​ក្រុង​ឡុង​ដ៍​: អ្នក​ប្រដាល់ Tyson Fury នៅតែ​អាច​គ្រង​ខ្សែក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​របស់​ស្ថាប័ន​ក្រុមប្រឹក្សា​ប្រដាល់​​ពិភពលោក (WBC) ដដែល កាលពី​យប់​ថ្ងៃ​សៅរ៍ (​ព្រឹក​ថ្ងៃ​-​អាទិត្យនៅ​កម្ពុជា​) ដោយ​ការ​​វាយ​ឱ្យ​គូបដិបក្ខ​របស់ខ្លួន Dillian Whyte សន្លប់ក្នុង​ទឹក​ទី៦ នៃ​ជំនួប​រវាង​ជនជាតិ​អង់គ្លេស​តែ​ ១ នៅឯ​កីឡដ្ឋាន Wembley ដែល​ពេញ​ដោយ​ភាព​រីក​​រាយ មុន​ពេលដែល​រូបគេ​បានលើកឡើង​ម្តង​ទៀតថា ឥឡូវនេះ រូបគេ​នឹង​ចូលនិវត្តន៍​។​

​ជ័យជម្នះ​របស់​កីឡាករ ដែល​ឱ្យ​រហស្ស​នាមខ្លួន​ថា «Gypsy King» (​ស្ដេច Gypsy) និង​ដែល​ត្រូវធ្វើ​នៅលើ​ទឹកដី​របស់​ចក្រភព​អង់គ្លេស​លើកដំបូង រយៈពេល ៤​ ឆ្នាំ​នោះ ត្រូវបានធ្វើ​សាក្សី​ដោយ​អ្នក​ចូល​ទស្សនា ៩៤ ០០០ ​នាក់ ក្នុង​ក្រុង​ឡុង​ដ៍ ដែលជា​ចំនួន​ជាប់​កំណត់ត្រា​របស់​ចក្រភព​អង់គ្លេស ក្រោយ​បញ្ចប់សង្គ្រាម​។​

​អ្នក​ប្រដាល់​មិន​ចាញ់​សោះ Fury វ័យ ៣៣ ​ឆ្នាំ បាន​និយាយថា នេះ​នឹង​ក្លាយជា​ឡើង​សង្វៀន​ចុងក្រោយ​របស់គេ ហើយ​បានប្រកាស​ភ្លាមៗ បន្ទាប់ពី​ការ​​ប្រកួត​នោះ​ថា​៖ «​នេះ​ប្រហែលជា ឆាក​ចុងក្រោយសម្រាប់​ស្តេច Gypsy ហើយ​»​។​

​បន្ទាប់ពី​បើកឆាក ដោយ​ប្រយ័ត្នប្រយែង ម្ចាស់​ខ្សែក្រវាត់ Fury ចាប់ផ្ដើម​ឆក់​ឱកាស ដោយ​ព្យាយាម​គ្រប់គ្រង​ការ​​ប្រកួត​នេះ និង​វាយ​ចេញ​សំដៅ​កន្លែង​សំខាន់ៗ ដូចជា​ក្បាល និង​ដងខ្លួន​របស់​គូប្រកួត​។​

Whyte អាច​តវ៉ា​តិចតួច ពេល​ត្រូវបាន​ហៅ​ឱ្យ​ផ្អាក ដោយ​នៅសល់ ១ ​វិនាទី​ទៀត មុន​ការ​​ប្រកួត​ឈានដល់​ពាក់​កណ្តាលផ្លូវ ខណៈ​រូបគេ​ច្បាស់​ណាស់ ឈរ​មិន​នឹង​នោះឡើយ បន្ទាប់ពី​ត្រូវបាន​វាយ​ចំ​យ៉ាង​ធ្ងន់​ជា​លើក​​ដំបូង នៃ​ការប្រកួត​នេះ ពេល Fury មានឱកាស​ម៉ាត់​សើយ​ស្ដាំ​យ៉ាងដំណំ​។​

​អ្នក​ប្រដាល់​កម្ពស់ ៦ ​ហ្វ៊ី​ត និង ៩ ​អ៊ិ​ញ (២,០៦​ ម៉ែត្រ​) Fury អាច​ប្រើប្រាស់​កម្ពស់​ដ៏​ខ្ពស់​មហិមា​របស់ខ្លួន ជា​ប្រយោជន៍ ក្នុងការ​ទប់​ឱ្យ Whyte រក​ច្រក​​ចេញ​មិនឃើញ ខណៈ​អ្នក​ឡើងមក​ដណ្ដើម​ខ្សែក្រវាត់​រូបនេះ ត្រូវបាន​ធ្វើឱ្យ​មើលទៅ​ដូចជា​វង្វេង​​វង្វាន់ និង​ស្មុគស្មាញ​។​

Whyte ដែល​បែក​ភ្នែក​ខាងស្តាំ បន្ទាប់ពី​មានការ​ប៉ះទង្គិច​ក្បាល​គ្នា ដោយ​ចៃដន្យ ត្រូវបាន​រៀបចំ​ជា​លើកដំបូង ជា​គូប្រកួត​លេខ ​១ របស់​ស្ថាប័ន WBC ក្នុង​រយៈពេល​ជិត ៤ ​ឆ្នាំ​កន្លងទៅនេះ តែ​រូបគេ​មិនអាច​ឆក់យក​ឱកាស​ដ៏​ល្អ​នេះ ដើម្បី​បង្ហាញ​នូវ​ភាពខ្លាំង​របស់ខ្លួន​បានឡើយ​។​

«​ខ្ញុំ​រំភើប​យ៉ាងខ្លាំង​ជាមួយនឹង​ការគាំទ្រ​។ ខ្ញុំ​មិនអាច​ជឿ​បានទេ​ថា សុភាពបុរស និង​សុភាពនារី ដែលជា​មិត្ត​រួម​ជាតិ​របស់ខ្ញុំ ចំនួន ៩៤ ០០០ ​នាក់ បានមក​កាន់​ទីនេះ ដើម្បី​មើល​ខ្ញុំ​ធ្វើការ​ប្រកួត​។ ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ដោយស្មោះ​អស់ពី​ចិត្ត​ថា អរគុណ​ខ្លាំងណាស់​ដល់​អ្នក​គ្រប់គ្នា ដែល​បាន​ទិញ​សំបុត្រ​មក​ទីនេះ នៅ​យប់​នេះ ឬក៏​នៅ​រហូតដល់​យប់​​ជ្រៅ ដើម្បី​មើល​តាម​កញ្ចក់​ទូរទស្សន៍​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Fury​។​

​បើ Fury ធ្វើតាម​គម្រោង ដែល​សម្រេច​ថា នឹង​ព្យួរ​ស្រោមដៃ​ប្រដាល់​របស់ខ្លួន​នោះ រូបគេ​នឹង​បាត់បង់​ឱកាស ក្នុង​ការឡើង​ប្រឈម​ជាមួយ​អ្នក​ប្រដាល់​សញ្ជាតិ​អ៊ុយ​ក្រែ​ន Oleksandr Usyk ដែល​បច្ចុប្បន្ន ជា​ម្ចាស់​ខ្សែក្រវាត់​របស់​ស្ថាប័ន WBA IBF និង WBO ឬក៏​ប៉ះ​ជាមួយ​មិត្ត​រួម​ជាតិ Anthony Joshua សម្រាប់​ការប្រកួត ដើម្បី​ប្រមូល​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ទាំងអស់​។​

​គ្មាន​អ្នក​ប្រដាល់​រូប​ណា បាន​គ្រង​ខ្សែក្រវាត់​ធំៗ​ទាំងអស់​របស់​ពិភពលោក ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​នេះឡើយ គិត​ចាប់​​តាំងពី​អតីត​កីឡាករ​ឈាមជ័រ​អង់គ្លេស Lennox Lewis ដែល​បាន​ក្លាយជា​ជើងឯក​របស់​ស្ថាប័ន​ធំៗ​ទាំង​ ៤ ក្នុង​ឆ្នាំ ​១៩៩៩ ហើយ Fury ដែល​មិនទាន់​បរាជ័យ​សោះ ក្នុងចំណោម​ការឡើង​សង្វៀន​ទាំង ៣៣ ​ដង ទំនងជា​បណ្ដោយឱ្យ​ឱកាស​នេះ​រំលង​ហើយ​៕ AFP/VN