខគេ ក្នុង​តារាង​ពិន្ទុ​របស់ Premier League គឺ​ក្រុម​មេឃ​ខៀវ Manchester City ក្នុង​លទ្ធផល ៣-២ កាលពី​ថ្ងៃ​សៅរ៍ នឹង​ក្លាយជា​គូប្រជែង​រឹង​​មាំ​ជាង ពោលគឺ​ពិបាក​នឹង​យកឈ្នះ​ក៏ដោយ​៕ AFP/VN