ក្រុង​ប៊ែ​រ​ឡាំង​: ទោះបីជា​កីឡាករ​របស់​ពួកគេ បាន​បាញ់​ស្រា​បៀរ​ដាក់គ្នា​ទៅវិញទៅមក​ទទឹក​ពេញ​ខ្លួន ដើម្បី​ជាការ​អបអរ ចំពោះ​ការ​ឈ្នះ​ជើងឯកនៃ​ក្របខ័ណ្ឌ Bundesliga ជា​លើក​ទី១០ ​រដូវ​កាល​ជាប់ៗ​គ្នា កាលពី​ថ្ងៃ​សៅរ៍​ក៏ដោយ ក៏​ក្រុម Bayern Munich នៅតែ​មិនទាន់​រលុប​បាត់​ទាំងស្រុង នូវ​ការ​​ឈឺចាប់ ដែល​ចេះតែ​វិលវល់ក្នុង​គំនិត ក្រោយ​ធ្លាក់​យ៉ាង​គួរឱ្យភ្ញាក់ផ្អើលពី​ក្របខ័ណ្ឌ Champions League ក្រោម​ស្នាដៃ​របស់​ក្រុម Villarreal ឡើយ​។​

​ជ័យជម្នះ ៣-១ លើ​ក្រុម​លេខ​ ២ Borussia Dortmund ក្នុងការ​ប្រកួតនៅ​កីឡដ្ឋាន Allianz Arena បានធ្វើឱ្យ​ក្រុម Bayern នាំមុខ​ដាច់ ១២​ ពិន្ទុ ជាមួយនឹង​ការប្រកួត​នៅសល់ ៣ ​ដង​ទៀត ដោយ​លទ្ធផល​នេះ បង្កើតឱ្យមាន​ការ​ងូត​ស្រា​បៀរនៅលើ​ទីលាន ដូច​តាម​ទម្លាប់ដែល​ធ្លាប់ធ្វើ​កន្លងមក​។​

Bayern គឺជា​ក្លិប​ដំបូង​គេ ដែល​ឈ្នះ​ជើងឯក ១០​ ដង​ជាប់ៗ​គ្នា ក្នុង​លី​គ ​១ ក្នុងចំណោម​លី​គ​ធំៗ​របស់​អឺរ៉ុប តែ​អារម្មណ៍​ក្នុង​រង្វង់​នៃ​គាំទ្រ​របស់​ក្រុម Bayern គឺថា ការ​ឈ្នះ​ពាន​លី​គ​កំពូល ១ ​លើក​ទៀត​នេះ គឺជា​ការ​លួងលោម​ចិត្ត​បន្តិចបន្តួច សម្រាប់​ការ​ខ្ទាត​ចេញពី​កម្មវិធី ២ ​ផ្សេងទៀត គឺ German Cup និង Champions League​។ ការ​ឈ្នះ​ពានរង្វាន់ Bundesliga បានក្លាយ​ជាការ​រំពឹង​ដ៏​តូច​បំផុត​របស់​ក្រុម Bayern នៃ​រដូវ​កាល​នីមួយៗ​។​

«​ពេល​យើង​បាន​ក្លាយជា​ជើងឯក​របស់​អាល្លឺម៉ង់​នោះ អ្នកនឹង​មានការ​​រីករាយរយៈពេល ១​ សប្ដាហ៍​។ ខ្ញុំ​មានការ​ខកចិត្ត ដែល​ការ​ឈ្នះ​ជើងឯក​នេះ បាន​ធ្លាក់​តម្លៃ​យ៉ាងខ្លាំង​។ គ្មាន​អ្នកណាម្នាក់ រីករាយ​សោះ​»​។ នេះ​ជាការ​លើកឡើង​របស់​អតីត​ប្រធាន​ក្លិប លោក Uli Hoeness ដែល​ប្រាប់​កាសែត SZ នៅ​ក្រុង​មុយ​និ​ច ដោយ​រឭក​ឡើងវិញ​នូវ​ការ​ឈ្នះ​ពាន Bundesliga ចំនួន ៣​លើក ជាមួយ​ក្រុម Bayern កាលពី​ទសវត្សរ៍​ឆ្នាំ ​១៩៧០​។​

​ការធ្លាក់ដោយសារ​ក្រុម Villarreal ក្នុង​វគ្គ ៨ ​ក្រុម​ចុងក្រោយនៅ Champions League កាលពី ២ ​សប្តាហ៍​មុន នៅតែ​តាម​លងបន្លាច​ក្រុម Bayern ដោយ​គ្រាប់​បាល់​របស់​កីឡាករ​​បម្រុង Samuel Chukwueze នៅ​ចុង​ម៉ោង បាន​នាំឱ្យមាន​លទ្ធផល​ស្មើគ្នា ១-១ ពី​ការប្រកួតក្នុង​កីឡដ្ឋាន Allianz Arena ដែល​ធ្វើឱ្យ​សរុប​គ្រាប់​បាល់​ទាំង ២ ​ជើង ក្រុម​យក្ស​អាល្លឺម៉ង់ ចាញ់ ២-១​។​

​គ្រូបង្វឹក​លោក Julian Nagelsmann គឺជា​អ្នក​ដំបូង​គេ ដែល​បានធ្វើ​​ការ​អះអាងថា ក្រុម​មិនទាន់​បង្ហាញ​ឱ្យបាន​គ្រប់គ្រាន់ ចំពោះ​ការរំពឹងទុក ក្នុង​រដូវ​កាល​ដំបូង​របស់គាត់​នេះ​។ លោក​បាន​លើកឡើងថា មិនទាន់​ល្អ​គ្រប់​​គ្រាន់​នោះទេ ដែល​នេះ​ជាការ​វាយតម្លៃ​រដូវ​កាល​ទាំងមូល​ភ្លាមៗ បន្ទាប់ពី​ហ្គេម​ជើង​ទី​២ ទល់នឹង​ក្រុម Villarreal​។​

​ក្រុម Bayern បាន​ចាញ់ Borussia Moenchengladbach យ៉ាង​អាម៉ាស់ ៥-០ ពី​ការប្រកួត ក្នុង​កម្មវិធី German Cup នៅ​ជុំ​ទី​២ កាលពី​ខែតុលា ហើយ​នៅ​សប្តាហ៍​នេះ លោក Nagelsmann បាន​និយាយថា ហេតុការណ៍​នៃ ២ ​សប្តាហ៍​ចុងក្រោយ​នេះ កំពុង​ធ្វើឱ្យ​អារម្មណ៍​របស់​ក្រុម​អាប់អួ និង​កាត់​​បន្ថយ​ភាព​រីករាយ នៃ​ការ​ឈ្នះ​ពាន​​រង្វាន់​ធំ​ដំបូង​របស់គាត់​៕ AFP/VN