ក្រុង​ឡុង​ដ៍​: លោក Wayne Rooney និយាយថា គាត់​ចង់​សាង​ក្រុម Derby County ឡើងវិញ តែ​ការ​មាន​ម្ចាស់​ថ្មី ត្រូវតែ​កើតឡើង​ឱ្យបាន​ឆាប់ៗ ដើម្បី​អាច​រក្សា​គ្រូបង្វឹក​រូបនេះ​ឱ្យ​បន្ត​ស្នាក់នៅ​ទឹកដី Pride Park បន្ទាប់ពី​ក្លិប​ត្រូវបាន​កាត់​ចេញពី​ក្របខ័ណ្ឌ Championship កាលពី​ថ្ងៃ​ចន្ទ​។​

​ការប៉ុនប៉ង​ដ៏​ក្លាហាន​របស់​ក្រុម Derby ក្នុង​ការបន្ត​ស្នាក់​​នៅ​លី​គ​កម្រិត​ទី​២ ​នេះ បើ​​ទោះបីជា​ត្រូវបាន​កាត់​ចំនួន ២១​ ពិន្ទុ​ក៏ដោយ​នោះ បាន​ដល់ទី​បញ្ចប់​ជាមួយនឹង​បរាជ័យ ១-០ នៅផ្ទះ​របស់ QPR​។​

​ការ​វាយបក​ដ៏​អស្ចារ្យ​របស់​ក្រុម Reading ដែល​តាម​ពីក្រោយ ៤-១ រហូត​បាន​ស្មើ ៤-៤ នៅផ្ទះ​របស់​ក្រុម Swansea បាន​ភ្ជាប់​ជោគវាសនា​របស់ Derby និង​ក្រុម​ Barnsley និង Peterborough នៅ​មាត់ជ្រោះ​នៃ​ការ​​ធ្លាក់​ចុះទៅ​លី​គ​កម្រិត​ទី​៣​។​

Derby បាន​ពន្យារពេល សម្រាប់​ការធ្វើ​ពិធីជប់លៀង​អបអរ ក្នុងការ​បាន​ឡើងទៅ​ក្របខ័ណ្ឌ Premier League របស់​ក្រុម Fulham ដោយ​ការ​​យកឈ្នះ ២-១ កាលពី​ថ្ងៃ​សុក្រ តែ​ត្រូវការ​ការកើត​មាននូវ​អព្ភូតហេតុ ដើម្បី​បាន​ទាញ​ខ្លួន​ចេញ​ឱ្យ​ផុតពី​ស្ថានភាព​អាក្រក់ ដែល​បណ្តាលមកពី​បញ្ហា​ហិរញ្ញវត្ថុ​។​

«​ខ្ញុំ​ចង់​សាង​ក្រុម​ឡើងវិញ​។ តែ​ការ​មាន​ម្ចាស់​ថ្មី ត្រូវតែ​កើតមាន​។ បើ​មិនមាន​ទេនោះ ខ្ញុំ​មិន​ប្រាកដ​ពី​អនាគត​របស់ខ្ញុំ និង​របស់​ក្លិប​នោះឡើយ​។ ការ​មាន​ម្ចាស់​ថ្មី​នេះ ត្រូវតែ​កើតឡើង​ឱ្យបាន​ឆាប់​»​។ នេះ​ជាការ​លើកឡើង​របស់លោក Rooney​។​

Derby អាច​នឹង​ឈរ​នៅ​ពាក់​​កណ្ដាល​តារាង​ស្រួលៗ បើ​កុំ​តែមាន​ការ​កាត់​ពិន្ទុ ដោយសារ​ការជាប់​ពិន័យ​រដ្ឋបាល និង​ការរំលោភ​លើ​ច្បាប់​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ កាលពី​រដូវ​កាល​មុនៗ​ទេនោះ​៕ AFP/VN