​ក្រុង​បា​សេ​ឡូ​ណា​: ចំណាត់​​ថ្នាក់​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុងចំណោម​ក្រុម​នៅ​ទី​កំពូល​ទាំង​ ៤ (Top4) របស់​ក្របខ័ណ្ឌ La Liga មើលទៅ​មិនសូវ​ជាមាន​សុវត្ថិភាព​នោះឡើយ បន្ទាប់ពី​បាន​រង​​បរាជ័យ​យ៉ាង​គួរឱ្យភ្ញាក់ផ្អើល ក្នុង​លទ្ធផល ១-០ កាលពី​ថ្ងៃ​ចន្ទ ក្នុង​ទឹកដី​របស់​ខ្លួនឯង ដោយសារ​ក្រុម Cadiz ដែល​កំពុង​តស៊ូ ដើម្បី​គេច​ឱ្យ​ផុតពី​ការ​ត្រូវ​កាត់ចោល ។​

​ការបញ្ចប់​ទី ក្នុង​រយៈ​ចម្ងាយ​កៀក​នឹង​ទី​របស់​កីឡាករ Lucas Perez នៅ​ដើម​វគ្គ​ទី​២ បានផ្ដល់​ឱ្យ​ក្រុម Barca នូវ​បរាជ័យ​ជា​លើក​ទី​២ ជាប់ៗ​គ្នា ពោលគឺ​ក្រោយ​ការធ្លាក់​ចេញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ក្រោម​ស្នាដៃ​របស់​ក្រុម Eintracht Frankfurt ពី​ក្របខ័ណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​កន្លងមក​។​

​ក្រុម Barca នៅតែ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ ​២ តែមាន ៦០ ​ពិន្ទុ ស្មើ​ជាមួយ​ក្រុម​លេខ ​៣ Sevilla និង​ក្រុម​លេខ​ ៤ Atletico Madrid ខណៈ​ក្រុម​លេខ​ ៥ Real Betis តាម​ពីក្រោយ​តែ ៣​ ពិន្ទុ​ប៉ុណ្ណោះ​។ យ៉ាងណាក្ដី ក្រុម​របស់លោក Xavi Hernandez ប្រកួត​តិចជាង​ក្រុម​នៅ​ពីក្រោម​ទាំង ​៣ ​នេះ ១ ​លើក​។​

​តែ​បរាជ័យ​នេះ មានន័យថា ក្រុម Barca ឈ្នះ​ម្ដងគត់ ក្នុងចំណោម ៤​ ហ្គេម​ចុងក្រោយ ដោយ ១​ លើក​នោះ កើតមាន​តាមរយៈ​គ្រាប់​បាល់់​ជ័យជម្នះ ក្នុង​ម៉ោង​បន្ថែម​មាន​របួស ទល់នឹង​ក្រុម​លេខ ​១៩ Levante ហើយ​ច្បាស់​ណាស់ គោល​​បំណងដែល​ពួកគេ​ចង់​បង្ក​ភាពមិន​ស្រួល​អារម្មណ៍​ដល់​ក្រុម​កំពូល​តារាង Real Madrid បាន​ចប់សព្វគ្រប់​ទាំងស្រុង​ហើយ ដ្បិត​ក្រុម​អធិរាជ​ស នាំមុខ​ដាច់​ដល់​ទៅ ១៥​ ពិន្ទុ ទោះ​ប្រកួត​លើស ១​ លើក​។​

«​យើង​ត្រូវតែ​រិះគន់​ខ្លួនឯង​។ យើង​ត្រូវតែ​និយាយ​រឿង​នានា​ចំពោះមុខ​គ្នា​ទៅវិញទៅមក​។ នេះ​គឺ​ក្រុម Barca ហើយ​យើង​ត្រូវតែ​ប្រសើរ​ជាង​នេះ​។ ក្នុង​ទឹក​​ដី​ខ្លួនឯង យើង​ត្រូវតែ​បង្ហាញ​នូវ​ការស្រេកឃ្លាន​ជាង​នេះ ការ​​ជឿជាក់​ជាង​នេះ និង​បុគ្គលិកលក្ខណៈ​ប្រសើរ​ជាង​នេះ​។ នេះ​គឺជា​លើកចុងក្រោយ ហើយ​យើង​មិនត្រូវ​លេង​បែបនេះ​ទៀត​ទេ​»​។ គ្រូបង្វឹក​របស់​ក្រុម Barca លោក Xavi បានលើកឡើង​។​

​ការបរាជ័យ ក្រោម​ថ្វី​ជើង​របស់​ក្រុម Frankfurt គឺជា​ការ​​លេបថ្នាំ​គ្រាប់​ដ៏​ល្វីង ដោយសារ​ក្រុម​នៅ​តំបន់​កាតា​ឡាន់ បាន​ព្រម​ចុះ​ញ៉ម​ជាមួយនឹង​ការ​មាន​​ប្រៀប​ក្នុង​ទឹកដី​ខ្លួន ដោយបាន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ចំនួន​ជាង ២០ ០០០ ​នាក់ របស់​ក្រុម​ភ្ញៀវ ចូល​កីឡដ្ឋាន Camp Nou​។​

​លោក Xavi បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុម Barca មាន​អារម្មណ៍​ថា ត្រូវបាន​ប្លន់នៅផ្ទះ​ផ្ទាល់​តែម្ដង ហើយ​អ្នក​គាំទ្រ ១ ​ក្រុម ក្នុងចំណោម​អ្នក​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ អត់​មក​ចូល​មើល​ហ្គេម​ជាមួយ​ក្រុម Cadiz នេះ ដើម្បី​ជាការ​តវ៉ាដោយ​ផ្នែក​ខាងក្រោយ​បង្គោល​ទី​ម្ខាង មាន​ភាព​ទទេ​ស្អាត​៕ AFP/VN