​ក្រុងប៉ារីស​: លោក Erik ten Hag ដែល​ត្រូវបាន​គេ​ចាត់ទុក​ដោយ​បើកចំហ​ថា ជា​អ្នក​ចាត់​​ការ​បន្ទាប់​របស់​ក្រុម​បិសាច​​ក្រហម Manchester United នោះ បាន​ជួបប្រទះ​នូវ​បរាជ័យ កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​ក្រុម Ajax របស់គាត់បាន​ចាញ់​ក្រុម PSV Eindhoven ២-១ ក្នុងការ​ប្រកួតនៅ​វគ្គ​ផ្តាច់ព្រ័ត្រនៃ​កម្មវិធី Dutch Cup​។​

​ក្រុម Ajax បាន​ស៊ុត​គ្រាប់​​បាល់​បើកឆាក តាមរយៈ​កីឡាករ Ryan Gravenberch នៅ​នាទី​ទី​២៣ នៅ​មុនពេល​គ្រាប់​​បាល់​របស់​កីឡាករ Dusan Tadic ត្រូវបាន​បដិសេធ​មិន​យកជាការ មុន​ចប់​វគ្គ​ទី​១ ប្រមាណ​ជា ១ ​នាទី​។​

​បន្ទាប់មក ក្រុម PSV បាន​ស៊ុត​បញ្ចូល​ទី​សង​វិញ ២ ​គ្រាប់​ផ្ទួនៗ ក្នុង​រយៈពេល​ប្រមាណ​ជា ២ ​នាទី​ប៉ុណ្ណោះ ដែល​គ្រាប់​ទី​១ ដោយ​កីឡាករ Erick Gutierrez នាទី​ទី​៤៨ និង​គ្រាប់​ទី​២ ដោយ​កីឡាករ Cody Gakpo នៅ​នាទី​ទី​៥០​។​

​គួរឱ្យ​សោកស្ដាយ​សម្រាប់ Ajax ដោយ​គ្រាប់​បាល់ ១ ​គ្រាប់​ទៀត ដែល​ធ្វើបាន​សម្រេច​ដោយ​កីឡាករ Davy Klaassen នៅ​នាទី​ទី​៥៧ ត្រូវបាន​លុបចោល​ដោយ VAR (​វីដេអូ​ជំនួយការ​អាជ្ញាកណ្ដាល​)​។

​សម្រាប់ PSV នេះ​ជាការ​ឈ្នះ​ជើងឯក​ខាប់​លើកដំបូង គិតពី​ឆ្នាំ​ ២០១២ តែ​ជាការ​ឈ្នះ​រួម​លើក​ទី​១០ ខណៈ​ក្រុម​ការពារ​ជើងឯក Ajax ដែល​ធ្លាប់​គ្រង​ពាន ក្នុង​កម្មវិធី​ខាប់​នេះ ចំនួន ២០ ​ដង កំពុងស្ថិត​លើផ្លូវ នៃ​ការ​ឈ្នះ​ជើងឯក​លី​គ​កំពូល​របស់​ហូ​ឡង់​នៅឡើយ​ទេ ដោយ​ពេលនេះ​ពួកគេ​កំពុង​នាំមុខ​លើ​ក្រុម​លេខ ​២ PSV ៤ ​ពិន្ទុ​។​

​លោក Ten Hag មាន​សិទ្ធិ​ខ្ពស់ ក្នុងការ​បាន​ទៅធ្វើ​អ្នក​ចាត់ការ​ក្រុម Man Utd រដូវ​​កាល​ក្រោយ ហើយ​គ្រូបង្វឹក​វ័យ ៥២ ​ឆ្នាំ​រូបនេះ ត្រូវបាន​មើលឃើញថា ស័ក្ដិសម​តាម​បំណង​របស់​ក្រុមប្រឹក្សា នៃ​ក្លិប​យក្ស​អង់គ្លេស ដែល​ចង់​ស្ដារ​សម័យ​កាល​ជោគជ័យ​មកវិញ ក្រោម​ការដឹកនាំ​របស់​លោក Alex Ferguson៕ AFP/VN