ក្រុង​ឡុង​ដ៍​: លោក Pep Guardiola (Pep) បាន​បដិសេធក្នុងការ​ឆ្លើយតប ចំពោះ​សេចក្ដីរាយការណ៍ដែលថា ក្រុម​មេឃ​ខៀវ Manchester City ជិត​នឹង​បញ្ចប់​កិច្ច​​ព្រមព្រៀង ក្នុងការ​ទិញយក​ខ្សែ​​ប្រយុទ្ធ Erling Haaland របស់​ក្រុម Borussia Dortmund​។​

​ក្រុម Man City ត្រូវបាន​ឱ្យដឹងថា ត្រៀម​នឹង​ចំណាយ​ប្រាក់​ផ្ដាច់​កុងត្រា ៦៣​ លាន​ផោន ($៨១​ លាន​) ក្នុង​កុងត្រា​របស់​កីឡាករ Haaland នៅ​ក្រុម Dortmund បន្ទាប់ពី​បាន​យល់​​ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ភ្នាក់ងារ​របស់​កីឡាករ​អន្តរជាតិ​ន័​រវេ​ស ក្នុង​សប្តាហ៍​នេះ​។​

​មានការ​លើកឡើងថា កិច្ច​​ព្រមព្រៀង​របស់​កីឡាករ Haaland ជាមួយ Man City នឹងមាន​រួមបញ្ចូល​ទាំង​ប្រាក់​ឈ្នួល​ប្រចាំ​អាទិត្យ​ចំនួន ៥០​ ម៉ឺន​ផោន ($៦៥​ ម៉ឺន​) ក្នុង ១ ​សប្តាហ៍​។ កីឡាករ​វ័យ ២១ ​ឆ្នាំ​រូបនេះ គឺជា​ម្នាក់ក្នុងចំណោម​ធនធាន​ដ៏​មានតម្លៃ​បំផុតក្នុងការ​ប្រកួត ហើយក៏​ត្រូវបាន​ផ្សារភ្ជាប់​ទំនាក់ទំនង​យ៉ាងខ្លាំង​ជាមួយ​ក្រុម​អធិរាជ​ស Real Madrid ផងដែរ​។​

​ដោយ​ត្រូវបាន​សួរ​ពី​លទ្ធភាពនៃ​ការផ្ទេរ​ចំពោះ​កីឡាករ Haaland គ្រូបង្វឹក​របស់​ក្រុម Man City លោក Pep មិនបាន​ចាប់​​អារម្មណ៍​ចំពោះ​ពាក្យ​ច​ចាម​អា​រ៉ា​ម​នេះឡើយ ពេល​គាត់​និយាយ​ទៅ​អ្នកសារព័ត៌មាន​។​

«​គ្មាន​ចម្លើយ ចំពោះ​សំណួរ​របស់​អ្នក​នោះទេ​។ ខ្ញុំ​មានការ​ព្រួយបារម្ភ និង​កិច្ចការ​ផ្សេងទៀត​នៅក្នុង​គំនិត​របស់ខ្ញុំនាពេលនេះ ជាជាង​ការ​គិតថា នឹងមាន​អ្វី​កើតឡើង​ក្នុង​ក្លិប​នេះ នា​រដូវ​កាល​ក្រោយ​»​។ នេះ​ជាការ​​ឆ្លើយតប​របស់លោក Pep​។​

Man City ដែល​កំពុង​ធ្វើ​យុទ្ធនា​ការការពារ​ជើងឯក​ក្រប​ខ័​ណ្ឌ Premier League របស់ខ្លួន បាន​ខ្វះខាត​ខ្សែប្រយុទ្ធ ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត នា​រដូវ​កាល​នេះ ក្រោយពី​ការ​​ចាកចេញ​របស់​កីឡាករ​ស៊ុត​បញ្ចូល​ទី​ជា​កំណត់ត្រា Sergio Aguero កាលពី​ឆ្នាំមុន​។​

​បន្ទាប់ពី​បរាជ័យនៃ​ការ​ប៉ុន​​ប៉ង​ដ៏​ល្បី​រន្ទឺ​មួយ ក្នុង​ការចង់​ចុះហត្ថលេខា​យក​ខ្សែប្រយុទ្ធ Harry Kane ពី​ក្រុម​រួម​លី​គ Tottenham កាលពី​ឆ្នាំមុន​នោះ Haaland នឹង​ស័ក្ដិសម​ជាមួយនឹង​គោលបំណង​ដ៏​ពិសេស​របស់​ក្រុម​មេឃ​ខៀវ ដែល​កំពុង​ចង់បាន​អ្នក​បញ្ចប់​ទី​ដ៏​គ្រោះថ្នាក់​បំផុត​ម្នាក់​។​

​តែ​ដោយ​ក្រុម Man City កំពុងស្ថិត​កណ្ដាល​ការប្រកួត​​ប្រជែង ដើម្បី​គ្រង​ពាន Premier League បន្ត និង​ការ​ឈ្នះ ជើងឯកនៅ​ក្របខ័ណ្ឌ Champions League ជា​លើកដំបូង លោក Pep ត្រូវផ្ដោត​ការយកចិត្តទុកដាក់​ចំពោះ​បច្ចុប្បន្ន ជាជាង​កិច្ចព្រមព្រៀងនាពេល​អនាគត​។​

​គ្រូបង្វឹក​លោក Pep បាន​បន្ថែមថា​៖ «​យើង​មិនដឹងថា នឹងមាន​អ្វី​កើតឡើង​នោះទេ នាពេល​អនាគត​។ អស់​ជាច្រើន​ឆ្នាំ​មកនេះ ខ្ញុំ​មិន​ធ្លាប់​និយាយ​ពី​ការផ្ទេរ ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ឡើយ ជាពិសេស នៅពេលដែល​យើង​មាន​កិច្ចការ​ដ៏​ពិសេស​អស្ចារ្យ ដើម្បី​សម្រេច​ឱ្យបាន សម្រាប់​រដូវ​កាល​នេះ​»៕ AFP/VN