ភ្នំពេញៈ កីឡាការិនី​ជម្រើស​ជាតិ​ដ៏​ឆ្នើម​របស់​កម្ពុជា ស្រួ​ង ភា​វី ដែលមាន​ភាពល្បីល្បាញ​ខ្លាំង​នៅ​កូរ៉េ លើ​ការលេង​ប៊ីយ៉ា «​កា​រ៉ុ​ម​» នោះ ចង់​ផ្លាស់ប្តូរ​ផ្នត់គំនិត​យុវជន​កម្ពុជា ដោយ​ជំរុញ​ឱ្យ​ពួកគេ​ប្តូរ​ទម្លាប់​ពី​ការ​​លេង​ប៊ីយ៉ា​ស្នូកឃ័រ វាយ​ចូល​រន្ធ មកលេង​ប៊ីយ៉ា​កា​រ៉ុ​មវិញ ដើម្បី​អាច​សាង​កេរ្តិ៍ឈ្មោះបាន​ល្បី ហើយ​អាច​ប្រើ​អាជីព​នេះ ជួយ​ខ្លួនឯង និង​សាង​កិត្តិយស​ជូន​ប្រទេសជាតិ​។​

«​ខ្ញុំ​មិន​នឹកស្មាន​សោះ​ថា មាន​ប្រជាជន​កូរ៉េ មក​នៅ​ស្រុក​ខ្មែរច្រើន​បែបនេះ​ទេ ដល់​អ៊ីចឹង​ខ្ញុំ​សប្បាយចិត្ត ដែលមាន​កន្លែង​ហ្វឹកហាត់​ប៊ីយ៉ា​កា​រ៉ុ​ម​នេះ ហើយវា​ក៏​ជាការ​ល្អសម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង ដែល​គាត់​មានឱកាស​អាច​ហ្វឹកហាត់​លេង​ប៊ីយ៉ា​កា​រ៉ុ​ម​នេះ ព្រោះនេះ​ជា​ប្រភេទ​កីឡា​មួយដែល​ល្អ​ខ្លាំង ទាំង​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គម ជាពិសេស​ជួយ​ខ្លួន​ឯងបាន​ច្រើន ដោយសារ​កីឡា​ប្រភេទ​នេះ មាន​ប្រាក់រង្វាន់​ច្រើន អ៊ីចឹង​បើ​យើង​ពូកែ យើង​អាច​ឈ្នះ​បាន​ប្រាក់រង្វាន់​ទាំងនោះ និង​មាន​អ្នក​ជួយឧបត្ថម្ភ ដែល​នឹង​អាចជួយ​ដល់​ជីវភាព​របស់​យើង​បាន​»​។​

​ម្ចាស់​ពាន LPBA Championship 2021 ស្រួ​ង ភា​វី បានលើកឡើង​បែបនេះ នៅពេលដែល​អ្នកស្រី ត្រូវបាន​អញ្ជើញ​ដោយ​ប្រជាជន​កូរ៉េ រស់​​នៅ​កម្ពុជា ឱ្យចូល​រួមការ​ប្រកួត​លក្ខណៈ​មិត្តភាព​មួយនៅ​ផ្សារ​ទំនើបអ៊ី​អន​សែន​សុខ កាលពី​ថ្ងៃ​អង្គារ គឺ​ក្នុងអំឡុងពេល​កីឡា​​ការិនី​មាន​ដើមកំណើត​នៅ​ខេត្ត​​ត្បូងឃ្មុំ​រូបនេះ បានធ្វើ​ដំណើរ​ពី​ប្រទេស​កូរ៉េខាងត្បូង មកលេង​ស្រុកកំណើត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំខាល កាលពីពេល​ថ្មីៗ​នេះ​។​

​ជាមួយគ្នានេះ ស្រួ​ង ភា​វី ដែលមាន​ស្វាមី​ជា​ជនជាតិ​កូរ៉េ​នោះ បាន​អះអាងថា ការលេង​ប៊ីយ៉ា​​កូរ៉ុម និង​អាចជួយ​ឱ្យ​យើង​មានឈ្មោះ​ល្បីល្បាញ ព្រមទាំង​អាចជួយ​ផ្សព្វផ្សាយ​អំពី​ប្រទេសជាតិ​យើង នៅលើ​ឆាក​អន្តរជាតិ​។ «​នៅពេល​យើង​ល្បី ហើយ​ប្រកួត​ឈ្នះ យើង​អាច​ផ្សព្វផ្សាយ និង​ធ្វើ​ឱ្យគេ​ស្គាល់​ប្រទេស​កម្ពុជា កាន់តែច្រើន ដូចជា​ខ្ញុំ​អ៊ីចឹង ខ្ញុំ​បាន​ទៅ​ស្ទើរ​គ្រប់​ប្រទេសនៅ​អឺរ៉ុប ព្រោះ​ពីមុន​ពួកគាត់មិនសូវ​ជា​ស្គាល់​កម្ពុជា​យើង​ទេ ដោយ​គាត់​សួរ​ខ្ញុំ​ថា អ្នកឯង​មកពីណា ប៉ុន្តែ​ពេល​ខ្ញុំ​ល្បី គឺ​ពួកគាត់បាន​ស្គាល់ ហេតុនេះ​ពេល​មានការ​ប្រកួត ពួកគាត់តែង​ទាក់ទង​មក​សហព័ន្ធ​របស់ខ្ញុំ ដើម្បីឱ្យ​ខ្ញុំ​ទៅ​ប្រកួតនៅ​ប្រទេស​របស់គាត់​»​។

​សម្រាប់​រយៈពេល​ជាង​​ ១០ ​ឆ្នាំ​មកហើយ ដែល ស្រួ​ង ភា​វី បាន​ទៅ​រស់នៅ​សាធារណរដ្ឋ​កូរ៉េជាមួយ​ស្វាមី ដែលជា​ជនជាតិ​​កូរ៉េ​។ បន្ទាប់មក​អ្នកស្រី បានចាប់ផ្ដើម​អាជីព​កីឡា​ស្នូកឃ័រ ប្រភេទ​ប៊ីយ៉ា​កា​រ៉ុ​ម​នេះ ហើយ​បាន​កសាង​កេរ្ដិ៍ឈ្មោះ​ល្បី​រន្ទឺ នៅ​កូរ៉េ និង​លើ​ពិភពលោក ក្នុងនាម​ជា​កីឡាការិនី​ប៊ីយ៉ា​កា​រ៉ុ​ម​របស់​កម្ពុជា​តែ​ម្នាក់​គត់ ដែល​ដណ្តើមបាន​មេដាយមាស ប្រាក់ សំរឹទ្ធ និង​ពាន​ពី​ព្រឹត្តិ​​ការណ៍​ធំៗ ជា​បន្តបន្ទាប់​។​

កីឡាការិនី ស្រួង សុភាវី របស់​ក្រុមជម្រើសជាតិកម្ពុជា បញ្ចេញស្នាមញញឹម អំឡុងពេលលេងប៊ីយ៉ាកូរ៉ុម​លក្ខណៈមិត្តភាព។ហេង ជីវ័ន

​ជាក់ស្ដែង កាលពី​ចុងឆ្នាំ​​ ២០២១ កន្លងមកនេះ ភា​វី បានឈ្នះ​ពានរង្វាន់​ដ៏​ធំ Blue One Resort LPBA Championship ក្រោយ​ផ្ដួល​កីឡាការិនី​ជើង​ខ្លាំង​កូរ៉េ Kim Gayoung នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ភាព​ល្បីល្បាញ​របស់ ស្រួ​ង ភា​វី បានធ្វើឱ្យ​ពិភពលោក ជាពិសេស​ប្រជាជន​កូរ៉េ មានការ​គាំទ្រ និង​ឱ្យ​តម្លៃ​ដល់​ស្នាដៃ​របស់​អ្នកស្រី ព្រមទាំង​ចូលរួម​គ្នា​ជួយ​ដល់​អ្នកស្រី​។​

«​សម្រាប់​ការធ្វើដំណើរ មកលេង​កម្ពុជា​លើក​នេះ ខ្ញុំ​មក​ដើម្បី​ការងារ​មនុស្សធម៌ ហើយ​ដូច​បង​ដឹង​ហើយ​ថា ខ្ញុំ​ជា​បុគ្គលម្នាក់ដែល​ល្បី​ខ្លាំង អ៊ីចឹងប្រជា​ជន​កូរ៉េមិន​ថា លោក​ទៅដល់​ទីណា​ទេ គឺ​គាត់​តែង​ស្គាល់ និង​រំឭក​ដល់​ខ្ញុំ​ជានិច្ច ដោយ​ប្រជាជន​កូរ៉េ តែង​ជួយ និង​គាំ​​ទ្រ​ដល់​ខ្ញុំ​។ ខ្ញុំ​ពិតជា​មាន​ក្តីរំភើប និង​មាន​មោទនភាព​ខ្លាំង ចំពោះ​ខ្លួនឯង ហើយក៏​អរគុណ​ដល់​ប្រជាជន​កូរ៉េ ដែល​លោក​តែងតែ​ជួយ​លើកស្ទួយ និង​ផ្តល់​តម្លៃ​នូវ​អ្វី ដែលជា​សមិទ្ធ​ផលរប​ស់​នាង​ខ្ញុំ ទោះបី​ខ្ញុំ​ជា​ប្រជាជន​​កម្ពុជា​ក៏ដោយ​»​។

​ស្រួ​ង ភា​វី បាន​បន្ថែមថា​៖ «​នៅពេល​ប្រជាជន​កូរ៉េ បាន​អញ្ជើញ​ឱ្យ​ខ្ញុំ​មក​ចូលរួមក្នុង​កម្ម​​វិធី​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា រំភើប ហើយ​គិតថា ថ្ងៃ​ខាងមុខពួក​​គាត់​នឹង​ជួយ​ដល់​កីឡាករ​ដូចជា​រូបខ្ញុំ ហើយ​ឥឡូវ យើងមាន​កីឡាករ​កម្ពុជា​ម្នាក់​ដែរ ដែល​ប្អូន​កំពុងតែ​ខំប្រឹង​ហ្វឹក​ហាត់ ហើយ​សង្ឃឹមថា ថ្ងៃមុខកីឡា​ប៊ីយ៉ា​កា​រ៉ុ​មនៅ​ប្រទេស​​កម្ពុជា នឹង​រីកចម្រើន​ខ្លាំង​»​។​

​ជាមួយ​ចក្ខុ​វិស័យនេះ ស្រួ​ង ភា​វី ពិតជា​ចង់​ពង្រីក​ការយល់​ដឹង​របស់​ប្រជាជន​កម្ពុជា ជាពិសេស​យុវជន ដើម្បីឱ្យ​ងាក​ពី​ការលេង​ប៊ីយ៉ា​ស្នូកឃ័រ​វាយ​ចូល​រន្ធ ជា​លក្ខណៈ​កម្សាន្ត មក​ចាប់យក​ការលេង​ប៊ីយ៉ា​កា​រ៉ុ​ម​នេះ​វិញ ព្រោះ​អ្នកស្រី​បាន​អះ​​អាង​ថា វិស័យ​កីឡា​ប្រភេទ​នេះ មិនត្រូវ​តែ​ជួយ​ឱ្យ​យើង​មានកេរ្តិ៍ឈ្មោះ និង​អាច​រក​ចំណូល​ជួយ​ដល់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ជួយ​អភិវឌ្ឍ​យើង ឱ្យ​ក្លាយជា​មនុស្ស ដែលមាន​ភាពរឹងមាំ​។​

«​ពីមុន ខ្ញុំ​ក៏​ធ្លាប់​ឭ​គេ​និយាយ​ដែរ​ថា ល្បែង​ប៊ីយ៉ា​កា​រ៉ុ​ម មិនល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​ត្រូវ​ខំប្រឹង​កម្ចាត់​ការគិត​មិនល្អ​នេះ​ចោល ហើយ​ព្រោះ​ពេលនេះ ប៊ីយ៉ា​កា​រ៉ុ​ម ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភេទ​កីឡា​មួយ​ដ៏​ល្អ ព្រោះ​វា​អាច​លេង​បាន​តាំងពីក្មេងដល់​ចាស់ ពិសេស​កីឡា​នេះ ធ្វើឱ្យ​យើង​មាន​ស្មារតី​នឹងនរ ជាមួយ​ការ​​ផ្តិត​ផ្ចង់​នឹង​កីឡា​នេះ​។ ជាក់ស្តែងពីមុន កាល​ខ្ញុំ​មិនទាន់​ហាត់​កីឡា​នេះ ខ្ញុំ​ជាម​នុស្ស​ផ្សេង ប៉ុន្តែ​ពេល​ខ្ញុំ​បាន​ហាត់​កីឡា​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯង​ជា​មនុស្ស​ម្នាក់ ដែល​ចេះ​អត់ធ្មត់ ចេះ​គិត ព្រមទាំង​យកឈ្នះ​លើ​ចិត្ត​ខ្លួន​ឯង និង​ឈ្នះ​លើ​ដៃគូ​បាន​។ និយាយ​ទៅ​វា​ជួយ​ឱ្យមាន​ការ​​អភិវឌ្ឍ​ឱ្យ​យើង​ក្លាយជា​មនុស្ស ដែលមាន​ភាពរឹងមាំ​ម្នាក់​»​។​

​ទន្ទឹមនឹងនេះ ស្រួ​ង ភា​វី ក៏បាន​បង្ហាញ​ពី​មហិច្ឆតា ធ្វើឱ្យ​កីឡា​នេះ មាន​ភាពល្បីល្បាញ​នៅ​កម្ពុជា​ផងដែរ ដើម្បី​កំុ​ឱ្យ​ចាញ់​ប្រទេស​វៀតណាម​។ អ្នកស្រីបាន​បញ្ជាក់ថា​៖ «​វិស័យ​កីឡា​ប៊ីយ៉ា​កា​រ៉ុ​ម​នេះ នៅក្នុង​ប្រទេស​​កូរ៉េ មានការ​រីកចម្រើន​ខ្លាំង ហើយ​ប្រទេស​វៀតណាម ជា​អ្នកជិតខាង​យើង ក៏​រីកចម្រើន​ដូច​ប្រទេស​កូរ៉េ​ដែរ អ៊ីចឹង​ពេល​ឃើញ​រូបភាព​បែបនេះ ខ្ញុំ​មានការ​ច្រណែន​ខ្លាំង ដោយ​គិតថា ប្រជាជន​របស់​យើង​ក៏​ពូកែ​លេង​ប៊ីយ៉ា ស្នូកឃ័រ​ដែរ គ្រាន់តែ​ជំនាញ​ប៊ីយ៉ា​កា​រ៉ុ​ម​នេះ មិនទាន់មាន​ការយល់​ដឹងបាន​ទូលំ​ទូលាយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ពីថ្ងៃ​នេះ ឬ​តទៅ ប្រជាជន​ខ្មែរ​យើង នឹង​ចាប់អារម្មណ៍​ប៊ីយ៉ា​កា​រ៉ុ​ម​នេះ ហើយ​ងាក​មក​ព្យាយាម​ហ្វឹកហាត់​ទាំងអស់គ្នា ដើម្បី​សាង​ភាពល្បីល្បាញ​»៕