ក្រុង​ទូ​រី​ន​: ក្រុម​ម្ចាស់​ជើង​​ឯក​ចាស់ Juventus បាន​កក់​កៅអី ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រនៃ​កម្មវិធី Italian Cup នា​ខែ​​ក្រោយ ដោយ​ត្រូវ​តទល់​នឹង​ក្រុម Inter Milan រួចហើយ ជាមួយនឹង​ជ័យជម្នះ ២-០ លើ​ក្រុម Fiorentina ពី​ការប្រកួតក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី​២ នា​ក្រុង​ទូ​រី​ន (Turin) កាលពី​ថ្ងៃ​ពុធ ដោយមាន​ប្រៀប​ជាង​ក្នុង​លទ្ធផល​សរុប​ទាំង ២​ ជើង ៣-០​។​

​ក្រុម​សេះបង្កង់ Juve បាន​របូត​បល្ល័ង្ក​រប​ស់​ក្របខ័ណ្ឌ Serie A របស់​ពួកគេ កាលពី​រដូវ​កាល​មុន ឱ្យ​ក្រុម​ពស់​ធំ Inter Milan ហើយ​ក៏បាន​ភ្លាត់​បរាជ័យ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ ក្នុង​កម្ម​វ​ធី Italian Super Cup ដោយសារ​ក្រុម​គូប្រជែង នៅ​ភាគ​ខាងជើង​មួយ​នេះដែរ កាលពី​ខែមករា​។​

​ដោយ​កំពុង​ឈរ​នៅ​លេខ​ ៤ ក្នុង​តារាង​ពិន្ទុ Serie A នោះ ក្ដីសង្ឃឹម​របស់​ក្រុម Juve ក្នុងការ​គេច​ឱ្យ​ផុតពី​ការបញ្ចប់​រដូវ​កាល ដោយ​មិន​មានពាន​រង្វាន់​អ្វីមួយ​ក្នុង​ដៃ ជា​លើក​​ដំបូង ចាប់តាំងពី​ឆ្នាំ​ ២០១១ នឹង​ទំនងជា​អាច​នៅ​សម្រេចបានពេល​ត្រូវ​ប្រកួត នៅឯ​ពហុ​កីឡដ្ឋាន​អូឡាំពិក ក្នុង​ទី​​ក្រុង​រ៉ូម​។​

«​ខ្ញុំ​មិនអាច​សុំ​អ្វី​ពី​ពួកក្មេងៗ (​កីឡាករ​) ទាំងនេះ​បន្ថែម​បាន​ទៀត​ទេ ព្រោះ​រយៈពេល ៤ ​ខែ​ចុង​ក្រោយនេះ ពួកគេ​ជា​កីឡាករ​មានគុណ​ភាព​ដ​ដែល​គ្រប់ពេល​ទាំងអស់​។ ពួកគេ​កំពុង​លេង​ដោយ​បេះដូង (​លេង​ដោយ​មិន​ខ្វល់​ការ​ហត់នឿយ​) របស់​ពួកគេ។ យើង​ការពារ​បាន​យ៉ាង​ល្អ នៅ​ល្ងាច​នេះ​»​។ គ្រូបង្វឹក​របស់​ក្រុម Juve លោក Massimiliano Allegri បាន​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន Mediaset​។​

​ក្រុម Juve ដែលមាន​រហស្ស​នាម​ម្យ៉ាង​ទៀតថា «The Old Lady» (​ស្ត្រី​វ័យ​ចំណាស់​) ធ្វើ​​ដំណើរ​ឆ្ពោះ​មកកាន់​ការប្រកួត​ជើង​ទី​២ នេះ ជាមួយនឹង​ការ​​មានប្រៀប​លើ​ក្រុម​គូប្រជែងនៅ​តំបន់ Tuscany ដោយ​​សារ​គ្រាប់​បាល់​តែ ១ ​គ្រាប់ ដែល​កើតឡើង​ពី​ការធ្វើ​ឱ្យចូល​ទី​ខ្លួនឯង​របស់​កីឡាករ Lorenzo Venuti កាលពី​ហ្គេម​ជើង​ទី​១ នា​ក្រុង​ហ្វ្ល័​រ៉ង់​។

​សម្រាប់​ការប្រកួត កាលពី​ថ្ងៃ​ពុធ​នេះ កីឡាករ Federico Bernardeschi ដែលជា​អតីត​ខ្សែបម្រើ​របស់​ក្រុម Fiorentina ផ្ទាល់​តែម្ដង បាន​បំប៉ោង​សំណាញ់​ទី​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ នៅ​នាទី​ទី​៦០ ហើយ​បន្ទាប់មក កីឡាករ Danilo បន្ថែម​គ្រាប់​ទី​២ ត្រឹមតែ​ប៉ុន្មាន​នាទី មុន​សំឡេង​កញ្ចែ​ចុង​ក្រោយ​បន្លឺឡើង ដែល​លទ្ធផល​នេះ នាំឱ្យ​ក្រុម Juve ឡើងទៅ​ប្រជែង ដើម្បី​បានឈ្នះ​ពាន​នេះ ជា​កំណត់ត្រា​លើក​ទី​១៥​។​

​កាលពី​ថ្ងៃ​អង្គារ ខ្សែប្រយុទ្ធ Lautaro Martinez ស៊ុត​បញ្ចូល​ទី ២ ​គ្រាប់​ម្នាក់ឯង ខណៈ​ក្រុម Inter យកឈ្នះ​ក្រុម​គូប្រជែង​រួម​ក្រុម AC Milan ៣-០ ក្រោយ​ជើង​ទី​១ ស្មើគ្នា​ដោយ​គ្មាន​គ្រាប់​បាល់ ហើយ​ម្ចាស់​ជើងឯក ក្នុង​កម្មវិធី​ខាប់​នេះ​ចំនួន ៧ ​សម័យកាល សម្លឹង​ដល់​ការដណ្ដើម​ពាន​​រង្វាន់​នេះ​មក​គ្រប់គ្រង​វិញ គិត​តាំងពី​ឈ្នះ​លើកចុងក្រោយ ក្នុង​ឆ្នាំ​ ២០១១៕ AFP/VN