ក្រុង​ឡុង​ដ៍​: ក្រុម​មេឃ​ខៀវ Manchester City ដណ្តើម​ចំណាត់ថ្នាក់​នៅ​ទី​កំពូល ក្នុង​តារាង​ពិន្ទុ នៃ​ក្របខ័ណ្ឌ Premier League ពី​ក្រុម Liverpool បាន​វិញ ជាមួយនឹង​ជ័យជម្នះ ៣-០ លើ​ក្រុម​ភ្ញៀវ Brighton កាលពី​ថ្ងៃ​ពុធ ខណៈដែល​ក្រុម​កាំភ្លើង​ធំ Arsenal បានធ្វើឱ្យ​ការ​ប្រជែង​តំណែង ​១ ក្នុងចំណោម​ក្រុម​នៅ​ទី​កំពូល​ទាំង​ ៤ (Top4) ដោយ​ការយក​ឈ្នះ​ក្រុម​តោ​ខៀវ Chelsea ៤-២ នៅ​កីឡដ្ឋាន Stamford Bridge​។​

​ក្រុម​ហង្ស​ក្រហម Liverpool ស្ទុះ​ឡើងទៅ​ឈរ​ទី​១ នៃ​តារាង​ពិន្ទុ ដោយ​ការធ្វើឱ្យ​ក្រុម​គូប្រជែង​ស្លាប់​រស់​បិសាច​ក្រហម Manchester United បែក​ខ្ញែក​ខ្ចាត់ខ្ចាយ ដោយ​យកឈ្នះ ៤-០ ក្នុង​ទឹកដី Anfield កាលពី​ថ្ងៃ​អង្គារ​។​

​ក្រុម Man City មិនសូវ​ជាមាន​ភាព​​ប្រញាប់ប្រញាល់​ប៉ុន្មាន​ទេ តែ​បាន​ទប់ទល់ ចំពោះ​ក្ដីកង្វល់​របស់ខ្លួន ដើម្បី​វិល​ទៅ​ដើរ​លើផ្លូវ នៃ​ការ​នាំមុខ ១ ​ពិន្ទុ​វិញ សម្រាប់​ការប្រកួតប្រជែង​ដណ្តើម​ជើងឯក​លី​គ​កំពូល ជាមួយនឹង​គ្រាប់​​បាល់ ដែល​ធ្វើបាន​សម្រេច​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ទាំង ៣ ​រូប គឺ Riyad Mahrez, Phil Foden និង Bernardo Silva​។​

«​យើង​កំពុង​ប្រឈម​ជាមួយ​ក្រុម​ ១ ក្នុងចំណោម​ក្រុម​ដ៏​ល្អ​បំផុត​មិន​ធ្លាប់មាន​។ ប្រសិនបើ​យើង​ភ្លាត់​របូត​ពិន្ទុ​នោះ ពួកគេ​នឹង​កា្ល​យ​ជា​ជើងឯក​ភ្លាម តែបើ​យើង​ឈ្នះ​គ្រប់​ហ្គេម​របស់​យើង​នោះ យើង​នឹង​ក្លាយជា​ជើងឯក​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​របស់​ក្រុម Man City លោក Pep Guardiola ដែល​និយាយ​យោង​ដល់​ការ​​ប្រឈម​ជាមួយ​ក្រុម Liverpool​។​

​ដោយឡែក​ក្រុម Arsenal នៅ​មិនទាន់​ខ្ទាត​ចេញពី​ការ​ប្រជែង​តំណែង Top4 ដើម្បី​បាន​សិទ្ធិ​ទៅលេងនៅ​ក្រប​ខ័​ណ្ឌ Champions League នៅឡើយ​ទេ បើទោះជា​នៅមុននេះ បាន​ជួប​នូវ​បរាជ័យ ៣​ ដង​បន្តបន្ទាប់​គ្នា​ក៏ដោយ ដោយពេល​នេះ ពួកគេ​ឡើងទៅ​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​លេខ ​៤ Tottenham បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​មួយ ដែល​មានការ​ទម្លុះ​សំណាញ់​ទី​គ្នា​ទៅវិញទៅមក ៦​ គ្រាប់​។​

«​វា​ជា​យប់​ដ៏​ពិសេស​អស្ចារ្យ ហើយ​កីឡាករ​ទាំងអស់សម​នឹង​ទទួលបាន​វា​។ វា​មាននូវ​ភាព​តានតឹង​ចំនួន ២ ​សប្ដាហ៍ តែ​អ្នក​ត្រូវតែ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ ហើយ​បង្ហាញឱ្យឃើញ​នូវ​ស្មារតី​តស៊ូ​»​។ នេះ​ជា​សម្ដី​របស់​គ្រូបង្វឹក​ក្រុម Arsenal លោក Mikel Arteta​។​

Robert Sanchez​ របស់ Brighton ព្យាយាមផ្ដេកខ្លួនទះ​បាល់ តែមិន​អាចបញ្ឈប់ការស៊ុតបញ្ចូលទីដោយ Silva របស់ Man City។ AFP

​ការ​ស៊ុត​បាល់​បញ្ចូល​ទីបាន​ក្លាយជា​បញ្ហា សម្រាប់​ក្រុម​របស់លោក Arteta តាំងពី​មានការ​ចាកចេញ​របស់​កីឡាករ Pierre-Emerick Aubameyang តែ​កីឡាករ Eddie Nketiah ឆក់យក​ឱកាស​នេះ ជាមួយនឹង​ការចាប់ផ្ដើម​ក្នុង​ជម្រើស​ដំបូង​ដ៏​កម្រ ដើម្បី​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់ខ្លួន​នៅ Premier League ក្នុង​រយៈពេល​ជាង ១​ ឆ្នាំ​។​

​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ជា​កំណត់ត្រា សម្រាប់​ក្រុម​ជម្រើស​​ជាតិ​អង់គ្លេស​អាយុ​ក្រោម ២១ ​ឆ្នាំ បានដាក់​ទោស​ក្រុម​ម្ចាស់ផ្ទះ ដោយ​ការរត់​ទៅយក​បាល់ ដែល​ខ្សែការពារ Andreas Christensen បញ្ជូន​ភ្លាត់ រួច​បណ្ដើរ​ទៅ​ស៊ុត​ផុតដៃ​អ្នកចាំទី Edouard Mendy ចូល​ទី​យ៉ាង​ស្អាត​។​

​ក្រុម Chelsea បាន​តាម​ស្មើ​វិញ​ត្រឹម​​តែ ៤ ​នាទី បន្ទាប់ពីនោះ នៅពេលដែល​ខ្សែប្រយុទ្ធ Timo Werner ស៊ុត​ប៉ះ​ខ្សែ​​បម្រើ​ការពារ Granit Xhaka ហើយ​បាល់​ប្លាត​ចូល​ទី តែ​កីឡាករ Emile Smith ជួយ​ឱ្យ​ក្រុម​កាំភ្លើង​ធំ នាំមុខ​ម្ដងទៀត មុនពេល​ខ្សែការពារ Cesar Azpilicueta កៀស​បាល់​បញ្ចូល​ទី ពី​ការបញ្ជូន​បាល់​កាត់​ចូលក្នុង​តំបន់​គ្រោះថ្នាក់​របស់​កីឡាករ Mason Mount ដើម្បី​ឱ្យមាន​លទ្ធផល​ស្មើគ្នា ២-២ មុន​ចប់​វគ្គ​ទី​១​។​

​មានការ​កាត់បន្ថយ​ចំនួន​មនុស្សនៅ​កីឡដ្ឋាន Stamford Bridge ជា​លើក​​ដំបូង ចាប់តាំងពី​ការ​មាន​ដាក់​កំហិត ចំពោះ​ក្លិបក្នុងការ​រារាំង​ពួកគេ​មិនឱ្យ​លក់​សំបុត្រ ដែល​មិនបាន​ទិញ​ទុក​មុន​ការដាក់ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស លើ​ម្ចាស់​ក្លិប លោក Roman Abramovich​។​

​តែ​ចូលដល់​វគ្គ​ទី​២ ក្រុម Arsenal គឺជា​អ្នក​ដែល​ស៊ុត​បញ្ចូល​ទី​តែ​ម្ខាង ២ ​គ្រាប់​ផ្ទួនៗ ដែល​ធ្វើបាន​នៅ​ដើមតង់ ១ ​គ្រាប់ ដោយ​កីឡាករ Nketiah និង​នៅ​ចុង​តង់​ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Bukayo Saka៕ AFP/VN