ក្រុង​ប៊ែ​រ​ឡាំង​: ក្រុម Bayern Munich អាច​ធានាបាន​នូវ​ការ​ឈ្នះ​ជើងឯក​ក្របខ័ណ្ឌ Bundesliga ជា​លើក​ទី​១០ ជាប់ៗ​គ្នា​បាន​ហើយនៅ​ចុង​​សប្តាហ៍​ក្រោយ បន្ទាប់ពី​ពួកគេ ប្រសើរ​ឡើងវិញ ក្រោយ​ធ្លាក់​ចេញពី​ការប្រកួតប្រជែងនៅ​ក្របខ័ណ្ឌ Champions League ដោយ​ដណ្ដើមបាន​ជ័យជម្នះ ៣-០ នៅឯ​ទឹកដី​របស់​ក្រុម Arminia Bielefeld កាលពី​ថ្ងៃអាទិត្យ​។​

​គ្រាប់​បាល់ដែល​បាន​ពី​ការ​ធ្វើឱ្យ​ចូល​ទី​ខ្លួនឯង ដោយ​ខ្សែការពារ Jacob Laursen របស់​ក្រុម Bielefeld និង​ដែល​បាន​ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Serge Gnabry និង Jamal Musiala ធ្វើឱ្យ​ក្រុម Bayern នាំមុខ​ដាច់ ៩ ​ពិន្ទុ​។​

«​ការខកចិត្ត ត្រូវបាន​រំសាយ​តិចតួច​ដែរ ជាមួយនឹង​ជ័យ​​ជម្នះ​នេះ បន្ទាប់ពី​យើង​បាន​ធ្លាក់​ពី​អឺរ៉ុប​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Gnabry របស់​ក្រុម Bayern​។​

Bayern បាន​វិល​មកកាន់​ផ្លូវ​នៃ​ជ័យជម្នះ​វិញ រយៈពេល ៥​ ថ្ងៃ បន្ទាប់ពី​ត្រូវបាន​ក្រុម Villarreal តាម​ស្មើ នៅ​នាទី​ចុង​​ក្រោយ ក្នុងផ្ទះ​ខ្លួនឯង ដែលនាំឱ្យ​ពួកគេ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League ត្រឹម​វគ្គ ៨ ​ក្រុម​ចុងក្រោយ ជាមួយនឹង​ការបរាជ័យពី​ការប្រកួត​ទាំង ២ ​ជើង ២-១​។​

​ខ្សែបម្រើ Joshua Kimmich របស់​ក្រុម Bayern បាន​និយាយថា​៖ «​ខ្ញុំ​មាន​ពេល​ដ៏​លំបាកក្នុងការ​ដោះស្រាយ​ជាមួយនឹង​អារម្មណ៍​នេះ​។ វា​នៅតែ​វិលវល់​ក្នុង​គំនិត​របស់​អ្នកជា​និច្ច​»​។​

​វា​នៅសល់​ការប្រកួត​ចំនួន ៤ ​លើក​ទៀត តែ​ក្រុម Bayern អាច​កា្ល​យ​ជា​ម្ចាស់​ពានរង្វាន់​ភ្លាមៗ ដោយ​ការយក​ឈ្នះ​ក្រុម​លេខ ​២ Borussia Dortmund ក្នុងជំនួប​ក្រុម​កំពូល​តារាង នៅ​ក្រុង​មុយ​និ​ច នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​។​

«​ប្រាកដ​ណាស់ យើង​ចង់​ឈ្នះ​ពាន ពេល​តទល់​នឹង​ក្រុម Dortmund»​។ នេះ​ជាការ​​បន្ថែម​របស់ Kimmich​។​

​ក្រុម Bayern ចាប់ផ្ដើម​នាំមុខ នៅ​នាទី​ទី​១០ មុនពេល​កីឡាករ Gnabry បន្ថែម ២-០ នៅ​នាទី​ទី៤៥+៧ ហើយ​នៅ​ប្រមាណ​ជា ៥ ​នាទី មុន​ចប់​ការ​​ប្រកួតនៃ​សប្ដាហ៍​ទី​៣០ ​នេះ កីឡាករ​បម្រុង Musiala ក៏​ជួយ​ធានា​នូវ​ជ័យជម្នះ​ឱ្យ​ក្រុម​ភ្ញៀវ​ដោយ​ឥត​សង្ស័យ​ជាមួយនឹង​ការបន្ថែម​គ្រាប់​ទី​៣​។​

​សម្រាប់​ការប្រកួត ១ ​គូ​ទៀត ក្រុម Eintracht Frankfurt បាន​រង​បរាជ័យ​យ៉ាង​មិន​គួរឱ្យ​ជឿ ២-០ នៅផ្ទះ​របស់​ក្រុម Union Berlin ដោយ​លទ្ធផល​នេះ កើតមានឡើងរយៈពេល ៣ ​ថ្ងៃ បន្ទាប់ពី​ពួកគេ​ដណ្ដើមបាន​ជ័យជម្នះ​ដ៏​គួរ​ភ្ញាក់ផ្អើល​លើ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona រហូត​បាន​ឡើងទៅ​វគ្គ ៤ ​ក្រុម​ចុងក្រោយ នៅ​ក្រប​​ខ័​ណ្ឌ Europa League ជាមួយនឹង​លទ្ធផល​ទាំង ២ ជើង ៤-៣​។​

​ក្រោយ​ចប់​ការប្រកួតគ្រូ​​បង្វឹក​របស់ Frankfurt លោក Oliver Glasner បាន​និយាយថា​៖ «​ជាក់ស្ដែង​ណាស់ ក្រុម​របស់​យើង​ហាក់​មានការ​នឿយ​​ហត់​ខ្លាំង​។ កីឡាករ​ទាំងអស់បាន​ប្រឹងប្រែង​គ្រប់យ៉ាង​ខ្លាំង តែ​គ្រាន់តែ​យើង​មិន​ស្ថិតក្នុង​ស្ថានភាព ក្នុងការ​អាចមាន​ជ័យ​ជម្នះនៅទីនេះ​។ វា​ពិតជា​សម​នឹង​ទទួលបាន​បរាជ័យ​មែនហើយ​»៕ AFP/VN