ក្រុង​សេ​វី​ល​: ក្រុម Real Betis បាន​កា្ល​យ​ជា​ម្ចាស់​ពានរង្វាន់នៃ​កម្មវិធី Copa del Rey របស់​អេ​ស្ប៉ា​ញ កាល​​ពីថ្ងៃ​សៅរ៍ ដោយ​ការយក​ឈ្នះ​លើ​ក្រុម Valencia ក្នុង​លទ្ធផល ៥-៤ ពី​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់ក្ដី បន្ទាប់ពី​ការប្រកួត​ដ៏​គួរឱ្យ​រំជើបរំជួល ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ក្រុង​សេ​វី​ល ​(Seville) ទាំង​ក្នុង​ម៉ោង​ធម្មតា និង​ម៉ោង​បន្ថែម​ពិសេស ១៥ ​នាទី ២ ​ដង បញ្ចប់​ទៅដោយ​លទ្ធផល ១-១​។​

​កីឡាករ Yunus Musah របស់​ក្រុម Valencia បាន​ស៊ុត​បាល់​ហោះ​រំលង​របារ​ទី ក្នុង​វគ្គ​កាត់ក្ដី​នេះ ដែល​ធ្វើឱ្យ​កីឡាករ Juan Miranda មានឱកាស​ស៊ុត​បាល់​ជ័យជម្នះ ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី នៅ​កីឡដ្ឋាន La Cartuja ខណៈ​ក្រុម Betis បានឈ្នះ​ពាន​ធំ​ទី​៤ ក្នុង​ប្រវត្តិ​​សាស្ត្រ​រយៈពេល ១១៥​ ឆ្នាំ​របស់​ក្លិប​។​

​ខ្សែប្រយុទ្ធ Borja Iglesias បានតែ​ត​បញ្ចូល​ទី​ឱ្យ​ក្រុម Betis នាំមុខ តែ​ខ្សែប្រយុទ្ធ Hugo Duro បាន​ទម្លុះ​សំណាញ់​ទី​ឱ្យ​ក្រុម Valencia តាម​ស្មើ​វិញ មុន​ចប់​វគ្គ​ទី​១ ហើយ​ក្រុម​ទាំង ​២ មិនអាច​រកឱ្យឃើញ​គ្រាប់​ជ័យជម្នះ​បានឡើយ មិន​ថា​នៅ​វគ្គ​ទី​២ ឬក៏​ម៉ោង​បន្ថែម​ពិសេស​។​

​តែ​ការ​ទាត់​ប្លាត​ពី​កីឡាករ Musah និង​ការបញ្ចប់​ទី​ដោយ​ចិត្ត​ត្រជាក់ៗ​របស់​កីឡាករ Miranda បានធ្វើឱ្យ​ពានរង្វាន់​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុម Betis ដែលជា​ការ​ឈ្នះ​លើក​ទី​៣ នៅក្នុង​ទឹក​​ដី​របស់ខ្លួន បន្ទាប់ពី​បាន​លើក​ពាន ២​ ដង ក្នុង​ឆ្នាំ​ ១៩៧៧ និង​ឆ្នាំ ​២០០៥​។​

​កីឡាករ Joaquin ដែលជា​ប្រធាន​ក្រុម Betis បាន​លើក​ពានរង្វាន់​នេះ បន្ទាប់ពី​ត្រូវបាន​ប្រគល់ឱ្យ​ដោយ​ព្រះ​​មហាក្សត្រ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ គឺ​ព្រះអង្គម្ចាស់ Felipe VI ហើយ​ខ្សែ​​បម្រើ​ស្លាប​វ័យ ៤០ ​ឆ្នាំ​រូបនេះ បាន​និយាយ​ដោយ​រំជួលចិត្ត​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រំជួលចិត្ត​រហូតដល់​ស្រក់​ទឹក​​ភ្នែក​។ វា​គឺជា​អ្វី ដែល​យើងទាំងអស់គ្នា​ចង់បាន ពោលគឺ​ចង់​ឈ្នះ​ពាន​នេះ​ម្ដងទៀត ពានរង្វាន់ Copa del Rey ដែលមាន​ភាពស្រស់ស្អាត ដូចដែល​យើងទាំងអស់គ្នាបានដឹង​រួចហើយ​»​។​

Joaquin ដែល​ចូល​លេង​លើកដំបូង ឱ្យ​ក្រុម Betis ក្នុង​វ័យ ១៩ ​ឆ្នាំ និង​បាន​លេង​ក្នុង​វគ្គ​នេះ កាលពី ១៧​ ឆ្នាំមុន​នោះ ដើរចូល​ក្នុង​ទីលាន នៅ​នាទី​ទី​៨៦ និង​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​។ វា​នៅតែ​ត្រូវ​មើលថា តើ​រូបគេ​សម្រេច​ថា នេះ​គឺជា​ការបញ្ចប់​ដ៏​សមរម្យ​ហើយ ពេលនេះចំពោះ​អ្វី ដែលជា​អាជីព​ដ៏​ពិសេស​អស្ចារ្យ​នេះ​។​

«​ខ្ញុំ​នឹង​រីករាយ​ជាមួយ​ពេលវេលា​នេះ​។ យើង​គឺជា​ជើងឯក Copa del Rey ហើយ​យើង​សូម​ប្រគល់​ពាន​នេះ​ឱ្យដល់​មនុស្ស ដែល​តែង​នៅ​ជាមួយ​ពួកយើង​រហូតមក ដូចជា​បុគ្គលិក គ្រូ​​បង្វឹក អ្នក​ម៉ាស្សា ចុងភៅ អ្នករត់​តុ​ដោយ​ការងារ​របស់​អ្នក​ទាំងអស់នោះ មិន​ត្រូវបាន​មើលឃើញ​ឡើយ តែ​សម​នឹង​ទទួលបាន​ការសរសើរ​យ៉ាងច្រើន ដូច​ពួកយើង​អ៊ីចឹង​»​។ នេះ​ជាការ​បន្ថែម​របស់​កីឡាករ Joaquin​។​

​វា​ទើបតែ​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ទី​២ ប៉ុណ្ណោះ រយៈពេល ១៤​ ឆ្នាំ ដែល​គ្មាន​ក្រុម​ណាមួយ ដូចជា Real Madrid, Barcelona ឬក៏ Atletico Madrid ហើយ​ខណៈ Betis និង Valencia គឺ​ស្ទើរតែ​ក្រុម​តូច នៅ​អេ​ស្ប៉ា​ញ​នោះ គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ​ថា ឱកាស​របស់​ក្លិប​ទាំង ២ មាន​កម្រិតណា​៕ AFP/VN