​ក្រុង​បែ​ល​ក្រា​ដ​: កីឡាករវាយ​កូន​បាល់ (​តិ​ន្នី​ស​) Novak Djokovic បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រូបគេ​កំពុងមាន​គម្រោងការ ក្នុងការ​ត្រៀមខ្លួន​ឱ្យបាន​រួចជាស្រេច​តាម​ដែល​អាច​ធ្វើបាន សម្រាប់​ការ​​ប្រកួតក្នុង​កម្មវិធី French Open នៅ​បារាំង ខណៈដែល​រូបគេកំពុង​រៀបចំខ្លួនសម្រាប់​កម្មវិធី​ប្រកួតដែល​ទើបតែ​ជា​លើក​ទី​៣ របស់ខ្លួន នៃ​រដូវ​កាល​នេះ ក្នុង​ក្រុង​បែ​ល​​ក្រា​ដ នា​សប្តាហ៍​នេះ​។​

​កីឡា​ករលេខ ១ ពិភពលោក ត្រូវបាន​និរទេស​ខ្លួន​ចេញពី​ប្រទេស​អូស្ត្រាលី នៅមុន​ការប្រកួតនៃ​កម្មវិធី Australian Open កាលពី​ខែមករា ជុំវិញ​ស្ថានភាពនៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ​១៩ របស់គេ មុន​ពេលដែល​រូបគេ ក៏​ខកខាន​ផងដែរ សម្រាប់​កម្មវិធី Indian Wells និង Miami Open នៅ​សហរដ្ឋអាមេរិក​។​

​នៅក្នុង​ការ​អវត្តមាន​របស់​ស៊ុប​ភើ​ស្តារ​សញ្ជាតិ​ស៊ែ​ប៊ី​នេះ កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal បានឈ្នះ​ពាន​លំដាប់ Grand Slam ក្នុង​ប្រភេទ​ឯកត្តជន ជា​កំណត់ត្រា​លើក​ទី២១ នៅ​ក្រុង​មែ​ល​ប៊​ន ដោយ​ធ្វើបាន​លើស​កីឡាករ Djokovic និង Roger Federer ១ ​លើក​។ កីឡាករ Djokovic កំពុង​តែមាន​ក្ដីសង្ឃឹម ក្នុងការ​តាម​ស្មើ​ជាមួយ​កំណត់ត្រា​របស់​គូប្រជែង​ដ៏​ខ្លាំង​រូបនេះ នៅឯ​ព្រឹត្តិការណ៍ French Open ដែល​ចាប់ផ្ដើម​ដំណើរ​​ការ នា​ថ្ងៃទី ​២២ ខែឧសភា​។​

«​ព្រឹត្តិការណ៍ Roland Garros (French Open) គឺជា​ការប្រកួត​លើ​ទីលាន​ដីឥដ្ឋ​ដ៏​ធំ​បំផុត ហើយ​ខ្ញុំ​កំពុង​ត្រៀមខ្លួន​ក្លាយជា​ផ្នែក​មួយនៅ​ទីនោះ តាម​ការគិត​របស់ខ្ញុំ​។ តាមរយៈ​ការត្រៀមខ្លួន និង​គ្រប់យ៉ាង ដែល​ខ្ញុំ​កំពុង​ធ្វើ នាពេលនេះ គឺ​ដើម្បី​រៀបចំខ្លួន​ឱ្យបាន​ព្រមតាម​ដែល​អាច​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Djokovic ដែល​បាន​ប្រាប់​អ្នក​សារ​ព័ត​មាន នៅ​ទីក្រុង​បែ​ល​ក្រា​ដ​។​

​ជាមួយគ្នានេះ កីឡាករ​វ័យ ៣៤ ​ឆ្នាំ ក៏បាន​ប្រាប់​ផងដែរ​ថា រូបគេ​កំពុងមាន​គម្រោង​ចូលរួម​ប្រកួតក្នុង​កម្មវិធី Madrid Masters នៅ​អេ​ស្ប៉ា​ញ និង Italian Open របស់​អ៊ី​តា​លី នៅមុន​ព្រឹត្តិ​កាណ៍ Roland Garros នេះ​។​

​កីឡាករ Djokovic បានបញ្ជាក់​បន្ថែមថា​៖ «​គម្រោង​ផែនការ​របស់ខ្ញុំ នាពេលនេះ រួមបញ្ចូល​ទាំង​កម្មវិធី នៅ​ក្រុង​ម៉ាឌ្រី​ដ និង​ក្រុង​រ៉ូម​ផងដែរ​។ ពិតមែន​ហើយ វា​អាស្រ័យ​លើ​លទ្ធផល​របស់ខ្ញុំ នៅទីនេះ និង​សភាព​រាងកាយ​របស់ខ្ញុំ​។ យើង​នឹងធ្វើ​ការសម្រេច នា​​ពេល​បន្ទាប់​»៕ AFP/VN