ក្រុង​ហាំ​ប៊ើ​ក​: ក្រុម Freiburg បានធ្វើ​ដំណើរ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រក្នុង​កម្មវិធី German Cup ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប ជាមួយនឹង​ជ័យជម្នះ ៣-១ នៅឯ​ទឹកដី​របស់​ក្រុម Hamburg សម្រាប់​ការប្រកួត ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​អង្គារ ដោយ​គ្រាប់​​បាល់​ទាំងអស់​របស់​ពួកគេកើតមានឡើងនៅក្នុង​វគ្គ​ទី​១​។​

Freiburg របស់​ក្របខ័ណ្ឌ Bundesliga បាន​គ្រប​សង្កត់​លើ​ក្រុម Hamburg ដែល​បាន​ចំណាយពេល ៤​ រដូវ​កាល​ចុងក្រោយ នៅ​លី​គ​កម្រិត​ទី​២ ដោយ​គ្រាប់​បាល់​របស់​កីឡាករ Nils Petersen, Nicolas Hoefler និង Vincenzo Grifo ដែល​ស៊ុត​បញ្ចូល​ទីក្នុង​រយៈ​​ពេល ៣៥ ​នាទី​។​

​ក្រុម Hamburg អាច​តបត​បាន ១ ​គ្រាប់​វិញ ជាមួយនឹង​ការ​​នៅសល់ ២ ​នាទី​ទៀត​ប៉ុណ្ណោះ ដោយ​គ្រាប់​បាល់​នោះ បានមកពី​ការ​តែ​តរបស់​កីឡាករ Robert Glatzel​។​

«​វា​គឺ​ពិតជា​ពិបាក​បរិយាយ​ណាស់ ពោលគឺ​ពួកយើង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​។ ក្រុម Freiburg មិន​ធ្លាប់​សម្រេចបាន​បែបនេះ​នោះឡើយ​ពី​ពេលមុន​។ យើង​នៅ​អាច​សម្រេចបាន​ច្រើន​ជាងនេះទៀត ហើយ​ខ្ញុំ​មិន​ខ្វល់​​ខ្វា​យ​ច្រើន​ឡើយ ចំពោះ​ក្រុមដែល​យើង​ត្រូវ​ប្រឈម​ជាមួយក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ព្រោះ​យើង​គ្រាន់តែ​ចង់​ឈ្នះ​ការប្រកួត​ប៉ុណ្ណោះ​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Hoefler​។​

​ដូច្នេះ វា​នឹងមាន​ក្រុម​គ្រង​ពានក្នុង​កម្មវិធី German Cup ថ្មី​សន្លាង​មួយ នៅពេលដែល​ការប្រកួត​ផ្ដាច់ព្រ័ត្រត្រូវបាន​ធ្វើឡើង នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក (Olympic Stadium) ក្នុង​ក្រុង​ប៊ែ​រ​ឡាំង នា​ថ្ងៃទី ​២១ ខែឧសភា ដោយ​មិន​ថា ក្រុម Freiburg ឬក៏​ក្រុម Union Berlin និង​ក្រុម RB Leipzig ដែលជា​គូ​ត្រូវ​តទល់​គ្នា នៅ​ថ្ងៃ​ពុធ ក្នុង​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​នេះ សុទ្ធតែ​មិន​ធ្លាប់បាន​លើក​ពានរង្វាន់​នេះឡើយ​៕ AFP/VN